លោក Marco Cavaleri មន្ត្រីយុទ្ធសាស្ត្រចាក់ថ្នាំបង្កា នៃអាជ្ញាធរឱ សថអឺរ៉ុប បានអះអាងថា វ៉ាក់សាំងរបស់ មន្ទីរពិសោធន៍ Pfizer/BioNTech មានប្រសិទ្ធភាពល្អ និងមិនបង្កផលប៉ះពាល់អ្វីទៅលើក្មេងទេ។ ក្នុងន័យនេះ អាជ្ញាធរឱសថអឺរ៉ុប អនុញ្ញាត ឲ្យប្រើវ៉ាក់សាំងនេះ ទៅលើក្មេងអាយុ ចន្លោះ ពី១២ ទៅ ១៥ឆ្នាំបាន។
ក្រោយដំណឹងនេះ រដ្ឋាភិបាលអាល្លឺម៉ង់ និងអូទ្រីស បានប្រកាសជំហរថា គេនឹងចាប់ផ្តើម អនុវត្តការចាក់វ៉ាក់សាំង ទៅលើក្មេងអាយុ ពី១២ ទៅ១៥ឆ្នាំ ក្នុងពេលឆាប់ៗនេះ។ នៅលើទំព័រ Twitter លោកស្រី Stella Kyriakides ស្នងការអឺរ៉ុប ទទួលបន្ទុកសុខភាព បានអបអរចំពោះដំណឹងនេះ ដោយបានសង្កត់ធ្ងន់ថា ទោះយ៉ាងណា ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ទៅលើក្មេង គឺវាអាស្រ័យទៅលើការសម្រេចចិត្តរបស់ឪពុកម្តាយក្មេង។
គួរកត់សំគាល់ថា ទោះបីជាក្មេងប្រឈមតិចតួច នឹងទម្រង់ធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ក្តី តែក្មេងគឺជាភ្នាក់ចម្លងរាលដាល ដែលមិនអាចប្រហែលបាន។ នៅអឺរ៉ុប អាជ្ញាធរឱសថអឺរ៉ុប បានធ្វើការសិក្សាសាកល្បងទៅលើក្មេង អាយុចន្លោះ ១២ ទៅ ១៥ ឆ្នាំ ចំនួន ២២៦០នាក់ ដែលក្នុងនោះ១០០៥នាក់ ត្រូវគេចាក់វ៉ាក់សាំង Pfizer-BioNTech ចំណែក ៩៧៨នាក់ទៀត ត្រូវគេចាក់សេរ៉ូម placebo ដែលគ្មានជាតិថ្នាំ។ ជាលទ្ធផល ក្នុងចំណោមក្មេង ដែលទទួលបានវ៉ាក់សាំងទាំង ១០០៥នាក់ គឺគ្មាននរណាឆ្លងកូវីដ១៩ទេ តែក្នុងចំណោមក្មេងដែលមិនទទួលបានវ៉ាក់សាំងទាំង៩៧៨នាក់ គឺមាន១៦នាក់ បានឆ្លងកូវីដ១៩។
នាយកមន្ទីរពិសោធ៍ BioNTech និង Pfizer បានថ្លែងអបអរផងដែរ ដោយលើកឡើងថា នេះគឺជាការបោះជំហានថ្មី ក្នុងការពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងនៅអឺរ៉ុប និងជាពិសេសនោះ គឺឈានទៅ ការបើកសាលារៀន ឲ្យដំណើរការឡើងវិញ១០០%។ មន្ទីរពិសេោធន៍ទាំង២អះអាងថា នៅខែកញ្ញា គេនឹងបង្ហាញលទ្ធផលនៃការធ្វើតេស្តសាកល្បង ចាក់វ៉ាក់សាំង ទៅលើក្មេងអាយុចន្លោះ ពី២ឆ្នាំ ដល់១២ឆ្នាំ។
ដោយឡែក នៅសហរដ្ឋអាេមរិក អាជ្ញាធរសុខាភិបាល បានចាប់ផ្តើមចាក់វ៉ាក់សាំង Pfizer-BioNTech ទៅលើក្មេង អាយុ ពី១២ ទៅ១៥ឆ្នាំ ក្នុងចំនួនច្រើនគួរសមរួចទៅហើយ។ ទីភ្នាក់ងារសុខភាពសាធារណៈអាេមរិក បានលើកឡើងកាលពីពេលថ្មីៗនេះ ថា មានករណីក្មេង រលាកសាច់ដុំបេះដូង និង បញ្ហាចង្វាក់បេះដូង មួយចំនួនតូច ក្រោយពេលពួកគេ បានទទួលវ៉ាក់សាំងប្រឆាំងកូវីដ១៩ ប្រភេទ ARN messager។ តែយ៉ាងណា ពុំមានការសន្និដ្ឋានជាក់ច្បាស់ណាស់មួយ ថាវាបណ្តាលមកពីវ៉ាក់សាំងនោះទេ៕