Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ មានឆន្ទៈមោះមុត និងប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់សិទ្ធិកុមារ

Sang Kim | May 31, 2021
រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ មានឆន្ទៈមោះមុត និងប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់សិទ្ធិកុមារ
Clinic narith

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីកុមារ បានចេញសារលិខិត ចូលរួមអបអរសាទរ​ ក្នុងឱកាសខួប លើកទី៧២ ទិវាកុមារអន្តរជាតិ ១មិថុនា និង​ខួបទី២០ ទិវាពិភពលោកប្រឆាំងកុមារ ១២ មិថុនា ព្រមទាំង​ទិវាកុមារកម្ពុជា ឆ្នាំ២០២១​។ ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់ មានឆន្ទៈមោះមុត និងប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់​សិទ្ធិកុមារ។

ក្នុងសារលិខិត ៤ទំព័រ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសលើកទឹកចិត្តដល់ជនរួមជាតិ ជាពិសេស​កុមារខ្លួនឯងផ្ទាល់ រួមគ្នាបន្តវិនិយោគ​លើកុមារ​ថ្ងៃនេះ នឹងបង្កើត​បានធនធាន​មនុស្ស ដែលមាន​ជំនាញប្រកបដោយ​សក្តានុពល​នាពេល​អនាគត សំដៅធ្វើ​ឲ្យសម្រេចបាន​នូវការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ នៅ​កម្ពុជា​។

សម្តេចតេជោ ហ៊ុន សែន បន្តថា កន្លងទៅថ្មីៗនេះ កម្ពុជា គឺជាប្រទេស​សមាជិក​ជាដៃគូ​សកល ដើម្បីលុបបំបាត់​អំពើហិង្សា​លើកុមារ ដែលជាទំព័រ​សករាជថ្មី ក្នុងការបោះជំហានទៅមុខ ដើម្បីចូលរួម​ជាមួយបណ្តា​ប្រទេសជាសមាជិក​ដទៃទៀត ក្នុងសកលលោក ក្នុងឆន្ទៈបង្ហាញការប្តេជ្ញាចិត្តរួមគ្នា លុបបំបាត់​អំពើហិង្សា​លើកុមារ និងអំពើរំលោភបំពាន​គ្រប់រូបភាព​មកលើកុមារ សំដៅធ្វើ​ឲ្យកាន់តែប្រសើរ​ឡើងនូវការអនុវត្ត​អនុសញ្ញា ស្តីពី សិទ្ធិកុមារ។ អាស្រ័យ​ហេតុនេះហើយ ទើបកម្ពុជា បានក្លាយ​ជាប្រទេសឈាន​មុខ​ក្នុងបណ្តាប្រទេសអាស៊ាន ដែលបានធ្វើ​ការអង្កេត​សិក្សា ស្រាវជ្រាវពីស្ថានភាពអំពើហិង្សា​លើកុមារ ដែលមានលក្ខណៈវិទ្យាសាស្ត្រក្នុងការកំណត់ពីទំហំ វិសាលភាព​ ការផ្តល់ភស្តុតាងជាក់លាក់នៃអំពើហិង្សាលើកុមារ ផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ ដែលកុមារបានជួបប្រទះ រួមទាំង​បញ្ហាប្រឈមនានា​។

ក្នុងសារលិខិតដដែល សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តេជ្ញាចិត្ត លើកកម្ពស់​ការគោរពសិទ្ធិ​កុមារ និងផ្តល់​កិច្ចការពារយ៉ាងពេញទំហឹង​នៅគ្រប់ស្ថានភាព ដោយបានបង្កើត​នូវយន្តការជាច្រើន ក្នុងការគ្រប់គ្រង​ និងផ្តល់សេវា​ដល់មុខសញ្ញាកុមារទូទៅ កុមារងាយរងគ្រោះ និងកុមាររងគ្រោះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើ​ដល់​អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តពង្រឹង​យន្តការ​សម្របសម្រួល​ក្នុងការបង្ការទប់ស្តាក់ អន្តរាគមន៍ និងការឆ្លើយតប​លើករណី​កុមារ ដើម្បីលើកកម្ពស់ និងផ្តល់សេវា​យុត្តិធម៌សង្គម ដោយធានា​ឲ្យ​មានសមភាព​រវាងកុមារា និងកុមារី ព្រមទាំងបង្កើនឱកាសស្នើភាពគ្នា​ ក្នុងកម្លាំងចលករ​សង្គម សម្រាប់ជីវភាព​សាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា និងសកម្មភាពផ្សេង​ៗទៀត​៕