Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សាលា​រាជធានីភ្នំពេញ ប្រកាស​ទុកពេល​មួយសប្ដាហ៍​ឲ្យពលរដ្ឋ​រស់នៅ​លើផ្ទៃទឹក​​រុះរើ​ផ្ទះបណ្ដែតទឹក

Sang Kim | Jun 02, 2021
សាលា​រាជធានីភ្នំពេញ ប្រកាស​ទុកពេល​មួយសប្ដាហ៍​ឲ្យពលរដ្ឋ​រស់នៅ​លើផ្ទៃទឹក​​រុះរើ​ផ្ទះបណ្ដែតទឹក
Clinic narith

សាលា​រាជធានីភ្នំពេញនៅ​ថ្ងៃទី២មិថុនានេះ ​បានប្រកាស​ទុកពេល​មួយសប្ដាហ៍​ឲ្យពលរដ្ឋ​កំពុងរស់នៅ​លើផ្ទៃទឹក​នៃភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​រុះរើ​ផ្ទះបណ្ដែតទឹក​ ផ្ទះទូកតូចៗ​ និងសំណង់​មិនរៀបរយ​លើផ្ទៃទឹក​និងបែចិញ្ចឹម​ត្រី ចេញ​ជាបន្ទាន់​ ចាប់ពីថ្ងៃទី២​រហូតដល់​ថ្ងៃទី៩មិថុនា​។​ ជំនួសឲ្យ​ការរស់នៅ​លើផ្ទៃទឹក​សាលារាជធានីភ្នំពេញ​លើកទឹកចិត្ត​ឲ្យពលរដ្ឋ​ដែលកំពុង​រស់នៅ​លើផ្ទៃទឹក​ ឡើងមករស់នៅ​និងចិញ្ចឹម​ត្រីនៅក្នុងស្រះ​លើដីគោក​វិញ​។

បទបញ្ជារបស់សាលារាជធានីភ្នំពេញយ៉ាងដូច្នេះធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា កន្លែងរស់នៅលើទឹកខ្លះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអណាធិបតេយ្យដែលបង្ករឲ្យបាត់បង់សណ្ដា​ប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ។ ក៏មានដែរការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះ ខូចគុណភាពទឹក  បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណ​ភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ។

បើតាមសាលារាជធានីភ្នំពេញបន្ទាប់ពីឱសានវាទមួយសប្ដាហ៍ចូលជាធរមាន បើស្ថានភាពមិនមានការផ្លាស់ប្ដូរទេ អាជ្ញាធររាជធានីភ្នំពេញនឹងចាត់រដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូស អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនឡើងតុលាការតាមផ្លូវច្បាប់។  បន្ថែមលើនេះសាលារាជធានីភ្នំពេញស្នើឲ្យពលរដ្ឋដែលកំពុងរស់នៅលើផ្ទៃទឹកប្ដូរទម្លាប់ពីការចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមកចិញ្ចឹមត្រីតាមស្រះវិញ។