Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាទទួលជួបឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកថ្មីនាព្រឹកថ្ងៃអង្គារ

Admin Alynana | Jun 08, 2021
សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាទទួលជួបឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកថ្មីនាព្រឹកថ្ងៃអង្គារ
Clinic narith

សម្តេចប្រធានព្រឹទ្ធសភាទទួលជួបឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកថ្មីនាព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៩:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញសមត្ថភាពនៃសាធារណរដ្ឋឆែកថ្មី ប្រចាំព្រះរាជាណា​ចក្រកម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ឯកឧត្តម Martin Vávra ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណា​ចក្រកម្ពុជា។ តាមរយៈបេសកកម្មការទូតនេះ សម្តេចមាន​ជំនឿជឿជាក់ថា ឯកឧត្តមឯកអគ្គ​រដ្ឋទូតនឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ ដើម្បីជាគុណប្រយោជន៍ដ៏សំខាន់សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

ក្នុងឱកាសនោះ ឯកឧត្តម Martin Vávra បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសមនាពេលនេះ។  ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ។ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភានៃប្រទេសទាំងពីរ ដែលកាលពីខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម Ivo Barek អនុប្រធានព្រឹទ្ធសភានៃសាធារដ្ឋឆែក បានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។  

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា តាមរយៈបេកសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំប្រឹងប្រែ​ងអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រ​ទេសទាំងពីរបន្ថែមទៀត ជាអាទិ៍៖ វិស័យសេដ្ឋកិច្ច ការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ជាពិ​សេសជំរុញអ្នកទេសចរឆែក មកទស្សនានៅប្រទេសកម្ពុជាឱ្យកាន់ច្រើនថែមទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាបានរំលឹកថា ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៦ ក្រោមស្នាព្រះហស្ថរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ជាមួយអតីតថ្នាក់ដឹកនាំឆែកជំនាន់មុន។ រហូតមកដល់ពេលនេះនាក់ទំនងការទូតប្រទេសទាំងពីរមានរយៈពេល ៦៥ឆ្នាំ ហើយឆ្នាំនេះគឺជាខួបលើកទី៦៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឆែក។

ក្នុងនាមប្រជាជនកម្ពុជា ព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តីបានប្រសិទ្ធពរជូនថ្នាក់ដឹកនាំ និងប្រជាជននៃសាធារណរដ្ឋឆែក សូមបន្តទទួលបាននូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមខ្លាំងក្លាប្រកប ដោយវឌ្ឍនភាព វិបុលភាព និងសូមប្រសិទ្ធពរឱ្យចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងទាំងពីរកាន់តែរឹងមាំស្ថិតស្ថេរយូរអង្វែង។ 

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបង្ហាញនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាបន្តបន្ទាប់។ ការរីកចម្រើន និងទំនាក់ទំនងដ៏ល្អនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ននានា ក៏ដូចជាការចុះអនុស្សរណៈនៃការយោគយល់គ្នា​ និងការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេស​ទាំងពីរ។

សម្តេចវិបុលសេនាភក្តីបានមានប្រសាសន៍ថា ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានយាងទៅសិក្សានៅសាធារណរដ្ឋឆែក ហើយទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅទីនោះក្នុងឆ្នាំ២០១០ ហើយព្រះអង្គធ្លាប់យាងបំពេញព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋនៅសាធារណរដ្ឋឆែកក្នុងឆ្នាំ២០០៦។

ក្នុងនាមប្រជាជនកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋឆែក ដែលបានរួមចំណែកដ៏ថ្លៃថ្លាជួយអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ព្រះរាជាណាចក្រកម្ពុជា​ តាមរយៈនៃការផ្តល់ជំនួយខាងលើវិស័យសុខាភិបាល អប់រំ មនុស្សធម៌ និងវិស័យថាមពលកកើតឡើងវិញ។ 

ក្នុងនោះដែរ រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកក៏បានជួយបណ្តុះបណ្តាលធនធានមនុស្សដល់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ដល់និ​ស្សិតកម្ពុជា បានទៅសិក្សានៅសាធារណរដ្ឋឆែកចាប់តាំងពីឆ្នាំ១៩៧៩ មាននិស្សិតកម្ពុជាប្រមាណ៣០០នាក់ ហើយនិស្សិតទាំងអស់នោះបានកំពុងក្លាយជាកម្លាំងដ៏រឹងមាំ ក្នុងការកសាងសង្គម-សេដ្ឋកិច្ចកម្ពុជាតាំងពីពេលមុនរហូតបច្ចុប្បន្ន និងតទៅពេលអនាគតទៀត។

សម្តេចវិបុលសេនាភក្តីបានកត់សម្គាល់ឃើញថា ប្រទេសទាំងពីរមានសក្តានុពលខាងការវិនិយោក ការផ្លាស់ប្តូរពាណិជ្ជកម្ម ក៏ដូចជាវិស័យទេសចរណ៍។ តាមរយៈបេកសកម្មការកាទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា   សម្តេចបានស្នើដល់ឯកឧត្តមឯកអគ្គរដ្ឋទូតជួយជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការលើកទឹកចិត្តប្រជាជនឆែកមកទស្សនានៅកម្ពុជាបន្ថែមទៀត ជាពិសេសក្រោយពេលដែលជំងឺកូវីដ-១៩ត្រូវបានបញ្ចប់។

សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM 13) គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ ទន្ទឹមនឹងនេះ សភាកម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP 11) គ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២១ផងដែរ។ ជាមួយគ្នានេះ សម្តេចបានស្នើសុំការគាំទ្រពីថ្នាក់ដឹកនាំ​ និងសមាជិកសភានៃសាធារណរដ្ឋឆែក និងសូមអញ្ជើញថ្នាក់ដឹកនាំសភាឆែកចូលរួមក្នុងកិច្ចប្រជុំនេះ។

ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភាកម្ពុជា និងព្រឹទ្ធសភាឆែក សម្តេចប្រធានព្រឹទ្ធសភាបានបង្ហាញអំពីបំណងក្នុងបង្កើនកម្រិតទំនាក់ទំនងរវាងព្រឹទ្ធសភាទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកគ្រប់កម្រិត និងជួយគាំទ្រគ្នាទៅវិញទៅមកលើកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខ័ណ្ឌអន្តរសភា។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាគាំទ្រចំពោះបេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត និងត្រៀមខ្លួនជានិច្ច ដើម្បីធ្វើសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូត ព្រមទាំងស្ថានទូតសាធារណរដ្ឋឆែកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

តាមរយៈឯកឧត្តមកអគ្គរដ្ឋទូត សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តាំផ្ញើនូវការសួរសុខទុក្ខ ដោយសេចក្តីគោរព រាប់អាន និងនឹករលឹកដ៏ខ្ពង់ខ្ពស់ជូនចំពោះឯកឧត្តមប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឆែក៕