Alynana Media Cambodia
Icon Collap
clinic narit

លោកបណ្ឌិត ឈាង វណ្ណារិទ្ធ៖ កំពង់ផែរាមកំពុងស្មុគស្មាញ តែនឹងមានភាពល្អប្រសើរវិញ

Sang Kim | Jun 08, 2021
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ៖ កំពង់ផែរាមកំពុងស្មុគស្មាញ តែនឹងមានភាពល្អប្រសើរវិញ
Clinic narith
 

ភ្នំពេញ ៖ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានថ្លែងថា កំពង់ផែរាម របស់កម្ពុជាកំពុងតែស្ថិតនៅក្នុងភាពស្មុគស្មាញ រវាងកម្ពុជាជាម្ចាស់ប្រទេសជាមួយនឹងប្រទេសមហាអំណាចចិន-អាមេរិក ។ ប៉ុន្តែទោះបីជាយ៉ាងណា លោកថា បញ្ហាដែលចាក់ស្រេះដ៏ស្មុគស្មាញ នេះនឹងធូរស្រាល ហើយល្អប្រសើរឡើងវិញ ក្រោយកម្ពុជាអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិក ចុះទៅបំពេញទស្សនកិច្ចនៅកំពង់ផែរាម ក្នុងពេលណាមួយ នាពេលខាងមុខ ។

 

ទំនាក់ទំនងកម្ពុជា-អាមេរិក មើលទៅវិជ្ជមានដែរ ក្រោយមានការជួបគ្នារវាង ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយមន្រ្តីជាន់ខ្ពស់អាមេរិក លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក និងសម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិបានជួបអនុព័ន្ធយោធាផុតអាណត្តិ និងអនុព័ន្ធយោធាអាមេរិកថ្មី ។ នេះបើតាមលោកបណ្ឌិត ឈាង វណ្ណារិទ្ធបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៨ មិថុនា ។

លោកបណ្ឌិតថា នេះជាឱកាសថ្មីមួយសម្រាប់ភាគីទាំង២ស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងនូវការជឿទុកចិត្តគ្នាទាក់ទងទៅនឹងកំពង់ផែរាម ។

បើតាមលោកបណ្ឌិតឈាង វណ្ណារិទ្ធដដែល “បញ្ហាកំពង់ផែនៅសមុទ្ររាមជាបញ្ហាមួយស្មុគស្មាញ ក៏ប៉ុន្តែការធ្វើឲ្យមានការបើកចំហ មានតម្លាភាពហ្នឹងវាសំខាន់ ដើម្បីពង្រឹងនូវការយល់គ្នាទៅវិញទៅមក។ ដូចនេះត្រូវការអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិក ឬក៏ស្ថានទូតផ្សេងៗដែលចាប់អារម្មណ៍បញ្ហាហ្នឹងអាចទៅធ្វើទស្សនកិច្ចស្វែងយល់ គឺជាករណីល្អដែរ” ។

លោកសង្ឃឹមថា ក្រោយបើកចំហរវាងកម្ពុជា-អាមេរិក លើករណីកំពង់ផែរាមនេះ បញ្ហាទាំងនេះនឹងអាចរសាត់អណ្តែតទៅផុត ហើយអាមេរិកនឹងអស់មន្ទិលសង្ស័យនៅផែសមុទ្ររាម ហើយទំនាក់ទំនងងាកមកល្អជាមួយគ្នាវិញ។ ជាមួយគ្នានេះ ទំនាក់ទំនងអាមេរិក-កម្ពុជាលើផ្នែកយោធាក៏ដូចជាសន្តិសុខនឹងពង្រឹងបន្ថែមទៀតព្រោះកម្ពុជាបើកទ្វារចំហទៅគ្រប់ទិសអត់មានលំអៀងទៅប្រទេសណាមួយលើផ្នែកហេដ្ឋារចនាសម្ព័ន្ធដូចជា កំពង់ផែរាមនេះទេ ។

នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកសរសើរថា នេះជាគោលនយោបាយច្បាស់លាស់របស់កម្ពុជា ដូចនេះយ៉ាងណាយ៉ាងណី គឺអាស្រ័យទៅលើអាមេរិកដើម្បីជំរុញបន្ថែមទៅលើទំនាក់ទំនងទ្វេភាគី។

ក្រោយការបំពេញទស្សនកិច្ចរបស់លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកនៅកម្ពុជា តែមួយថ្ងៃ នាថ្ងៃ១ មិថុនា លោកស្រីបានជួបសម្តេចតេជោ លោក កឹម សុខា និងក្រុមអង្គការសង្គមស៊ីវិល។ ឃើញថា ក្រោយលោកស្រីចេញពីកម្ពុជាតាមរយៈស្ថានទូតអាមរិកប្រចាំកម្ពុជា លោកស្រីបានសម្តែងក្តីបារម្ភរបស់ ខ្លួនចំពោះវត្តមានមូលដ្ឋានយោធារបស់សាធារណរដ្ឋ​ ប្រជាមានិតចិនណាមួយនៅកម្ពុជា ចំណុចនេះលោកស្រីអះអាងថា អាចនឹងបំផ្លាញអធិបតេយ្យភាពរបស់កម្ពុជា ហើយក៏គំរាមកំហែងសន្តិសុខតំបន់ ជាពិសេសប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងរវាងអាមេរិក-កម្ពុជា ។

ប៉ុន្តែក្រោយប៉ុន្មានថ្ងៃនៃការចេញ ដំណើររបស់លោកស្រីពីកម្ពុជា សម្តេច ទៀ បាញ់បានថ្លែងថា កម្ពុជានឹងអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិក ក្នុងឱកាសល្អណាមួយទៅមើលផែរាម ។

កាលពីថ្ងៃ៧ មិថុនា សម្តេច ទៀ បាញ់បានអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិកដែលផុតអាណត្តិ និងអនុព័ន្ធយោធាអាមេរិកថ្មី ចូលជួបសម្តែងការគួរសម និងជម្រាបលា។ សម្តេចក៏បានស្នើអនុព័ន្ធយោធាអាមេរិក បន្តកិច្ចសហប្រតិបត្តិការ រវាងកងទ័ពកម្ពុជា-អាមេរិក ដែលបានខកខានកន្លងមក ដោយសារវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែទោះយ៉ាងណាជំនួបនេះ មិនបានលើកឡើងពីការកំណត់កាលបរិច្ឆេទ ជាក់លាក់ណាមួយនៃដំណើរទស្សនកិច្ច របស់អនុព័ន្ធយោធាអាមេរិកនៅកំពង់ផែរាមទេ។ បើតាមការចេញផ្សាយរបស់វិទ្យុបារាំង៕