ភ្នំពេញ ៖ ក្នុងសម័យប្រជុំរបស់គណៈកម្មការជាតិប្រឆាំងកូវីដ-១៩ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ការសង្ឃឹមថា ជំងឺកូវីដ១៩ ផុតរលត់វាមិនអាចទៅរួចនោះទេ នៅក្នុងរយៈពេលដ៏ខ្លី ហើយប្រហែលជាវានៅជាមួយយើង ក្នុងរយៈពេលយូរ ប្រៀបដូចជាគ្រុនផ្ដាសាយធំ ដែលវាតែងតែកើតសម្រាប់មនុស្ស។
ដើម្បីទប់ស្កាត់ជំងឺនេះ សម្តេចតេជោ បានលើកឡើងនូវយុទ្ធសាស្ត្រឬគោលការណ៍ ដើម្បីដាក់ជូនសម្រាប់ការអនុវត្តនាពេលខាងមុខ ដោយយុទ្ធសាស្ត្រទី១. បន្តទប់ស្កាត់ការនាំចូលនូវកូវីដបំប្លែងថ្មី តាមវិធានការ៥យ៉ាង៖
ទី១. ពង្រឹងការគ្រប់គ្រងច្រកចេញចូលទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសអាកាស ជាពិសេសច្រកផ្លូវព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម។
ទី២. ការធ្វើតេស្ត ពិសេសត្រូវធ្វើតេស្តរហ័ស នៅតាមព្រំដែន។ សម្តេចបញ្ជាក់ថា គ្រប់ច្រកព្រំដែនទាំងអស់ ត្រូវមានឧបករណ៍ធ្វើតេស្តរហ័ស ក្រៅពីការធ្វើតេស្តរហ័ស ករណីសង្ស័យត្រូវធ្វើតេស្ត ដោយម៉ាស៊ីនធំ PCR ក្រសួងសុខាភិបាល ត្រូវមានការទទួលខុសត្រូវឲ្យច្បាស់។
ទី៣. ការធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ ពង្រឹងនិងផ្គត់ផ្គង់ កន្លែងធ្វើចត្តាឡីស័ក ឲ្យបានគ្រប់គ្រាន់ ជាពិសេសខេត្តដែលជាប់ព្រំដែនថៃ ខណៈព្រំដែនជាមួយថៃ មានពលករច្រើន។
ទី៤. ដាក់ឲ្យព្យាបាលដាច់ដោយឡែក សម្រាប់អ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី «ដែលតា» ឬរៀបចំការព្យាបាលដាច់ដោយឡែក ហើយតម្រូវឲ្យធ្វើចត្តាឡីស័ករហូតដល់២១ ថ្ងៃ មិនមែន១៤ថ្ងៃទេ ព្រោះប្រភេទនេះ មានការវាយលុកខ្លាំង។
ចំណុចវិធានការទី៥. ពលករខ្មែរ នៅប្រទេសថៃ មិនត្រូវបារម្ភនោះទេ ហើយត្រូវសហការជាមួយភាគីថៃ ស្នាក់នៅទីនោះ ជៀសវាងការនាំជំងឺកូវីដចូលស្រុក៕