Alynana Media Cambodia
Icon Collap
clinic narit

សង្គ្រាម​រុស្ស៊ី​នៅ អ៊ុយ​ក្រែន អាច​ជា​សង្គ្រាម​ចុង​ក្រោយ​របស់ ពូទីន

Admin Alynana | Mar 14, 2022
សង្គ្រាម​រុស្ស៊ី​នៅ អ៊ុយ​ក្រែន អាច​ជា​សង្គ្រាម​ចុង​ក្រោយ​របស់ ពូទីន
Clinic narith

  តាំង​ពី​ឡើង​មក​កាន់​កាប់​ប្រទេស​រុស្ស៊ី​នៅ​ឆ្នាំ​១៩៩៩​មក​ ពូទីន សម្រេច​បាន​ជោគ​ជ័យ​រហូត នៅ​ក្នុង​ប្រទេស នៅ​ក្នុង​លំហ​អតីត​សហភាព​សូវៀត និង​ នៅ​លើ​ឆាក​អន្តរជាតិ។ មក​ទល់​ពេល​នេះ ពូទីន ឈ្នះ​គ្រប់​សង្គ្រាម។ ពូទីន ឈ្នះ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ពោល​គឺនៅ​ឆេតឆេនី(Tchétchénie)ប្រឆាំង​នឹង​ពួក​ផ្តាច់​ទឹក​ដី​និយម ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០០០។ ពូទីន ឈ្នះ​សង្គ្រាម​នៅ ហ្សកហ្ស៊ី (Georgie)ក្នុង​ខែ​សីហា​២០០៨ ដោយ​រុញ​ច្រាន​កង​ទ័ព​ហ្សកហ្ស៊ី​ចេញ​ពី​តំបន់​អបគមន៍​ អាប់កាហ្ស៊ី (Abkhazie) និង​អូស្សេទី​ខាង​ត្បូង​ (Ossétie du Sud)។ ពូទីន ឈ្នះ​សង្គ្រាម​នៅ​ស៊ីរី ដោយ​ជួយ​របប​ បាស្ហារ អាល-អាស្សាដ(Bachar Al-Assad) ទប់​ទល់​នឹង​ពួក​ប្រឆាំង​ដែល​គេ​ហៅ​ថា​ទ័ព​ឧទ្ទាម តាំង​ពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ។ ក្រៅ​ពី​នេះ ពូទីន ក៏​ឈ្នះ​ដែរ គ្រប់​ការ​ប្រទាញ​ប្រទង់​ភូមិសាស្ត្រ​នយោ    បាយ។ ជាក់​ស្តែង ពូទីន ទទួល​ជោគ​ជ័យ​ក្នុង​ការ​លូក​ដៃ​ក្នុង​សង្គ្រាម​នៅ​ដុងបាស់(Donbass) ប៉ែក​ឦសាន​នៃ​អ៊ុយក្រែន ជា​ទី ដែល​កង​ទ័ព​អ៊ុយក្រែន ច្បាំង​គ្នា​នឹង​ពួក​អ្នក​រុស្ស៊ី​និយម និង​ផ្តាច់​ទឹក​ដី​និយម តាំង​ពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ។

ពូទីន កញ្ឆក់​យក​បាន​គ្រីមេ(Crimée)ពី​ដៃ​អ៊ុយក្រែន នៅ​ឆ្នាំ​២០១៤ ក្រោម​មូលហេតុ​ថា រុស្ស៊ី​ត្រូវ​តែ​ការ​ពារ​ជន​ជាតិ​រុស្ស៊ី​នៅ​គ្រីមេ និង ក្រោម​មូលហេតុ​ថា ប្រជាជន​នៅ​គ្រីមេ សម្រេច​ប្រកាស​ឯករាជ្យ រួច​ហើយ ផ្តាច់​ខ្លួន​ចេញ​ពី អ៊ុយក្រែន មក​ចុះ​ចូល​ជា​មួរុស្ស៊ី។ ពូទីន ទទួល​ជោគ​ជ័យ​ តាំង​ពី​ឆ្នាំ​២០២១​មក ក្នុង​ការ​ប្រែ​ក្លាយ បេឡូរុស្ស (Biélorussie) ឱ្យ​ទៅ​ជា​ប្រទេស​រណប​រុស្ស៊ី​ទាំង​ស្រុង។ ពូទីន ក៏​ទទួល​បាន​ជោគ​ជ័យ​ដែរ នៅ​កាហ្សាក់ស្ថាន(Kazakhstan) ក្នុង​ខែ​មករា​២០២២ ក្នុង​ការ​បញ្ជូន​ទ័ព​ទៅ​ជួយ​របប​របស់​តូកៃអេហ្វ(Tokaiev) ដើម្បី​វាយ​បង្ក្រាប​ក្នុង​ថ្លុក​ឈាម ពួក​បាតុករ​បះ​បោរ។ ជា​រួម តាំង​ពី​ឆ្នាំ​១៩៩៩​មក តាម​រយៈ​សង្គ្រាម ឬ តាម​រយៈ​ទង្វើ​ហ៊ាន​ជ្រុល​មួយ​ចំនួន ពូទីន ពិត​ជា​ធ្វើ​ឱ្យ​រុស្ស៊ី​ទទួល​បាន​វិញ​ជា​បណ្តើរៗ​ នូវ​លក្ខន្តិកៈ​ជា​មហា​អំណាច​ភូមិសាស្ត្រ​នយោបាយ មិន​ត្រឹម​តែ​នៅ​ក្នុង​លំហ​អតីត​សហភាព​សូវៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ នៅ​មជ្ឈិម​បូព៌ា និង នៅ​ទ្វីប​អឺរ៉ុប​ថែម​ទៀត។

 បើ​សិន​ជា​មក​ទល់​ពេល​នេះ ពូទីន អាច​សម្រេច​ជោគ​ជ័យ​ទាំង​អស់​នេះ​បាន គឺ​ពីព្រោះតែ​មូលហេតុ​សំខាន់ៗ​បី​យ៉ាង។ ម្យ៉ាង ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ពូទីន ពង្រឹង​កម្លាំង​យោធា ពិសេស​ដោយសារ​តែ​ចំណូល​បាន​ពី​ការ​លក់​ឧស្ម័ន​ធម្មជាតិ​និង​ប្រេង​កាត។ ម្យ៉ាង​ទៀត ពូទីន ពង្រឹង​អំណាច​របស់​ខ្លួន,​ប្រជាប្រិយភាព​របស់​ខ្លួន, របប​នៅ​ក្រេមឡាំង(Kremlin) និង​ឯកភាព​ជាតិ នៅ​ចំពោះមុខ​បស្ចិមលោក ដោយ សារតែ​សុន្ទរកថា​នយោបាយ​មួយ ដែល មាន​មូល​ដ្ឋាន នៅ​លើ​ជាតិ​និយម​រុស្ស៊ី និង​ការ​ស្រណោះ​ស្រណោក​អតីត​សហភាព​សូវៀត។ រី​ឯមូលហេតុ​ម្យ៉ាង​ចុង​ក្រោយ ដែល​អនុញ្ញាត​ឱ្យ ពូទីន ទទួល​បាន​ជោគ​ជ័យ​គ្រប់​បែប​យ៉ាង និង នៅ​គ្រប់​ទី​កន្លែង​មក​ទល់​ពេល​នេះ គឺ​មក​ពី គ្មាន​អ្នក​ណា និង​គ្មាន​ប្រទេស​ណា សាក​ល្បង​រារាំង​សកម្មភាព​របស់ ​ពូទីន ​ឡើយ។ និយាយ​បែប​ផ្សេង មក​ទល់​ឥឡូវ រុស្ស៊ី​របស់ ​ពូទីន ខ្លាំង ពីព្រោះតែ បស្ចិម​លោក កំសាក និង បែក​បាក់​គ្នា។ 

យ៉ាង​ណា​មិញ ជា​មួយ​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន អ្វីៗ​ផ្តើម​ប្រែ​ប្រួល និង​កំពុង​បន្ត​ប្រែ​ប្រួល សម្រាប់​ពូទីន។ ជា​បឋម សង្គ្រាម​នៅ​អុយក្រែន មិន​មែន​ជា​ចម្បាំង​ធម្មតា​និង​តូច​តាច ដូច​អ្វី​ដែល​រុស្ស៊ី​របស់​ពូទីន​ធ្លាប់​ពើប​ប្រទះ​មក​ទល់​ពេល​នេះ នៅ​ត្រង់​ថា បើ​កុំ​រាប់​បញ្ចូល​រុស្ស៊ី​ក្នុង​ទ្វីប​អឺរ៉ុប អ៊ុយក្រែន​ជា​ប្រទេស​អឺរ៉ុប​ធំ​ជាង​គេ​បង្អស់​គឺ​ប្រមាណ​ជា​ជាង​៦០​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា។ បន្ទាប់​មក​ទៀត នៅ​លើសមរភូមិ​មហា​សែន​ធំ​មួយ​នេះ កង​ទ័ព​រុស្ស៊ី ត្រូវ​ប្រឈម​​មុខ​នឹង​ជាតិ​និយម​មួយ​ក្លៀវក្លា​អស្ចារ្យ ដែល​ នៅក្រោម​ការ​នាំ​មុខ​របស់​ប្រធានាធិបតី អ៊ុយក្រែន ហ្សេលេនស្គី(Zelensky) ប្រមូល​ផ្តុំ​ប្រជាជាតិ​ជា​ធ្លុង​មួយ។ នៅ​ចុង​ក្រោយ​បង្អស់ ហើយ​នេះ​ជា​កត្តា​សំខាន់ លើក​នេះ បស្ចិមលោក សម្រេច​ចិត្ត​ខ្ទប់រុស្ស៊ី​របស់​ពូទីន។ ជា​ការ​ពិត បស្ចិមលោក​មិន​ធ្វើ​អន្តរាគមន៍​នៅ​អ៊ុយក្រែន​ទេ ដើម្បី​ជៀស​វាង​កុំ​ឱ្យ​សង្គ្រាម​លោក​លើក​ទី​៣​ផ្ទុះ​ឡើង និង​ដើម្បី​ជៀស​វាង​សង្គ្រាម​នុយក្លែអ៊ែរ ដ្បិត អាមេរិក បារាំង និងអង់គ្លេស សុទ្ធ​សឹង​ជា​មហា​អំណាច​នុយក្លេអ៊ែរ ដូច​រុស្ស៊ី​ដែរ។ ប៉ុន្តែ បស្ចិម​លោក​សម្រេច​ធ្វើសង្គ្រាម​ប្រឆាំង​រុស្ស៊ី​ដោយ​ប្រយោល តាម​រយៈ​ការ​ប្រកាស​ផ្តល់​ជំនួយ​យោធា​ច្រើន​ក្រាស់​ក្រែល​ឱ្យអ៊ុយក្រែន, និង​តាម​រយៈ​ការ​សម្រេច​ដាក់​ទណ្ឌកម្ម​ដំណាល​គ្នា​ប្រកប​ដោយ​លក្ខណៈ​ជាសកល​និង​ធ្ងន់​ធ្ងរ​មែន​ទែន មិន​ដែល​មាន ទៅ​លើ​រុស្ស៊ី។

 ច្បាស់​ណាស់ ពូទីន ឥឡូវ មិន​ដូច ពូទីន ពី​មុន​ទៀត​ទេ។ នៅ​ឆ្នាំ​១៩៩៩ នៅ​ពេល​ដែល​យែលស៊ីន(Eltsine) ចាក​ចេញ​ពី​តំណែង និង​ប្រគល់​អំណាចរដ្ឋ​ទៅ​ឱ្យ ពូទីន ដែល​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ស៊ើប​ការណ៍​សម្ងាត់​KGB ​ រុស្ស៊ី​កំពុង​ធ្លាក់​ខ្លួន​ខ្សោយ​មែន​ទែន​ នៅ​លើ​ឆាក​អន្តរជាតិ។ នៅ​ពេល​នោះ​និង​ត​រហូត​ដល់​ឆ្នាំ​២០០៨ ពូទីន នៅ​ចេះ​ទន់​ភ្លន់ និង​បត់​បែន។ ពូទីន ឥឡូវ ជា​បុរស​ខ្លាំង​និង​មាន​គោលដៅ​ច្បាស់​លាស់​ដែល​គ្មាន​អ្នក​ណា​អាច​មើល​ធ្លុះ​ឡើយ។ តើ សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន ក្នុង​គ្រា​បច្ចុប្បន្ន មាន​គោលដៅ​ត្រឹម​តែ​រារាំង​កុំ​ឱ្យ​អ៊ុយក្រែន​ចូល​ជា​សមាជិក​របស់​ណាតូ​តែ​ប៉ុណ្ណោះ​ទេ? ឬ វា​ជា​ការ​ផ្តើម​ឡើង​នៃ​បេសកម្ម​មួយ​ធំ​ធេង​​ជាង​នេះ នោះ​គឺ​អូស​ទាញ​បណ្តា​បរទេស​ដែលត្រូវតែស្និទ្ធ​ស្នាលជាង​គេ​បង្អស់​ជាមួយ​រុស្ស៊ី ដូច​ជា អ៊ុយក្រែន ហ្សកហ្ស៊ី បេឡូរុស្ស និង​កាហ្សាកស្ថាន​។ល។ មក​ដាក់​ក្រោម​ការ​ត្រួត​ត្រា​របស់​រុស្ស៊ី​ដោយ​ចំពោះ​ឬ​ដោយ​ប្រយោល? ឬ​មួយ​ក៏​សង្គ្រាម​ឈ្លាន​ពានអ៊ុយក្រែន នេះ ជា​ប្រតិបត្តិការ​មួយ​សង​សឹក​បស្ចិមលោក ដោយ​ធ្វើ​ដូច​បស្ចិមលោក? ត្រង់​នេះ គេ​ត្រូវ​ដឹង​ថា ក្រៅ​ពី​ការ​ពង្រីក​ណាតូ​មក​កាន់​ប៉ែក​ខាង​កើត​កៀក​ជិត​ឡើងៗ​នឹង​ទឹក​ដី​រុស្ស៊ី មាន​ព្រឹត្តិការណ៍​អន្តរជាតិ​ពីរ​ដែល​ធ្វើ​ឱ្យ​ពូទីន លែង​ទុក​ចិត្ត​បស្ចិមលោក និង​គុំកួន​បស្ចិម​លោក។ ទី​មួយ គឺ​ការណ៍​ដែល អាមេរិក​ធ្វើ​សង្គ្រាម វាយ​រំលំ​របប​របស់​សាដាំ ហ៊ុសសេន(Saddam​ Hussein)​នៅ​អ៊ីរ៉ាក់ ក្នុង​ឆ្នាំ​២០០៣ ដោយ​ភូត​ហើយ​ចោទ​ប្រកាន់​ថា អ៊ីរ៉ាក់​បង្កើត​អាវុធ​ប្រល័យ​លោក និង​ដោយ​រំលោភ​បំពាន​ទៅ​លើ​ច្បាប់​អន្តរជាតិ។ ទី​ពីរ គឺ ប្រតិបត្តិការ​សឹក​របស់​ណាតូ ទៅ​លើ ស៊ែប៊ី​របស់​មីឡូសេវីក(Milosevic) មុន​នឹង​បស្ចិមលោកទាំងមូលទទួល​ស្គាល់ ដោយ​ខុស​ច្បាប់​អន្តរជាតិ​ដូច​គ្នា ឯករាជ្យ​របស់​កូសូវ៉ូ (Kosovo) ដែល​ប្រកាស​ផ្តាច់​ខ្លួន​ចេញ​ពី​ស៊ែប៊ី នៅ​ឆ្នាំ​២០០៨។ អ្វីៗ​ដែល​រុស្ស៊ី​ធ្វើ ចុង​ក្រោយ​នេះ ពិសេស​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន នៅ​ថ្ងៃ​២៤​កុម្ភៈ​២០២២ ជាក់​ច្បាស់​ណាស់ គឺ​ជា​កា​រំលោភ​ច្បាប់​អន្តរជាតិ។ មិន​តែ​ប៉ុណ្ណោះ វា​ប៉ះ​ពាល់ ចង់​ឬ​មិន​ចង់ ដល់​សីលធម៌ នៅ​ត្រង់​ថា លើក​នេះ រុស្ស៊ី​ផ្តាច់​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​ប្រជាធិបតេយ្យ។ ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត គឺ​សង្គ្រាម​ឈ្លាន​ពាន​នេះ កើត​ឡើង​នៅ​លើ​ទ្វីប​អឺរ៉ុប។

 អ៊ីចឹង​ហើយ បាន​ជា​រុស្ស៊ី ឋិត​នៅ​ក្នុង​ស្ថាន​ភាព​ទូ​ទៅ​មួយ​អាក្រក់​ជា​ទី​បំផុត តាំង​ពី​ចប់​សង្គ្រាម​ត្រជាក់​នៅ​ឆ្នាំ​១៩៩១​មក។ រុស្ស៊ី​ឯកកោ​ខ្លាំង​នៅ​លើ​ឆាក​អន្តរជាតិ បាត់​បង់​មិត្ត សូម្បី​តែ​សម្ព័ន្ធមិត្ត​ជា​ប្រវត្តិសាស្ត្រ​ដូច​ជា​ឥណ្ឌា ឬ​សម្ព័ន្ធមិត្ត​យុទ្ធសាស្ត្រ​ដូច​ជា​ចិន ក៏​លែង​ហ៊ាន​ឬ​លែង​ចង់​ចេញ​មុខ​ការ​ពារ​ដែរ។ ដូច​គ្នា នៅ​ទី​បំផុត ដោយហេតុតែ​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន ពូទីន បាន​និង​កំពុង​បន្ត​ធ្វើ​ឱ្យ​អ្វីៗ​ដែល​មិន​នាំ​ប្រយោជន៍​ដល់​រុស្ស៊ី​ទាល់​តែ​សោះ រីក​ធំ​និង​រឹងមាំ​ឡើង​វិញ។ ជាក់​ស្តែង ណាតូ​ដែល​ពូទីន​ខ្លួន​ឯង វាយ​តម្លៃ​ថាហួស​សម័យ​និង​ដែល​រហូត​ដល់​ចុង​ឆ្នាំ​២០២០ អតីត​ប្រធានា​ធិបតី​អាមេរិក​ត្រាំ(Trump) ជាន់​ឈ្លី​សឹង​ខ្ទេច​ខ្ទី មាន​ដង្ហើម​វែង​រស់​រវើក​ឡើង​វិញ។ សហភាព​អឺរ៉ុប​ដែល​បាត់​បង់​ឥទ្ធិពល តាំង​ពី​អង់គ្លេស​ដើរ​ចេញ​ទៅ​នៅ​ដើម​ឆ្នាំ​២០២០ និង​ដែល​បាក់​បែក​ប្រេះឆា​ខ្លាំង​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ក្លាយ​ជា​ប្លុក​មួយ​រឹង​មាំ​ឡើង​វិញ។ មិន​តែ​ប៉ុណ្ណោះ អឺរ៉ុប ក្នុង​នាម​ជា​អង្គការ​តំបន់​មួយ​ដែល​តាំង​ពី​ដើម​ទី​មក មិន​ដែល​សម្រេច​បាន​សោះ​ឡើយ ប្រព័ន្ធ​ការពារ​រួម​មួយ ស្រាប់​តែ​ត្រូវ​បង្ខំ​ចិត្ត​ផ្តល់​សន្ទុះ​ថ្មី​ដល់​គោល​គំនិត​ដ៏​ចាំ​បាច់​មួយ​នេះ ក្រោម​ការ​ផ្តួច​ផ្តើម​របស់​ប្រធានាធិបតី​បារាំង​ម៉ាក្រុង(Macron)។

ម្ល៉ោះហើយ ​បើ​អូស​បន្លាយ​យូរ​និង​បើ​បណ្តាល​ឱ្យ​ជនជាតិ​អ៊ុយក្រែន និង​ទាហាន​រុស្ស៊ី​ស្លាប់​កាន់​តែ​ច្រើន សង្គ្រាម​នឹង​ក្លាយ​យូរ​ឬ​ឆាប់​ជា​វិបត្តិ​ធ្ងន់​ធ្ងរ សម្រាប់​រុស្ស៊ី​របស់​ពូទីន ដូច​សង្គ្រាម​នៅ​អាហ្កានីស្ថាន ​ឆ្នាំ​១៩៧៩-១៩៨៩ ជា​បញ្ហា​រ៉ាំរ៉ៃ​សម្រាប់​សហភាព​សូវៀត។ នៅ​ក្នុង​បរិបទ​បែប​នេះ គ្រប់​សេណារីយ៉ូ​នៃ​សង្គ្រាម​នៅ​អ៊ុយក្រែន មិន​អាច​បង្កើត​ស្តែង​ឡើង នូវ​លទ្ធផល​វិជ្ជាមាន​ទេ សម្រាប់ ពូទីន។ និយាយ​បែប​ផ្សេង សង្គ្រាម​នៅ​អ៊ុយក្រែន អាច​ជា​សង្គ្រាម​ចុង​ក្រោយ​របស់​ពូទីន៕

ប្រភព : ហ្សង់ ហ្រ្វង់ស័រតាន់