Alynana Media Cambodia
Icon Collap
LeftSide2
Right2RightSideBar
Borey Vimean Samnang បុរី វិមានសំណាង
TopContent CheckinMe
TopContent KW SAM SN

ជប៉ុន​ផ្ដល់​ជំនួញ​ឥត​សំណង​សរុប​ចំនួន ១៣,៩ លានដុល្លារ សម្រាប់អភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ

Admin Alynana | Dec 16, 2021
ជប៉ុន​ផ្ដល់​ជំនួញ​ឥត​សំណង​សរុប​ចំនួន ១៣,៩ លានដុល្លារ សម្រាប់អភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ
TopContent KW SAM SN Middle

 នៅរសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដមឧបនាយក​រដ្ឋមន្ត្រី​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ ឯកឧត្ដម មិកាមិ​ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជ ទូត​ជប៉ុន​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា បានចុះ​ហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និងឯកសារពាក់ព័ន្ធ ​ស្ដីពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន ១.៥០០ លានយ៉េន (ប្រមាណ ១៣,៩ លានដុល្លារអាមេរិក) ក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម សម្រាប់អនុវត្តគម្រោងបំពាក់គ្រឿងចក្រលើកដាក់គែមផែចល័ត (Mobile Harbor Crane) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។​

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវសេចក្តីសោមន្សរីករាយក្នុងការចុះហត្ថលេខាជាមួយ​ ឯកឧត្ដមឯកអគ្គរាជទូត​ជប៉ុន​ ព្រមទាំងបានបញ្ជាក់ថា ការចុះហត្ថលេខានៅក្នុងថ្ងៃនេះគឺជាលើកទី៤ហើយនៅក្នុងឆ្នាំនេះ ដែលរូប ឯកឧត្តម ផ្ទាល់  និង ឯកឧត្ដមឯកអគ្គរាជទូត បានចុះហត្ថលេខាលើ​លិខិត​ប្ដូរ​សារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន។ ​ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ​ គឺជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលបានជួយរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ​ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញផងដែរអំពីការផ្តល់ឥណទានសម្បទាន​របស់​ជប៉ុនដល់ការអភិវឌ្ឍគម្រោងសាងសង់ស្ថានីយ៍កុងតឺណឺរ ដំណាក់កាលទី១ ដែលរំពឹងថានឹងអាចធ្វើប្រតិបត្តិការបាន នៅឆ្នាំ២០២៥ ខាងមុខនេះ។

ជាងនេះទៅទៀត ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ជាងពីរទសវត្សរ៍មកហើយដែលជំនួយអភិវឌ្ឍរបស់ជប៉ុនបានរួមចំណែកយ៉ាងសំខាន់ដល់ការផ្លាស់ប្តូរកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែសមុទ្រអន្តរជាតិដែលមានគុណភាពខ្ពស់ និងបានជួយសម្រួលយ៉ាងច្រើនដល់សកម្មភាពនាំចេញ-នាំចូលទំនិញ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុនជាថ្មីនៅថ្ងៃនេះ គឺបានរួមចំណែកយ៉ាងសំខាន់បន្ថែមទៀតដល់ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាព និងប្រសិទ្ធភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការប្រតិបត្តិការការងារ ស្របពេលដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយវិបត្តិនៃជំងឺ រាតត្បាតកូវីដ-១៩។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែបន្តជួយដល់ការអភិវឌ្ឍរយៈពេលវែងនៅកម្ពុជា។ ឯកឧត្តម ក៏បានថ្លែងអំណរគុណជាពិសេសចំពោះ ឯកឧត្តម ឯកអគ្គរាជទូត​ បុគ្គលិកស្ថានទូត និងអង្គការចៃការ (JICA) ជប៉ុន ដែលបានខិតខំប្រឹងប្រែងក្នុងការបន្តផ្តល់កិច្ច សហប្រតិបត្តិការ និងជំនួយមកដល់កម្ពុជា​​ ជាពិសេសនៅក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ-១៩ ដែលនេះគឺជាកាយវិការមួយឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដអំពីមិត្តយូរអង្វែងរវាងប្រទេសទាំងពីរ៕