Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រសួងពាណិជ្ជកម្ម រកបានចំណូលពីកម្រៃសេវា សាធារណៈ និងការពិន័យជាប្រាក់ជាង ៥៣ពាន់លាន រយៈពេល១១ខែ ឆ្នាំ២០២១

Admin Alynana | Dec 27, 2021
ក្រសួងពាណិជ្ជកម្ម រកបានចំណូលពីកម្រៃសេវា សាធារណៈ និងការពិន័យជាប្រាក់ជាង ៥៣ពាន់លាន រយៈពេល១១ខែ ឆ្នាំ២០២១
Clinic narith


(ភ្នំពេញ)៖ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រសួងពាណិជ្ជកម្ម រកចំណូលបានប្រមាណ១៣លានដុល្លារ ស្មើនឹង១២៥.៤៨% ធៀបនឹងផែនការ ថវិកាឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ បូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២១ របស់ក្រសួងពាណិជ្ជកម្ម។

របាយការណ៍បានសរសេរយ៉ាងដូច្នេះថា «គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រសួងពាណិជ្ជកម្ម ប្រមូលចំណូលសរុបបានចំនួន ៥៣,០១៩.៧លានរៀល (ប្រមាណ១៣លានដុល្លារ) ស្មើនឹង១២៥.៤៨% ធៀបនឹងផែនការថវិកាឆ្នាំ២០២១ ចំនួន ៤២,២៥៤.៥ លានរៀល (ប្រមាណ១០លានដុល្លារ)»។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងទៀតថា ចំណូលដែលក្រសួងប្រមូលបានគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងនោះ រួមមាន៖ ចំណូលកម្រៃសេវា សាធារណៈ និងការពិន័យជាប្រាក់៖

* វិញ្ញាបនបត្រប្រភពដើមទំនិញ ការចេញអាជ្ញាបណ្ណ និងសេវាពាក់ព័ន្ធ៖ ២៦,៨៣៦.៣លានរៀល
* ការចុះបញ្ជីម៉ាក និងសេវាពាក់ព័ន្ធ៖ ៨,៥៥០.៥លានរៀល 
* ការចុះបញ្ជីពាណិជ្ជកម្ម និងសេវាពាក់ព័ន្ធ៖ ១៤,២៩២.៩លានរៀល
* ការតម្កល់លិខិតជូនដំណឹងមានកិច្ចធានា៖ ៣៧១.៧លានរៀល
* កិច្ចការពិព័រណ៍៖ ២.៨លានរៀល
* អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ៖ ១,៨៦៨.១លានរៀល

ចំណូលកិច្ចសន្យា៖ 
* ការជួលដីទំនេរ៖ ៥៦៨.៦លានរៀល 
* ការជួលដីមានអគារ៖ ៥២៨.៨លានរៀល។

ដោយឡែកចំពោះការចំណាយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រសួងពាណិជ្ជកម្មចំណាយថវិកា សរុបអស់ចំនួន ៧២,០៥១.៨លានរៀល (ប្រមាណ១៧លានដុល្លារ) ស្មើនឹង ៧០.០៨% ធៀបនឹងផែនការថវិកាឆ្នាំ២០២១ ចំនួន១០២,៨១៥.០លានរៀល (ប្រមាណ២៥លានដុល្លារ)។

របាយការណ៍ក្រសួង បានបញ្ជាក់ថា រាល់ចំណូល-ចំណាយទាំងអស់ របស់ក្រសួងពាណិជ្ជកម្ម ត្រូវបានបញ្ចូលក្នុងប្រព័ន្ធគ្រប់គ្រងចំណូល មិនមែនសារពើពន្ធ (NRMIS) និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជាប្រចាំ៕