ភ្នំពែញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នំា២០២២ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងចុងក្រោយគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២១-២០៣០ ។
បន្ទាប់ពីឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម បានធ្វើការរាយការណ៍អំពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២១-២០៣០ រួចមក ក្នុងនាមក្រសួង ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បញ្ជាក់ថា មិនត្រឹមតែជាឱកាសមួយសម្រាប់យើងទាំងអស់គ្នាចូលរួមពិភាក្សាចែករំលែកទស្សនៈ និងផ្តល់នូវធាតុចូលជាគំនិតថ្មីៗលើលទ្ធផលការងារ កាលានុវត្តភាព និងបញ្ហាប្រឈមផ្សេងៗដែលយើងបានជួបប្រទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសមួយសម្រាប់យើងទាំងអស់គ្នាចូលរួមរិះរកគ្រប់មធ្យោបាយ ដើម្បីកំណត់បណ្តាសកម្មភាពជាអាទិភាពឈានឆ្ពោះទៅរកការអភិវឌ្ឍវិស័យកសិកម្មឱ្យមានការរីកចម្រើនឆាប់រហ័ស និងប្រកបដោយចីរភាព។ ជាពិសេសនៅក្នុងបរិការណ៍ដែលប្រទេសជាតិយើងកំពុងខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ក្រោយពីវិបត្តិនៃការរាតត្បាតដោយជំងឺកូវីដ-១៩ ឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខនេះ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានផែនការនិងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារបច្ចេកទេស និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងដៃគូអភិវឌ្ឍន៍ដទៃទៀតដែលបានជួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេសនិងថវិកាសម្រាប់ដំណើរការរៀបចំគោលនយោបាយដ៏មានសារៈសំខាន់នេះ។
ឯកឧត្តម បន្ថែមថា រាជរដ្ឋាភិបាលមានចក្ខុវិស័យវែងឆ្ងាយក្នុងការធ្វើទំនើបកម្មវិស័យកសិកម្ម ដូចជាការអនុវត្តការដាំដុះក្នុងផ្ទះសំណាញ់ ការប្រើប្រាស់ប្រព័ន្ធស្រោចស្រពសន្សំសំចៃទឹក ការព្រោះស្រូវដោយឧបករណ៍ទំនើប ដោយប្រើកម្លាំងពលកម្មតិចបំផុត និងការប្រើដ្រូនបាចជីកសិកម្មជាដើម ដែលទាំងអស់នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជំរុញវិស័យកសិកម្មឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព សំដៅបង្កើនប្រាក់ចំណូលគ្រួសារកសិករ ពង្រីកវិបុលភាព និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ ព្រមជាមួយនឹងការសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់នេះ វិស័យកសិកម្មបាន និងកំពុងមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ ដោយបានផលិតស្បៀងលើសពីសេចក្តីត្រូវការក្នុងស្រុក ហើយកំពុងជំរុញគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន សហគ្រាសខ្នាតតូចនិងមធ្យម និងដៃគូអភិវឌ្ឍន៍នានា វិនិយោគលើការកែច្នៃ ដើម្បីធានានូវនិរន្តរភាពនៃការផលិតក្នុងស្រុក ស្ថិរភាពទីផ្សារ បង្កើនតម្លៃបន្ថែម លើកកម្ពស់គុណភាព ស្តង់ដារអនាម័យ និងសុវត្ថិភាពឆ្លើយតបតាមតម្រូវការទីផ្សារទាំងក្នុងតំបន់ និងអន្តរជាតិ។
ជាក់ស្តែង ក្នុងឆ្នាំ២០២១កន្លងទៅនេះ តម្លៃផលិតផលកសិកម្មសរុបមានទំហំ១៨ពាន់លានដុល្លារអាមេរិក កើនប្រមាណជាង៤៣% ធៀបទៅនឹងតម្លៃផលិតផលកសិកម្មសរុបក្នុងឆ្នាំ២០២០ ក្នុងនោះតម្លៃផលិតផលសរុបផ្នែកដំណាំមានទំហំ ១០,៥ពាន់លានដុល្លារអាមេរិក តម្លៃផលិតផលសរុបផ្នែកសត្វមានទំហំ ៥,១ ពាន់លានដុល្លារអាមេរិក តម្លៃផលិតផលផ្នែកជលផលមានទំហំ ១,៧ពាន់លានដុល្លារអាមេរិក តម្លៃផលិតផលផ្នែកព្រៃឈើមានទំហំជាង ៧៨,៦៣លានដុល្លារអាមេរិក និងតម្លៃផលិតផលសរុបផ្នែកកៅស៊ូមានទំហំជាង ៦០៤លានដុល្លារអាមេរិក។ ដោយឡែក តម្លៃនៃការនាំចេញផលិតផលកសិកម្មសរុបសម្រាប់ឆ្នាំ២០២១ មានទំហំជាង ៥ ពាន់លានដុល្លារអាមេរិកគឺមានកំណើន ២៥% ធៀបទៅនឹងឆ្នាំ២០២០៕