ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញនឹងផាកពិន័យចំពោះអ្នកដែលទុកដាក់សំរាម សំណល់រឹង មិនបានបែងចែកឱ្យបានត្រឹមត្រូវ និងការបញ្ចេញសំរាមខុសម៉ោង កំណត់ចាប់ពីខែកុម្ភៈ ឆ្នាំ ២០២២ នេះ។ នេះបើតាមលោក ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ។
លោក ហួត ហៃ បានបញ្ជាក់បែបនេះក្នុងពេលធ្វើជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងពង្រឹងការអនុវត្តភារកិច្ចរបស់ភ្នាក់ងារអនាម័យនៅតាមសង្កាត់នានាក្នុងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី ១៤ ខែមករានេះនៅសាលារាជធានីភ្នំពេញមុននឹងឈានទៅដល់ការអនុវត្ដច្បាប់។
លោកបានថ្លែងថា៖ «ចាប់ពីខែកុម្ភៈឆ្នាំ ២០២២ នេះតទៅ អាជ្ញាធររាជធានីភ្នំពេញនឹងចាប់ផ្ដើមអនុវត្តទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិជាធរមាន ព្រមទាំងប្ដឹងទៅតុលាការតាមកំហុសជាក់ស្ដែង ចំពោះអ្នកដែលទុកដាក់សំណល់រឹង ដោយមិនបានបែងចែកឱ្យបានត្រឹមត្រូវរវាងសំរាមសើម និងសំរាមស្ងួត និងការបញ្ចេញសំរាមខុសម៉ោង ខុសពេលកំណត់»។
លោក ហួត ហៃ បានលើកឡើងថា ការជួបជុំគ្នានាពេលនេះក៏មានគោលបំណងដើម្បីផ្សព្វផ្សាយ អំពីការទុកដាក់សំរាម សំណល់រឹង នៅរាជធានីភ្នំពេញឱ្យបានកាន់តែល្អប្រសើរជាងមុន និងឈានទៅដល់ការដាក់ផាកពិន័យទៅតាមច្បាប់៕