ព្យុងយ៉ាង៖ កូរ៉េខាងជើងបានបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួនក្នុងអំឡុងឆ្នាំមុន ហើយការវាយប្រហារតាមអ៊ីនធើណិតលួចរូបិយប័ណ្ណគ្រីបតូ គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការដកស្រង់ប្រភពពីរបាយការណ៍សម្ងាត់របស់អង្គការសហប្រជាជាតិ។
នៅក្នុងឆ្នាំ២០១៩ អង្គការសហប្រជាជាតិក៏ធ្លាប់បានរាយការណ៍ដែរថា កូរ៉េខាងជើងបានប្រមូលប្រាក់តាមការប៉ាន់ស្មានប្រហែល ២ពាន់លានដុល្លារដើម្បីទ្រទ្រង់ដល់កម្មវិធីអាវុធប្រល័យលោករបស់ខ្លួន តាមរយៈការវាយប្រហារតាមអ៊ីនធើណិតដ៏ទំនើប។ រីឯនៅចន្លោះឆ្នាំ២០២០ និង២០២១ អ្នកវាយប្រហារផ្នែកព័ត៌មានវិទ្យាបានលួយលុយអនឡាញជាង ៥០លានដុល្លារ។ ការវាយប្រហារបែបនេះ មានគោលដៅលើរូបិយប័ណ្ណគ្រីបតូហោចណាស់ ៣តំបន់គឺ អាមេរិកខាងជើង អឺរ៉ុប និងអាស៊ី។
ការវាយប្រហារតាមអ៊ីនធើណិតនេះ ជាប្រភពចំណូលដ៏សំខាន់មួយរបស់របបដឹកនាំលោក គីម ជុងអ៊ុន ដើម្បីអភិវឌ្ឍកម្មវិធីមីស៊ីលប្លាលីស្ទិក និងនុយក្លេអ៊ែររបស់ខ្លួន។ នេះបើតាមការរកឃើញរបស់អ្នកស៊ើបអង្កេត។ ការរកឃើញត្រូវបានគេរាយការណ៍ថា បានប្រគល់អោយគណៈកម្មាធិការទណ្ឌកម្មរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ៕
ប្រភព៖ Reuters និង BBC