Alynana Media Cambodia
Icon Collap
clinic narit

ប៉ូល​សេដ្ឋកិច្ច​ទី៤ ថ្មីនឹងកំពុង​ជំរុញ​អំណាច​សេដ្ឋកិច្ច​កម្ពុជា​ឆ្ពោះទៅ​មុខ​យ៉ាងសកម្ម

Admin Alynana | Feb 08, 2022
ប៉ូល​សេដ្ឋកិច្ច​ទី៤ ថ្មីនឹងកំពុង​ជំរុញ​អំណាច​សេដ្ឋកិច្ច​កម្ពុជា​ឆ្ពោះទៅ​មុខ​យ៉ាងសកម្ម
Clinic narith

ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជំហរ​ក្នុងការ​បង្កើត​ប៉ូល​សេដ្ឋកិច្ច​ទី​៤ របស់​កម្ពុជា​នៅ​ភូមិភាគ​ឦសាន​ប្រទេស​ឱ្យបាន ដោយ​នឹង​ផ្តោត​សំខាន់​លើ​វិស័យ​កសិឧស្សាហកម្ម និង​ធនធាន​រ៉ែ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​។

ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កំណាត់​ផ្លូវជាតិ​លេខ ៧ ក្នុង​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​ ៧ ខែកុម្ភៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍​ថា​៖ «​ខ្ញុំ​មានបំណង​បង្កើត​ឱ្យ​កម្ពុជា​មាន​ប៉ូល​សេដ្ឋកិច្ច ៤ បន្ទាប់ពី​ប៉ូល​សេដ្ឋកិច្ច ៣ ចេញ​ជា​រូបរាង រួមមាន​ប៉ូល​សេដ្ឋកិច្ច ទី​១​ នៅ​ភ្នំពេញ​, ទី​២ ខេត្ត​ព្រះសីហនុ​, ទី​៣ ខេត្តសៀមរាប និង​ទី​៤ គឺ​ភាគ​ឦសាន​ប្រទេស​កម្ពុជា​»​។

លោកនាយក​រដ្ឋមន្ត្រី​បន្តថា លោក​ចង់​ប្រែក្លាយ​ប៉ូល​សេដ្ឋកិច្ច​នៅ​ភូមិភាគ​ឦសាន​នេះ​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ទី​ ៤ ដោយ​ផ្តោត​សំខាន់​លើ​វិស័យ​កសិឧស្សាហកម្ម និង​ធនធាន​រ៉ែ ដែលមាន​ស្រាប់​ក្នុង​តំបន់​នេះ​។ ដូច្នេះ​បានជា​លោក​ដាក់ចេញ​ផែន​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​តំបន់​នេះ​។

ពាក់ព័ន្ធ​នឹង​ធនធាន​រ៉ែ​នៅក្នុង​ខេត្ត​មណ្ឌលគិរី​នៃ​តំបន់​ភាគ​ឦសាន​នេះ លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា ក្នុង​រយៈពេល ៧ ​ខែ កម្ពុជា​ផលិត​មាស​បាន​ចំនួន ១ ៧៥១​ គីឡូក្រាម ខណៈ​ជាទូទៅ​ក្នុង​ ១​ សប្តាហ៍​កម្ពុជា​អាច​ផលិត​មាស​បាន​ពី ៨០-១០០ ​គីឡូក្រាម​។

សម្ដេច ហ៊ុន សែន មានប្រសាសន៍​ថា​៖ «​អ៊ីចឹង​បានជា​ខ្ញុំ​ដាក់​គោលដៅ​ប៉ូល​សេដ្ឋកិច្ច​នៅ​ទិសឦសាន គឺ​កសិ​ឧស្សាហកម្ម និង​ធនធាន​រ៉ែ​របស់​យើង​។ យើង​មិនទាន់​ស្រាវជ្រាវ​អស់​នៅឡើយ​ទេ យើង​នៅមាន​រ៉ែ​បុក​ស៊ីត ធ្យូងថ្ម និង​នៅមាន​កន្លែង​ផលិត​មាស​ដទៃ​។ យើង​មិនទាន់បាន​ប្រើប្រាស់​អស់​នៅឡើយ​ទេ ទើបតែ​ចាប់ផ្តើម​ផលិត​មាស​បាន ៧ ​ខែ​»​។

បើតាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ខេត្ត​មួយចំនួន​នៃ​ភូមិភាគ​ឦសាន​នេះ​មាន​សក្តានុពល​ខ្ពស់​លើ​ការដាំដុះ​ដំណាំ​ផ្សេងៗ​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស បើទោះបី​តំបន់​នេះ​មិនទាន់មាន​រោងចក្រ​កែច្នៃ​គ្រប់គ្រាន់​ក៏ដោយ ប៉ុន្តែ​ដំណាំ​កៅស៊ូ ស្វាយចន្ទី ម្រេច និង​ដំណាំ​ដទៃទៀត​ត្រូវបាន​នាំ​ចេញទៅ​បរទេស​តាមរយៈ​ការនាំចេញ​វត្ថុធាតុដើម​ផង និង​តាមរយៈ​ការកែច្នៃ​យក​ទៅជា​ផលិតផល​សម្រេច​ផងដែរ​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរីវឌ្ឍន៍ បាន​ប្រាប់​សារព័ត៌មានក្នុងស្រុកមួយនៅ​ថ្ងៃទី​ ៧ ខែកុម្ភៈ​ថា សម្រាប់​ប៉ូល​សេដ្ឋកិច្ច​ភ្នំពេញ​ជា​ប៉ូល​សេដ្ឋកិច្ច​ពហុបំណង ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម និង​ជំនួញ​នានា ហើយ​សម្រាប់​ខេត្តសៀមរាប គឺជា​ប៉ូល​សេដ្ឋកិច្ច​ពាក់ព័ន្ធ​នឹង​ទេសចរណ៍វប្បធម៌ ចំណែក​ខេត្ត​ព្រះសីហនុ គឺជា​ប៉ូល​សេដ្ឋកិច្ច​ពហុបំណង​ដែល​ពាក់ព័ន្ធ​ផ្នែក​ហិរញ្ញវត្ថុ និង​ទេសចរណ៍​។ ដោយឡែក​ប៉ូល​សេដ្ឋកិច្ច​នៅ​ភូមិភាគ​ឦសាន ដែល​រាជរដ្ឋាភិបាល​បង្កើតឱ្យមាន​នេះ​ជា​តំបន់​ទេសចរណ៍​ផង កសិឧស្សាហកម្ម​ផង និង​ធនធាន​រ៉ែ​ផង​។

លោក​បន្តថា ប៉ូល​សេដ្ឋកិច្ច​ទាំង​ ៤ នេះ គឺជា​តំបន់​ដែលមាន​សក្តានុពល​សេដ្ឋកិច្ច​របស់​កម្ពុជា ប៉ុន្តែ​លើកលែង​ខេត្ត​ប៉ូល​សេដ្ឋកិច្ច​ចំនួន​ ៣ នៃ​តំបន់​ភាគ​ឦសាន​មិនទាន់​ដល់​ពេលដែល​ត្រូវ​ជំរុញ​ឱ្យ​តំបន់​នេះ​ក្លាយជា​តំបន់​រុករក​រ៉ែ​ទេ ព្រោះ​ធនធានធម្មជាតិ​នេះ​ត្រូវតែ​រក្សាទុក​សិន ព្រោះ​មិនទាន់​កែច្នៃ​ធនធាន​នៅលើ​ដី​អស់​។

លោក​ថ្លែងថា​៖ «​ប៉ូល​សេដ្ឋកិច្ច​ទាំង ៤ នេះ​គឺ​រដ្ឋាភិបាល​បង្កើត​ឱ្យក្លាយ​ទៅជា​តំបន់​ឧត្តមភាព​ប្រៀបធៀប​ដែល​អាច​ជំរុញ​ឱ្យ​កំណើនសេដ្ឋកិច្ច​របស់​យើង​មាន​ភាព​លេចធ្លោ និង​មានការ​ចំណាយ​ថ្លៃដើម​ទាប​ជាង​តំបន់​ដទៃទៀត​ក្នុង​ការផលិត​ទំនិញ​។ ជាក់ស្តែង​បើ​យើង​និយាយ​អំពី​កសិឧស្សាហកម្ម​បើ​យើង​យកទៅ​ដាំ​នៅ​ខេត្ត​ផ្សេង​យើង​មាន​ថ្លៃដើម​ខ្ពស់ជាង​»​។

បើតាម​លោក គី សេរីវឌ្ឍន៍ ប៉ូល​សេដ្ឋកិច្ច​ទាំង​ ៤ បានផ្តល់​នូវ​សក្តានុពល​ខ្ពស់​ក្នុងការ​ទាក់ទាញ​វិនិយោគ ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​របស់​កម្ពុជា ព្រោះ​វា​មាន​ភាព​អំណោយផល​ពី​ធនធាន​ធម្មជាតិ​របស់​ខេត្ត​នីមួយៗ​ដូចជា​ខេត្ត​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​ពហុបំណង និង​ខេត្តសៀមរាប​មាន​សក្តានុពល​ទេសចរណ៍​ជាង​ខេត្ត​ផ្សេងទៀត ព្រោះ​ខេត្ត​ទាំង​ ២​ មាន​ប្រាសាទ​បុរាណ និង​ឆ្នេរ​ពី​ធម្មជាតិ​៕