Alynana Media Cambodia
Icon Collap
clinic narit

សម្តេច ហ៊ុន សែន ដាក់ចេញគោលការណ៍ ៩ចំណុច ដើម្បីកម្ពុជារក្សាសុខសន្តិភាពទាំងបច្ចុប្បន្ន និងអនាគត

Admin Alynana | Feb 23, 2022
សម្តេច ហ៊ុន សែន ដាក់ចេញគោលការណ៍ ៩ចំណុច ដើម្បីកម្ពុជារក្សាសុខសន្តិភាពទាំងបច្ចុប្បន្ន និងអនាគត
Clinic narith

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់នូវគោលការណ៍ណែនាំចំនួន៩ចំណុច ដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យកម្ពុជារក្សាសុខសន្តិភាពទាំងបច្ចុប្បន្ន និងអនាគត។

គោលការណ៍ណែនាំនេះ ត្រូវបានដាក់ចេញក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និង លើកទិសដៅការងារ ឆ្នាំ ២០២២ របស់ក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដើម្បីកម្ពុជារក្សាបាននូវសុខសន្តិភាព ទាំងបច្ចុប្បន្ន និងអនាគត ក្នុងនាមរាជរដ្ឋាភិបាល សម្តេចសូមផ្តល់នូវគោលការណ៍ណែនាំដូចខាងក្រោម៖

ទី១៖ បន្តរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថិរភាព នយោបាយ ឯករាជ្យ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋ-ធម្មនុញ្ញ បន្តជំរុញលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរី- ពហុបក្ស ការការពារ និងលើកស្ទួយសិទ្ធិសេរីភាពរបស់ ប្រជាពលរដ្ឋជាមួយនឹងការពង្រឹងនីតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ។

ទី២៖ បង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈជាប់ជាប្រចាំ ត្រូវបន្តធ្វើការកែទម្រង់កងកម្លាំង-នគរបាលជាតិ ផ្អែកតាមយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានាដែលបានកំណត់ ពង្រឹងកងកម្លាំងនគរបាលជាតិ កសាងសមត្ថភាពកម្លាំងនគរបាលជាតិប្រកបដោយជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ ត្រូវប្រគល់តួនាទីភារកិច្ចមន្រ្តីក្រោមឱវាទស្របតាមមុខជំនាញ បទពិសោធន៍ និង ស្នាដៃបំពេញការងារ ។ ត្រូវទប់ស្កាត់រាល់សកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែនគ្រប់រូបភាព បទល្មើសបច្ចេកវិទ្យា ការចរាចរជួញដូរគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ និងបទល្មើសផ្សេងៗទៀត ជាពិសេសត្រូវបន្តស្រាវជ្រាវរាល់សកម្មភាពខុសច្បាប់ ដែលប៉ុនប៉ងផ្តួល រំលំរាជរដ្ឋាភិបាលស្របច្បាប់ ។

ទី៣៖ ដើម្បីបន្តពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ប្រកបដោយតម្លាភាព ខ្ញុំសូមណែនាំដល់ក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ : ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធត្រូវសហការត្រួតពិនិត្យការនាំចូល ការគ្រប់គ្រង ការចែកចាយ និងប្រើប្រាស់សារធាតុគីមីផ្សំនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការប្រើប្រាស់ត្រឹមត្រូវស្របតាមគោលការណ៍អនុញ្ញាត ។ ត្រូវពិនិត្យ វាយតម្លៃ និងរៀបចំឡើងវិញនូវគោលការណ៍ព្យាបាល និងការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដែលមានការកើនឡើងជាលំដាប់ ។

ទី៤៖ កងកម្លាំងមានសមត្ថកិច្ចត្រូវបង្កើនវិធានការអប់រំច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ បង្កើនការរៀបចំស្លាកសញ្ញាចរាចរណ៍ និងសណ្តាប់ធា្នប់តាមដងផ្លូវ តាមទីក្រុង ទីប្រជុំជននានា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយធានាសុវត្ថិភាពក្នុងការធ្វើដំណីរ ។

ទី៥៖ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមផ្តល់ការណែនាំដល់រដ្ឋមន្ត្រីនៃក្រសួងស្ថាប័ននានា ត្រូវពង្រឹងការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងយន្តការនានា ដែល រាជរដ្ឋាភិបាលបានបង្កើតឡើង ដើម្បីរួមគ្នាអនុវត្តប្រកប- ដោយប្រសិទ្ធភាពនូវផែនការសកម្មភាពនៃយុទ្ធសាស្ត្រជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម និងផែនការសកម្មភាពនានា ដែលក្រុមការងារត្រួតពិនិត្យ រួមគ្នានៃប្រទេសអាស៊ី-ប៉ាស៊ីហ្វិក បានដាក់ចេញសំដៅការពារ កិត្តិយស កិត្យានុភាពជាតិ និងការចូលរួមរបស់កម្ពុជាក្នុងការរក្សាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ។

ទី៦៖ ត្រូវបន្តបង្កើនការគ្រប់គ្រងការចេញចូលប្រទេស ទប់ស្កាត់ជនបរទេសចេញចូលស្នាក់នៅខុសច្បាប់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ និង បន្តពង្រឹងយន្តការគ្រប់គ្រងវត្តមានជនបរទេសខុសច្បាប់ក្នុងប្រទេស ដែលបានប្រព្រឹត្តបទល្មើសនានា ដើម្បីចាត់វិធានការតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៃព្រះរាជាណា-ចក្រកម្ពុជា ។

ទី៧៖ ផ្អែកលើការវាយតម្លៃសមិទ្ធផលអនុវត្ត “គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព” ដែលបានអនុវត្តក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវគោលនយោបាយភូមិ ឃុំ សង្កាត់មាន សុវត្ថិភាពថ្មី ដោយពង្រីកវិសាលភាពផ្តល់សេវាសាធារណៈ ជាពិសេសការផ្តល់សេវារដ្ឋបាលប្រកបដោយតម្លាភាព និង ការជឿទុកចិត្ត ការរៀបចំប្រព័ន្ធសម្របសម្រួលដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ការលើកកម្ពស់ការថែរក្សាការពារបរិស្ថាន អនាម័យ សោភ័ណភាពនៅតាមមូលដ្ឋាន ព្រមទាំងការរៀបចំ និងពង្រឹងប្រព័ន្ធគ្រប់គ្រងឆ្លើយតបគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនានា រួមទាំងជំងឺកូវីដ-១៩ ។ ដូច្នេះ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវរួសរាន់រៀបចំដាក់ចេញនូវគោលការណ៍ និងវិធានការនានាដើម្បីអនុវត្ត រួមទាំងការដាក់ចេញនូវចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព សំដៅលើកកម្ពស់ការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីភាពសុខុដុម-រមនា និងគុណភាពជីវិតប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។

ទី៨៖ ឆ្នាំ ២០២២ នេះ ជាឆ្នាំដំបូងដែលត្រូវអនុវត្ត ផែនការ ៥ ឆ្នាំ នៃកម្មវិធីជាតិកែទម្រង់វិមជ្ឈការ និងវិសហ-មជ្ឈការ ដំណាក់កាលទី ២ ដូច្នេះដើម្បីបន្តជំរុញដំណើរការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យសម្រេចបានតាមគោលដៅ ក្រសួងស្ថាប័ននានា រដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិត្រូវបន្តចូលរួមរៀបចំផែនការសកម្មភាព និង ថវិកាប្រចាំឆ្នាំ ដើម្បីអនុវត្តការកែទម្រង់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ក្នុងនោះ គណៈកម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិត្រូវសហការសម្របសម្រួលជាមួយក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធនានា ធ្វើការសិក្សាវាយតម្លៃឡើងវិញអំពីដំណើរការនៃការផ្ទេរមុខងារ និងធនធាន ដែលបានអនុវត្តកន្លងមក ហើយ ត្រូវបន្តវាយតម្លៃអំពីសមត្ថភាព និងស្មារតីទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តមុខងារ និង ធនធានដែលបានផ្ទេរ សំដៅបន្តលើកកម្ពស់ភាពជាម្ចាស់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយប្រសិទ្ធភាព ។

ទី៩៖ ត្រូវបន្តខិតខំរួមគ្នាអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយបន្តជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាវិធានការ គន្លឹះ ភ្ជាប់ជាមួយការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣កុំ ៣ ការពារ” ឱ្យបានជាប់ជាប្រចាំ ព្រមទាំងប្រកាន់យករបៀបរស់នៅ និងបំពេញការងារជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ថ្នាក់ ត្រូវបង្កើនសកម្មភាពចុះជួយតាមមូលដ្ឋានរៀងៗខ្លួន ហើយត្រូវចូលរួមដោះស្រាយបញ្ហាប្រឈមនានា និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យបានផុលផុស ដើម្បីជីវភាពប្រជាជនកាន់តែមានភាពល្អប្រសីរឡើង។

សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាល-ជាតិ មន្ត្រីរដ្ឋបាលស៊ីវិល មន្ត្រីពន្ធនាគារ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំពុះពារប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលការងារគួរជាទីមោទនៈកាលពីឆ្នាំ ២០២១ កន្លងមក ។ សម្តេចមានសុទិដ្ឋិនិយមចំពោះសមិទ្ធផល និងការប្តេជ្ញាចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រសួងមហាផ្ទៃ ដើម្បីសម្រេចបាននូវទិសដៅការងារឆ្នាំ ២០២២៕