Alynana Media Cambodia
Icon Collap
clinic narit

លោកជំទាវ ឃួន សុដារី បានចូលរួមជាវាគ្មិនពិសេសក្នុងសិក្ខាសាលារៀបចំដោយសភាសហភាពអឺរ៉ុបតាមប្រព័ន្ធវីដេអូ

Admin Alynana | Mar 09, 2022
លោកជំទាវ ឃួន សុដារី បានចូលរួមជាវាគ្មិនពិសេសក្នុងសិក្ខាសាលារៀបចំដោយសភាសហភាពអឺរ៉ុបតាមប្រព័ន្ធវីដេអូ
Clinic narith

(ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី នៅរសៀលថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមជាវាគ្មិនពិសេសក្នុងសិក្ខាសាលារៀបចំដោយសភាសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការអាស៊ាន (European Parliament in ASEAN) តាមប្រព័ន្ធនិម្មិត ដោយមានការផ្សាយផ្ទាល់តាមបណ្តាញសង្គម និងគេហទំព័រសភាសហភាអឺរ៉ុប ពីទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក។

ការអញ្ជើញចូលរួមនាពេលនេះធ្វើឡើងតបតាមការអញ្ជើញរបស់សភាសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការអាស៊ាន ក្នុងគោលបំណងពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា ពាក់ព័ន្ធនឹងស្រ្តី និងយេនឌ័រ ស្របពេលដែលពិភពលោកកំពុងប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ក្រោមមូលបទរួម «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»។ ដោយឡែកសិក្ខាសាលានាពេលនេះបានផ្តោតលើប្រធានបទសំខាន់មួយគឺ «ធ្វើឱ្យសមភាពយេនឌ័រក្លាយជាការពិត»។

សិក្ខាសាលានាពេលនេះបានអញ្ជើញវាគ្មិនសំខាន់ៗ ដែលជាឥស្សរជនជាន់ខ្ពស់ស្រ្តីមកពីស្ថាប័ននីតិប្បញ្ញត្តិ គណបក្សនយោបាយ និងធុរកិច្ច រួមមានលោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី, លោកជំទាវ Marina Kaljurand សមាជិកសភាសហភាពអឺរ៉ុប មកពីប្រទេសអេស្តូនី, លោកជំទាវ Silvana Koch-Mehrin ប្រធាន និងជាស្ថាបនិកមេដឹកនាំនយោបាយស្រ្តី និងជាអតីតអនុប្រធានសភាសហភាពអឺរ៉ុប និងលោកជំទាវ Siti Rozaimeriyanty DSLJ Haji Abdul Rahman សមាជិកក្រុមប្រឹក្សានីតិប្បញ្ញត្តិប្រ៊ុយណេដារូសាឡឹម។

ថ្លែងក្នុងអង្គសិក្ខាសាលា លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានមានប្រសាសន៍ថា សហភាពអឺរ៉ុប គឺជាដៃគូសន្ទនាដ៏សំខាន់មួយរបស់អាស៊ាន ហើយភាពជាដៃគូសន្ទនានេះត្រូវបានលើកកំពស់ទៅជាភាពជាដៃគូយុទ្ធសាស្ត្រកាលពីឆ្នាំ២០២០ ដែលនេះពិតជាឆ្លុះបញ្ចាំងពីភាពរីកចំរើននៃការប្តេជ្ញាចិត្ត និងផលប្រយោជន៍រួមគ្នារវាងតំបន់ទាំងពីរ ក្នុងការជំរុញប្រព័ន្ធពហុភាគីប្រកបដោយភាពបើកចំហរបរិយាប័ន្ន ដោយផ្អែកលើច្បាប់ ព្រមជាមួយនឹងកិច្ចសហប្រតិបត្តិការដែលយកប្រជាជនជាស្នូល។

ឆ្លៀតក្នុងឱកាសនេះដែរ ក្នុងនាមលោកជំទាវជាប្រធានកិច្ចប្រជុំគណៈកម្មាធិការស្រ្តី (WAIPA) នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ លោកជំទាវបានជម្រាបជូនអង្គសិក្ខសាលាថា រាជរដ្ឋាភិបាលកម្ពុជា និងសភាកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បាននឹងកំពុងចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញលើកកម្ពស់កិច្ចសន្ទនា និងការពិគ្រោះយោបល់ពហុភាគី ការជះឥទ្ធិពលលើគោលនយោបាយសាធារណៈ និងការរៀបចំសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការជំរុញលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី។

កិច្ចពិភាក្សាថ្ងៃនេះផ្តោតសំខាន់ទៅលើវឌ្ឍនភាពនៃសមភាពយេនឌ័រនៅក្នុងតំបន់អាស៊ាន និងអឺរ៉ុប ស្ថានភាពស្រ្តីនៅក្នុងភាពជាអ្នកដឹកនាំ និងផ្នត់គំនិតយេនឌ័រ ស្តីពីការគម្រាមកំហែងពីប្រព័ន្ធសុវត្ថិភាពក្នុងលំហរ។ ជាងនេះទៅទៀត យោងទៅតាមទិន្នន័យថ្មីៗនេះ នៅលើវិស័យចំនួន២៣ បានបង្ហាញអំពីទស្សនៈខុសគ្នារវាងស្រ្តី និងបុរសចូលរួមនៅក្នុងសកម្មភាពនានាក្នុងសេដ្ឋកិច្ច និងសង្គម ជាពិសេសនៅក្នុងវិស័យនយោបាយ ដែលទស្សនៈនោះបានបង្ហាញថា មានការទទួលស្គាល់តិចតួចអំពីការចូលរួមរបស់ស្រ្តីនៅក្នុងតួនាទីដឹកនាំ ដែលធ្វើឱ្យមានគម្លាតយេនឌ័រ កាន់តែធំនៅក្នុងស្ថាប័នកំពូលក្នុងតំបន់អាស៊ាន និងអឺរ៉ុប។

ទោះបីជាការតំណាងរបស់ស្រ្តីមានការកើនឡើងនៅក្នុងតួនាទីនយោបាយ និងក្នុងតំណែងគ្រប់គ្រង ស្រ្តីនៅតែប្រឈមនឹងផ្នត់គំនិតនៃការបែងចែករវាងគំរូ និងការរើសអើងភេទ (Gender stereotype) ឧបសគ្គចំពោះកំណើនអាជីព ឬពិដានកញ្ចក់ (glass ceiling) ផ្នត់គំនិតសង្គម និងអំពើហិង្សាលើស្រ្តី ដែលធ្វើឱ្យស្ត្រីមិនអាចចូលរួមដោយពេញលេញក្នុងនយោបាយ សេដ្ឋកិច្ច និងសង្គម។

ទន្ទឹមនឹងនេះ វាគ្មិនបានលើកឡើងផងដែរអំពីបទពិសោធន៍ផ្ទាល់ខ្លួនក៏ដូចជាគោលនយោបាយជាតិ ក្នុងការឆ្លើយតបទៅវិសមភាពយេនឌ័ររាប់ចាប់តាំងពីវិស័យនយោបាយ ការប្រែប្រួលអាកាសធាតុ ការចូលរួមនៅក្នុងដំណើរការស្វែងរកសន្តិភាព ដែលបញ្ហាជម្លោះនៅភូមា និងអ៊ុយក្រែន ត្រូវបានលើកឡើង។

ក្រៅពីនេះ បានលើកឡើងអំពីបញ្ហាវិបត្តិកូវីដ១៩ ដែលជះឥទ្ធិពលដល់សេដ្ឋកិច្ច និងសុខមាលភាពរបស់ស្រ្តី រហូតដល់ការទទួលបានការអប់រំដោយស្មើភាព។ ជាពិសេសក្នុងបរិបទកូវីដ១៩ ប្រទេសទាំងអស់ត្រូវផ្តោតការគិតគូរកាន់តែខ្លាំងទៅលើសមភាពយេនឌ័រ នៅក្នុងបរិការណ៍ដែលប្រទេសនីមួយៗខិតខំប្រឹងប្រែង កសាងភាពធន់នៃសង្គម និងសេដ្ឋកិច្ច ដើម្បីងើបចេញពីវិបត្តិកូវីដ១៩៕

photo_2022-03-08_19-31-01-1

photo_2022-03-09_09-48-51photo_2022-03-09_09-48-48photo_2022-03-09_09-48-45photo_2022-03-09_09-48-43photo_2022-03-09_09-48-39photo_2022-03-09_09-48-53