(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រគល់រថយន្តដឹកវ៉ាក់សាំង ចំនួន១០គ្រឿង ដល់រដ្ឋាភិបាលឡាវ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ នៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តចម្បាស័ក នៃប្រទេសឡាវនេះបើយោងតាម សេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមការណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹក ទី១២ ខែមីនា ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) និងជាតំណាងសម្តេចតេជោនាយករដ្ឋមន្រ្តី នឹងនាំយកជំនួយរថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿង របស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ទៅប្រគល់ជូនរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ស្ថិតនៅក្នុងខេត្តស្ទឹងត្រែងជាប់ព្រំដែនខេត្តចម្ប៉ាស័កនៃប្រទេសឡាវ។
ក្រសួងសុខាភិបាលបានបន្ថែមថា ការសម្រេចផ្តល់រថយន្តដឹកវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាពេលនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះសុខភាពនិងសុខុមាលភាពរបស់ប្រជាជនឡាវ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា ក៏ដូចជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងជាកាយវិការមនុស្សធម៌ប្រកបដោយបេះដូងដ៏ល្អប្រពៃពិតប្រាកដរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងន័យ «កម្ពុជាជាប្រទេសតូចតាចតែមានបេះដូងធំទូលាយ» ហើយកម្ពុជា ក៏តែងតែបាន និងកំពុងធ្វើ ដោយឈរលើស្មារតីមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការល្អ ប្រកបដោយការគិតគូរខ្ពស់ រួមគ្នាដោះស្រាយវិបត្តិនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេស និងនៅក្នុងតំបន់។
អំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់កម្ពុជានាពេលនេះ នឹងរួមចំណែកបន្ថែមទៀតជូនដល់ប្រទេសឡាវ នៅក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩ ជាពិសេសលើកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាជនឡាវឱ្យកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់៕