Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋាភិបាលបានប្រកាសដាក់ចេញ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២

Admin Alynana | Mar 21, 2022
រដ្ឋាភិបាលបានប្រកាសដាក់ចេញ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២
Clinic narith

កម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងដំណាក់កាលនៃការពង្រីកនេះ គឺមានវិសាលភាពកាន់តែទូលំទូលាយ ទៅដល់គ្រប់ក្រសួង ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ នឹងមានលក្ខណៈសាំញ៉ាំស្មុគស្មាញ ដែលទាមទារឱ្យរាជរដ្ឋាភិបាលត្រូវរៀបចំ និងដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ គឺចាប់ពីឆ្នាំ២០១០-២០២០ ដើម្បីផ្តល់ជាផែនទីបង្ហាញផ្លូវសម្រាប់អនុវត្តច្បាប់រៀបចំអង្គការពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។

កម្មវិធីជាតិនេះ ត្រូវបានបញ្ចប់នៅចុងឆ្នាំ២០២០ ដោយសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ពាក់ព័ន្ធនឹងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ការលើកកម្ពស់សិទ្ធិអំណាច

ការចូលរួមរបស់ប្រជាពលរដ្ឋ ការលើកកម្ពស់គុណភាពនៃសេវាសាធារណៈ ការទទួលបាននូវផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋានប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម តាមរយៈការបង្កើតឡើងនូវរចនាសម្ព័ន្ធ រួមទាំងប្រព័ន្ធអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ការផ្ទេរមុខងារក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ការធ្វើវិមជ្ឈការហិរញ្ញវត្ថុ ការផ្ទេរបុគ្គលិកនិងការកសាងសមត្ថភាពដល់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ការលើកកម្ពស់តួនាទីស្រ្តីក្នុងដំណើរការអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ ព្រមទាំងការផ្តល់សេវាសាធារណៈមានការឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងក្រុមជនងាយរងគ្រោះនានា។

បន្ទាប់ពីមានការអនុវត្តដោយជោគជ័យ  និងទទួលបានលទ្ធផលដ៏ល្អប្រសើរហើយនោះ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០ ក៏ត្រូវបានរៀបចំដាក់ឱ្យអនុវត្តបន្ត។ ចក្ខុវិស័យរបស់រាជរកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិក្នុងរយៈពេល១០ឆ្នាំខាងមុខ (ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០) គឺ «ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋានដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិប្រកប ដោយ បរិយាប័ន្ន និងសមធម៌សង្គម ដែល រួមចំណែកសម្រេចឱ្យបាន នូវគោលបំណងដ៏ទូលំទូលាយក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមជាតិ និងប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០»។

 ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើនេះ កជទី២ ត្រូវផ្តោតជាសំខាន់ទៅលើ ការពង្រឹង និងការ កែលម្អរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលរួមមានដូចខាងក្រោម៖

* ការកែសម្រួលរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងាររដ្ឋបាលថ្នាក់ក្រោមជាតិឱ្យស្របទៅនឹងចរិតលក្ខណៈ នៃរដ្ឋបាលថ្នាក់ក្រោមជាតិតាមប្រភេទនីមួយៗ រួមមានការកែសម្រួលរដ្ឋបាល រាជធា នី ភ្នំ ពេ ញ ឱ្យមានរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងារតាមចរិតលក្ខណៈជារដ្ឋបាលក្រុងមេត្រូប៉ូលីតែន រដ្ឋបា លខេត្តឱ្យមានរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងារតាមចរិតលក្ខណៈជារដ្ឋបាលតំបន់ និងរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ឱ្យមានរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងមុខងារតាមចរិតលក្ខណៈជារដ្ឋបាលមូលដ្ឋាន

 * ការលើកកម្ពស់សមត្ថភាពគ្រប់គ្រងកិច្ចការរដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹង និងការកែលម្អប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ ក្រោមជាតិ ព្រមទាំ ងការរៀបចំ និងការដាក់ឱ្យអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (អភិបាល កិច្ចឌីជីថល)

 * រដ្ឋបាលថ្នាក់ក្រោមជាតិមានធនធានហិរញ្ញវត្ថុកាន់តែច្រើន តាមរយៈការបង្កើនប្រភពចំណូល មូលដ្ឋាន និងការផ្ទេរធនធានបន្ថែមពីថ្នាក់ជាតិប្រកបដោយតម្លាភាព អាចព្យាករណ៍បាន និងកាត់បន្ថយនូវគម្លាតនៃការអភិវឌ្ឍរវាងរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។ ជាមួយគ្នានេះដែរ រដ្ឋបាលថ្នាក់ក្រោមជាតិក៏មានសិទ្ធិអំណាច និងការទទួលខុសត្រូវកាន់តែច្រើនក្នុងការរៀបចំ និងការអនុវត្តផែនការ និងថវិការបស់ខ្លួន

* ការរៀបចំ ការកែសម្រួល និងការពង្រឹងយន្តការ នីតិវិធី និងស្តង់ដារសម្រាប់ការផ្តល់សេវា សាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម 

* រដ្ឋបាលថ្នាក់ក្រោមជាតិអាចវាយតម្លៃ គ្រប់គ្រង និងឆ្លើយតបដោយប្រសិទ្ធភាពទៅនឹងភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ និងជំងឺឆ្លងកាចសាហាវនានា ដើម្បី គាំទ្រដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍប្រកបដោយចីរភាព និង បរិយាប័ន្ន នៅក្នុងមូលដ្ឋានរបស់ខ្លួន

 * ការលើកកម្ពស់សិទ្ធិអំណាចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការដាក់ចេញនូវគោលនយោបាយ ការពិនិត្យ និងអនុម័តលើផែនការ ថវិកា និងកិច្ចការចម្បងៗជាអាទិភាពដទៃទៀតរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការដោះស្រាយនូវសំណើសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ៕