Alynana Media Cambodia
Icon Collap
clinic narit

គ.ជ.ប បើកសវនាការជំនុំជម្រះជាសាធារណៈលើបណ្តឹងសំណុំរឿង ពាក់ព័ន្ធបណ្តឹងបញ្ជីបេក្ខជនគណបក្សនយោបាយ

Admin Alynana | Mar 29, 2022
គ.ជ.ប បើកសវនាការជំនុំជម្រះជាសាធារណៈលើបណ្តឹងសំណុំរឿង ពាក់ព័ន្ធបណ្តឹងបញ្ជីបេក្ខជនគណបក្សនយោបាយ
Clinic narith

ក្រុមប្រឹក្សាជំនុំជម្រះ៖ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានបើកសវនាការ ជំនុំជម្រះជាសាធារណៈលើបណ្តឹងសំណុំរឿងចំនួន៦ ពាក់ព័ន្ធការដែលប្រជាពលរដ្ឋប្តឹងជំទាស់នឹងការចុះបញ្ជីបេក្ខជន របស់គណបក្សនយោបាយ។

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះ នៅព្រឹកថ្ងៃទី២៩ ខែមីនានេះ មានឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សា ជំនុំជម្រះ, ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន៧រូបទៀត ដែលជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។

សំណុំរឿងនៃបណ្តឹងចំនួន៦ ដែលត្រូវជំនុំជម្រះនេះ មានកម្មវត្ថុប្ដឹងសុំលុបបញ្ជីបេក្ខជនដំបូងរបស់គណបក្សភ្លើងទៀន នៅសង្កាត់ វាលវង់ និងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ចំនួន២បណ្តឹង, ប្តឹងជំទាស់នឹងបេក្ខជន និងបញ្ជីបេក្ខជនរបស់ គណបក្សភ្លើងទៀន នៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចំនួន២បណ្តឹង, និងប្ដឹងជំទាស់នឹងបេក្ខជន និងបញ្ជី បេក្ខជនរបស់គណបក្សឆន្ទៈខ្មែរ នៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចំនួន២បណ្តឹង។ បណ្តឹងទាំងនេះ ពាក់ព័ន្ធ នឹងការក្លែងបន្លំឯកសារនៃការចុះបញ្ជីឈរឈ្មោះរបស់បេក្ខជន ការមិនចេះអក្សររបស់បេក្ខជនឈរឈ្មោះ និងការមិនមានទីលំនៅ ក្នុងសង្កាត់នៃបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថា៖ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនាខាងមុខនេះ មានគណបក្សនយោបាយចំនួន១៧ បានចុះបញ្ជីដាក់បេក្ខជនឈរឈ្មោះ សម្រាប់ប្រកួតប្រជែង។

គណបក្សនយោបាយទាំងនោះមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សភ្លើងទៀន, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សខ្មែរស្រលាញ់ជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកែទម្រង់កម្ពុជា, គណបក្សកម្ពុជានិយម, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សខ្មែរតែមួយ, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សឯកភាពជាតិខ្មែរ, គណបក្សរស្មីខេមរា និង គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច៕
photo_2022-03-29_11-57-58