Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

បុរសម្នាក់សង្ស័យច្របាច់កកូនស្រីអាយុ ២ ឆ្នាំស្លាប់ ត្រូវបានចៅក្រមចេញដីកាឃុំខ្លួនបណ្តោះអាសន្ន

Admin Alynana | Mar 30, 2022
បុរសម្នាក់សង្ស័យច្របាច់កកូនស្រីអាយុ ២ ឆ្នាំស្លាប់ ត្រូវបានចៅក្រមចេញដីកាឃុំខ្លួនបណ្តោះអាសន្ន
Clinic narith

ពោធិ៍សាត់៖ បុរស ចំណាស់ ម្នាក់ ដែល សង្ស័យថា ច្របាច់ក កូនស្រី អាយុ ២ ឆ្នាំ ស្លាប់  ត្រូវបាន ចៅក្រម សាលាដំបូង ខេត្ត ពោធិ៍សាត់  ចេញ ដីកា ឃុំ បណ្តោះអាសន្ន ក្នុង ពន្ធនាគារ ខេត្ត  កាលពី ថ្ងៃ ទី ២៧  មីនា  បន្ទាប់ពី សមត្ថកិច្ច ចាប់ខ្លួន បាន ១ ថ្ងៃ  ដែល ករណីនេះ កើតហេតុ នៅ ភូមិ ព្រែក  ឃុំ រាំងទិល  ស្រុក កណ្តៀង  ខេត្ត ពោធិ៍សាត់។

ដីកា បង្គាប់ ឱ្យ ឃុំខ្លួន បណ្តោះ អាសន្ន  កាលពី ថ្ងៃទី ២៧  មីនា  ឆ្នាំ ២០២២  របស់លោក ចៅក្រម ស៊ើបសួរ  សែង លីណា  ដែល  ភ្នំពេញ  ប៉ុស្តិ៍  ទទួលបាន នៅ ថ្ងៃ ទី ២៩  មីនា  បាន បង្ហាញថា  ជន ត្រូវ ចោទ ក្នុង សំណុំ រឿង នេះ  ឈ្មោះ  ម៉ូវ ទួក  ហៅ  ម៉ឺយ ទក  អាយុ  ៥៦ ឆ្នាំ។ ជននេះ ត្រូវ ដាក់ឱ្យ នៅក្រោម ការពិនិត្យ ពី បទហិង្សា ដោយ ចេតនា មាន ស្ថាន ទម្ងន់ ទោស ដោយសារ មរណភាព ជន រងគ្រោះ។

ដីកា របស់ តុលាការ បញ្ជាក់ថា ៖ «បញ្ជា ឱ្យ ភ្នាក់ងារ មាន សមត្ថកិច្ច  នៃ កម្លាំង សាធារណៈ នាំ ជន ត្រូវ ចោទ ដែលមាន ដូច ខាងលើ ទៅ ពន្ធនាគារ  ឬ មណ្ឌល ឃុំខ្លួន  ខេត្ត ពោធិ៍សាត់»។

លោក  ម៉ូ លីដា  ស្នងការរង ទទួលផែន ការងារ នគរបាល ព្រហ្មទណ្ឌ នៃ ស្នងការដ្ឋាន នគរបាល ខេត្ត ពោធិ៍សាត់ប្រាប់  ភ្នំពេញ  ប៉ុស្តិ៍  នៅ ថ្ងៃទី ២៩  មីនា  ថា ជន ត្រូវ ចោទ ឈ្មោះ ម៉ូវ  ទួក  ជា ឪពុក បង្កើត  របស់ ក្មេងស្រី រងគ្រោះ ឈ្មោះ  ទួក ទូច  អាយុ  ២ ខួប។ ជន ត្រូវ ចោទ  ត្រូវបាន ស្ត្រី ជា ម្តាយ ក្មេង រងគ្រោះ ដាក់ពាក្យ ប្តឹង  កាលពី ថ្ងៃ ទី ២៥  មីនា  ហើយ  ១ ថ្ងៃ បន្ទាប់  ត្រូវ បាន សមត្ថកិច្ច របស់ លោក ចាប់ខ្លួន នៅភូមិ ព្រែក  ឃុំរាំង ទិល  ស្រុក កណ្តៀង។

បើ តាម លោក  ម៉ូ លីដា  ជន ត្រូវ ចោទ ជា មនុស្ស ផឹកស្រា ស្រវឹង ខួប រាល់ថ្ងៃ  ហើយ នៅ ថ្ងៃ កើតហេតុ  គាត់ បាន ប្រើ ហិង្សា  របៀប ចាប់ក មួល  តែ នៅ ថ្ងៃ ទី ២៤  មីនា  ដែលជា ថ្ងៃ ប្រើ អំពើហិង្សា នោះ  ក្មេង រងគ្រោះ មិនទាន់ ស្លាប់ ទេ។ បន្ទាប់ពី ទទួលរង អំពើ ហិង្សា មក  ម្តាយ របស់ ក្មេង បាន យក នាង ទៅ សម្រាក ព្យាបាល នៅ មណ្ឌល សុខភាព ឃុំ រាំង ទិល  ហើយ ក្មេង ក៏មាន សុខភាព គ្រាន់ បើ អាច ញ៉ាំ បបរ បាន។ តែ រហូត ដល់ ថ្ងៃ ទី ២៦  មីនា  ឆ្នាំ ២០២២  ក្មេងរងគ្រោះ មាន អាការ ធ្ងន់ធ្ងរ  ហើយក៏ ដាច់ ខ្យល់ ស្លាប់ នៅ មណ្ឌល សុខភាព ឃុំ រាំង ទិល។

លោក ថ្លែងថា ៖«ករណីនេះ មាន ខាង អង្គភាព ការពារ កុមារ  CPU  របស់ ប្រទេស អូស្ត្រាលី  និង នាយកដ្ឋាន បច្ចេកទេស ក្រសួង មហាផ្ទៃ សហការ ជាមួយ នគរបាល ព្រហ្មទណ្ឌ ខេត្ត ពោធិ៍សាត់ [ពិនិត្យមើល មូលហេតុ នៃ ការស្លាប់ របស់ ក្មេង]។ ក្មេង រងគ្រោះ ត្រូវបាន មន្ត្រី ជំនាញ ពិនិត្យ ឃើញ ថា  ស្ទះ សរ សៃ ឈាម បេះ ដូង»។

លោក  ចាន់ សុខា  នាយ នគរបាល ប៉ុស្តិ៍ ឃុំ រាំងទិល  ឱ្យដឹង នៅ ថ្ងៃ ទី ២៩  មីនា   តាម ស្ត្រី ជា ម្តាយ របស់ ក្មេងរងគ្រោះ ថា  គ្រួសារ របស់ គាត់ មាន កូន ជាមួយគ្នា ចំនួន ៥នាក់  ប្រុស ២នាក់  ស្រី ២នាក់  ហើយ ក្មេងស្រី រងគ្រោះ ជា កូន ទី៤  និង កូន ម្នាក់ ទៀត កំពុង នៅ ក្នុង ផ្ទៃ គាត់។ ចំពោះ ឈ្មោះ ម៉ូវ ទួក  ម្នាក់នេះ មាន ប្រពន្ធ ៣នាក់ មកហើយ  រីឯ ស្ត្រី ម្តាយ ក្មេងរងគ្រោះ ជា ប្រពន្ធ ទី៤។

លោក បន្តថា  នៅ មុនពេល កើតហេតុ ថ្ងៃ ទី ២៤  មីនា  ប្រពន្ធ របស់ ជន ត្រូវ ចោទ បាន នាំកូនៗ ចំនួន ៣នាក់ ជិះទូក ទៅរក ត្រី ដោយ ទុក ក្មេង រងគ្រោះ នៅ ជាមួយ ឪពុក។ លុះ ពេល ល្ងាច ត្រឡប់ មកពី រកត្រី វិញ  ក្មេង រងគ្រោះ មាន អាការ មិន ស្រួលខ្លួន  ហើយ ស្ត្រី ជា ម្តាយ បាន សួរ កូន  ទើប ដឹងថា  ឪពុក វាយ កូន។ នៅ ថ្ងៃ ដដែល នោះ ម្តាយ ក្មេង បាន យក កូន ទៅ មណ្ឌល សុខភាព ឃុំ។

លោក បញ្ជាក់ថា ៖ «នៅ ថ្ងៃទី ២៥  មីនា  ម្តាយ ក្មេង ដាក់ពាក្យ ប្តឹង មក ខ្ញុំ ដោយសារ កូន គាត់ ស្លាប់។ បន្ទាប់ពី ខ្ញុំ ទទួល បណ្តឹង បាន  ១ ថ្ងៃ  ទើប កម្លាំង សមត្ថកិច្ច របស់ខ្ញុំ ចាប់ ឪពុក ក្មេង»៕