Alynana Media Cambodia
Icon Collap
clinic narit

កត្តា៥ចំណុចក្នុងការជួយប្រទេសមីយ៉ាន់ម៉ាឱ្យរួចផុតពីវិបត្តិ ហើយអាចចូលរួមប្រជុំអាស៊ានបាន

Admin Alynana | Apr 01, 2022
កត្តា៥ចំណុចក្នុងការជួយប្រទេសមីយ៉ាន់ម៉ាឱ្យរួចផុតពីវិបត្តិ ហើយអាចចូលរួមប្រជុំអាស៊ានបាន
Clinic narith

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជា ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាជាមួយ លោកជំទាវបណ្ឌិត Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់មីយ៉ាន់ម៉ា អំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងអាស៊ាន-អង្គការសហប្រជាជាតិ ក៏ដូចជា រវាងប្រេសិតពិសេសទាំងពីរ នៅក្នុងជំនួបពិភាក្សាការងារដែលបានប្រព្រឹត្តទៅ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមត្រូវបានទទួលស្វាគមន៍ជាទូទៅ និងត្រូវបានចាត់ទុកថា ជាដំណើរឆ្ពោះទៅមុខដ៏សំខាន់នៅក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន ដោយគូសបញ្ជាក់ថា នៅក្នុងអំឡុងពេលពីរថ្ងៃនៃដំណើរទស្សនកិច្ច ឯកឧត្តមទទួលបានការយល់ដឹងពាក់ព័ន្ធជាច្រើន សម្រាប់ ដំណើរឆ្ពោះទៅមុខក្នុងការបញ្ចប់អំពើហិង្សា ក្នុងការយល់ដឹងបន្ថែមទៀត អំពីហេតុផលនៅពីក្រោយភាពមិនដូចគ្នានៃ ទស្សនៈនិងជំហរ ក្នុងចំណោមភាគីពាក់ព័ន្ធ ក៏ដូចជាតម្រូវការដើម្បីដោះស្រាយឧបសគ្គនានា ក្នុងការចែកចាយជំនួយមនុស្សធម៌។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តថា ជំហានចំនួន៣ នៃការងារនាពេលបន្ទាប់របស់ឯកឧត្តម ក្នុងនាមជាប្រេសិតពិសេសគឺ ទីមួយ ការត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះ យោបល់អំពីជំនួយមនុស្សធម៌ ដែលគ្រោងនឹងរៀបចំនៅដើមខែឧសភា ដើម្បីធ្វើការ ផ្លាស់ប្តូរទស្សនៈ ជាមួយភាគីផ្សេងៗលើរបៀបក្នុងការចែកចាយជំនួយមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព ឱ្យទៅដល់ប្រជាជន ដែលត្រូវការជំនួយបំផុតដោយគ្មានការរើសអើង។ ឯកឧត្តមបានបន្តថា ជំហានទីពីរ គឺអំពីគម្រោងរៀបចំជំនួបតាមប្រព័ន្ធវីដេអូរវាង សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង និងទីបី អំពីដំណើរទស្សនកិច្ច ជាលើកទី២របស់ ឯកឧត្តមទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវបណ្ឌិត Heyzer បានពិភាក្សាគ្នាយ៉ាងវែងអំពីការរៀបចំកិច្ចប្រជុំពិគ្រោះ យោបល់ អំពីជំនួយមនុស្សធម៌ និងការបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីធានាដំណើរការផ្តល់ជំនួយដោយរលូន និងសុវត្ថិភាព។ លោកជំទាវបណ្ឌិតប្រេសិតពិសេសអង្គការសហប្រជាជាតិបានធានាចំពោះឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អំពីការគាំទ្រនិងការចូលរួម យ៉ាងពេញលេញរបស់អង្គការសហប្រជាជាតិ។ ប្រេសិតពិសេសទាំងពីរក៏បានពិភាក្សាគ្នាផងដែរ អំពីតួនាទីរបស់ប្រទេសមួយចំនួន ក្នុងតំបន់ និងសហគមន៍អន្តរជាតិទាំងមូល ក្នុងការស្វែងរកដំណោះស្រាយចំពោះវិបត្តិមីយ៉ាន់ម៉ា។

ចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ ប្រេសិតទាំងពីរបានឯកភាពធ្វើការរួមគ្នា ក្នុងការជួយប្រទេសមីយ៉ាន់ម៉ា ឱ្យរួចផុតពីវិបត្តិនេះ តាមរយៈកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងប្រេសិតអង្គការ សហប្រជាជាតិ ក៏បានពិភាក្សាគ្នាផងដែរអំពីទម្រង់សហប្រតិបត្តិការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ដែលត្រូវអនុវត្តដោយ អាស៊ាន និងអង្គការសហប្រជាជាតិ និងដោយប្រេសិតពិសេសទាំងពីរ ក្នុងដំណើរការជាជំហានៗ ដោយចាប់ផ្តើមពីការចែកចាយ ជំនួយមនុស្សធម៌ទៅ។