ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ការលើកកម្ពស់ផលិតផលក្នុងស្រុក ជាការរួមចំណែកដល់ការអភិវឌ្ឍន៍និងការរីកចម្រើននៃសង្គមជាតិ ដើម្បីធានាកសាងសមត្ថភាពសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព។
តាមសារលិខិត អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការលើកយកប្រធានបទដ៏មានសារៈសំខាន់នេះ ដើម្បីបំផុសនិងលើកទឹកចិត្តបងប្អូនជន រួមជាតិទាំងអស់ឱ្យគាំទ្រនិងយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ ផលិតផលក្នុងស្រុក ដែលជាការរួមចំណែកដល់ការអភិវឌ្ឍន៍និងការរីកចម្រើននៃសង្គមជាតិយើង។ ជាពិសេសក្នុងបរិបទបច្ចុប្បន្នដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងតែប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។
សម្តេចតេជោ បានបន្តថា ការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ អស់រយៈពេលពីរឆ្នាំកន្លងមក ដែលទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៥ ឆ្នាំ២០២២ មិនបានរៀបចំព្រឹត្តិការណ៍នេះដោយផ្ទាល់នៅតាមទីសាធារណៈនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រជាពលរដ្ឋយើងនិងភ្ញៀវបរទេសដែលរស់នៅឬកំពុងធ្វើទេសចរណ៍នៅកម្ពុជា បានឃើញ ពីភាពសម្បូរបែបនៃផលិតផលខ្មែរ ទាំងសិប្បកម្ម កសិកម្ម វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ អាហារ ភេសជ្ជៈ និងគ្រឿងសង្ហារិម។ល។
ប៉ុន្តែការបន្តរំលឹកទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរដ៏មានសារៈសំខាន់នេះ បានដើរតួនាទីជួយដល់ផលិតករក្នុងស្រុកឱ្យគិតគូរកែច្នៃផលិតផលរបស់ខ្លួនក្នុងការលើកកម្ពស់គុណតម្លៃបន្ថែមនៃផលិតផលខ្មែរ ការពង្រឹងគុណភាព សុវត្ថិភាពផលិតផល។ ការវេចខ្ចប់ប្រកបដោយសោភ័ណភាព និងតម្លៃ សមស្របដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារទាំងក្នុងប្រទេសនិងក្រៅប្រទេស។
សម្តេចតេជោ បានបន្តទៀតថា ឈរលើសមិទ្ធផលនានាជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្រោមម្លប់នៃសន្តិភាព បានធ្វើឱ្យសេដ្ឋកិច្ចមានកំណើនជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧,៧% ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ។ ព្រមទាំង សម្រេចបាននូវបង្គោលចរជាប្រវត្តិសាស្ត្រ គឺ ឆ្លងពីឋានៈជាប្រទេសដែលមាន ចំណូលទាបទៅជាប្រទេសមាន ចំណូលមធ្យមកម្រិតទាបជាផ្លូវការកាលពីឆ្នាំ២០១៥ ជាមួយនឹងការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីក្លាយជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
រាជរដ្ឋាភិបាល កម្ពុជាបានពង្រីកមូលដ្ឋានផលិតកម្ម កសាងហេដ្ឋារចនាសម្ព័ន្ធ កែលម្អប្រព័ន្ធដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទិក ទាំងផ្នែកទន់និងផ្នែករឹង លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃអគ្គិសនី បណ្តុះបណ្តាលជំនាញទាំង ផ្នែករឹងនិងផ្នែកទន់ រៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងឌីជីថល ជាមួយនឹងការកែទម្រង់វិស័យហិរញ្ញវត្ថុនិង វិស័យអាទិភាពផ្សេងទៀត ដែលទាំងអស់នេះគឺជាលក្ខខណ្ឌអាទិភាពដ៏ទូលំទូលាយ និងជាសក្តានុពលប្រកប ដោយគុណភាព និងតម្លាភាព សម្រាប់ទាក់ទាញការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា៕