ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា ក្នុងត្រីមាសដំបូងឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករបានចំនួនជាង១៧ ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិ និងនាំចេញស្រូវចំនួន ១.៣លានតោន ដោយទទួលបានទឹកប្រាក់ចំនួន ៤១៣ដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មានទទួលបាន នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានបានអោយដឹងថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករទៅកាន់៤៩ប្រទេសនិងតំបន់ស្វយ័ត ដែលមានបរិមាណសរុបចំនួន ១៧០ ៥៣៩តោន ដែលគិតជាទឹកប្រាក់ចំនួន ១០០.៤៧លាន ដុល្លារសហរដ្ឋអាមេរិក។
កម្ពុជាបាននាំចេញទៅប្រទេសចិន និងតំបន់ស្វយ័ត ហុងកុង ម៉ាកាវ ចំនួន៥២% ឬស្មើនឹង ៨៨ ៦៤៦តោន ទទួលបានទឹកប្រាក់ចំនួន ៤៥.១៩ លានដុល្លាសហរដ្ឋអាមេរិក បណ្តាប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ៣១% ឬស្មើនឹង ៥២ ២២២ តោន ក្នុងទំហំទឹកប្រាក់ចំនួន ៣៥.៩៥លានដុល្លាសហរដ្ឋអាមេរិក ប្រទេសដែលជារដ្ឋសមាជិកអាស៊ានចំនួន ១០% ឬស្មើនឹង ១៧ ៣១០តោន ដែលមានទឹកប្រាក់ចំនួន ១០.៦៤លានដុល្លាសហរដ្ឋអាមេរិក និងបណ្តាគោលដៅផ្សេងៗ ចំនួន ៧% ឬស្មើនឹង ១២ ៣៦១ តោន ក្នុងទឹកប្រាក់ចំនួន៨.៦៧ លានដុល្លាអាមេរិច ដែលក្នុងនោះទៅបណ្តាប្រទេសនៅក្នុងទ្វីបអាហ្រ្វិច ៣% ឬស្មើនឹង ៤ ៧៩៧ តោន តំបន់អូសេអានី រួមមានអូស្ត្រាលី និងញូហ្សេឡែន ២ ៤៦៥ តោន និងតំបន់ប្រទេសនៅក្នុងតំបន់អាស៊ីអឺរ៉ុប រួមមានតួគី រុស្សី និងអ៊ុយក្រែន ១ ២៥៥ តោន។ល។
សម្រាប់ការនាំចេញស្រូវទៅប្រទេសវៀតណាមវិញ មានចំនួន ១ ៣៩០ ១៨១ តោន ដែលល្នុងទំហំទឹកប្រាក់ ប្រមាណចំនួន៣១៣ ដុល្លារសហរដ្ឋអាមេរិក កើនឡើងចំនួន ១៣.៦០% ៕