ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Jon Lambe ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំអាស៊ាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បានលើកឡើង នៅរសៀលថ្ងៃទី ០៥ ខែ មេសា ថា រាជរដ្ឋាភិបាលអង់គ្លេស បានផ្តល់ប្រព័ន្ធអនុគ្រោះសេដ្ឋកិច្ច ពាណិជ្ជកម្មដល់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងនោះកម្ពុជាផងដែរ។
លោករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាស្វាគមន៍ចំពោះការគាំទ្រពីចក្រភពអង់គ្លេសដែលជាប្រទេសដៃគូសន្ទនាដ៏សំខាន់របស់អាស៊ាន ដើម្បីអាចចូលរួមជាមួយកម្ពុជា ក្នុងការអនុវត្តសមិទ្ធិផលអាទិភាពសេដ្ឋកិច្ចទាំងអស់ឱ្យបានជោគជ័យជាផ្លែផ្កា ជាពិសេសក្នុងក្របខណ្ឌនៃការអនុវត្តផែនការសកម្មភាពភាពរវាងអាស៊ាននិងដៃគូសន្ទនា នានារួមមានចក្រភពអង់គ្លេស លើវិស័យកិច្ចសហប្រតិបត្តិការ ដូចជាការធ្វើពាណិជ្ជកម្មឌីជីថល ការជំរុញសហគ្រិនភាពជាស្ត្រី ការចូលរួមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ការជំរុញលើការធ្វើកសិកម្មប្រកបដោយចីរភាព ទេសចរណ៍ បដិសណ្ឋារកិច្ច និងវិស័យសេវាកម្មពាក់ព័ន្ធដទៃទៀត ។
លោកថា ការឈានទៅរកប្រក្រតីភាពថ្មី គួបផ្សំជាមួយនឹងសមិទ្ធផលចម្បងៗក្នុងវិស័យពាណិជ្ជកម្មដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្មសម្រេចបានថ្មីៗនេះ នឹងក្លាយជាកាតាលីករថ្មី ដើម្បីពង្រឹងពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងវិញយ៉ាងឆាប់រហ័ស ហើយភាគីទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត សំដៅសម្រេចបាននូវកាលានុវត្តភាព និងសក្តានុពលពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ រវាងប្រទេសទាំងពីរនាពេលអនាគត។
ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំអាស៊ាន លោក Jon Lambe បានថ្លែងអំណរគុណនិងកោតសរសើរលោករដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ពុជា ចំពោះវឌ្ឍនភាពរីកចម្រើន និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ក៏ដូចជាតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ព្រមទាំងបានបញ្ជាក់ពីការគាំទ្ររបស់ចក្រភពអង់គ្លេស ក្នុងការសហការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីអាចសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដែលកម្ពុជាបានដាក់ចេញ ប្រកបដោយជោគជ័យ និងកសាងសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពរឹងមាំ។
ភាគីទាំងពីរបានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធិបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើន៕