(វ៉ាសូវី)៖ ប៉ូឡូញកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានចុះកិច្ចព្រមព្រៀងជាផ្លូវការជាមួយសហរដ្ឋអាមេរិក ដើម្បីទិញរថក្រោះប្រភេទ អាប្រាម (Abram) ចំនួន២៥០គ្រឿង ខណៈដែលប្រទេសជិតខាងរបស់អ៊ុយក្រែនមួយនេះ ព្យាយាមពង្រឹងវិស័យយោធារបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០២២។
ការលក់រថក្រោះ Abram ឱ្យទៅប៉ូឡូញ ដែលជាទីសម្រាប់ដាក់ពង្រាយ ប្រព័ន្ធការពារមីស៉ីលរបស់អាមេរិក នាពេលអនាគត ផងដែរនោះ គឺជាសញ្ញាមួយបន្ថែមទៀតបង្ហាញពី ទំនាក់ទំនងយោធាកាន់តែស៉ីជម្រៅរវាងភាគីទាំងពីរ។ កន្លងមក អាមេរិកទើបតែបានដាក់ពង្រាយ កងទ័ពបន្ថែមជិត ៥,០០០នាក់ ទៅកាន់ប៉ូឡូញ រួមជាមួយយន្តហោះចម្បាំង ដែលវាជាផ្នែកនៃចំណាត់ការឆ្លើយតប របស់ទីក្រុងវ៉ាស៉ីនតោន ចំពោះវិបត្តិអ៊ុយក្រែន។
គួរបញ្ជាក់ថា បើតាមរដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក ម៉ារូហ្ស ប្លាហ្សាក់ (Mariusz Blaszczak) កិច្ចព្រមព្រៀងទិញរថក្រោះខាងលើ មានតម្លៃប្រហែល៤.៧៥ពាន់លានដុល្លារអាមេរិក ហើយរថក្រោះក្រុមដំបូង នឹងត្រូវប្រគល់ដល់ដៃប៉ូឡូញ នៅក្នុងឆ្នាំនេះតែម្តង៕