ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ធនធានសត្វព្រៃរបស់ប្រទេសកម្ពុជាកំពុងប្រឈមនឹងហានិភ័យខ្ពស់ដោយសារវិបត្តិនៃការបរបាញ់ និងការដាក់អន្ទាក់ ដែលបាននិងកំពុងកើតឡើងបណ្តាលមកពីការប្រើប្រាស់ និងជួញដូរសត្វព្រៃដោយខុសច្បាប់។
ការថ្លែងនេះ ធ្វើឡើងក្នុងឱកាសចុះបើកយុទ្ធនាការអន្ទាក់សូន្យនៅក្នុងខេត្តស្ទឹងត្រែងនៅថ្ងៃទី៧ ខែមេសានេះ ក្នុងក្របខណ្ឌនៃយុទ្ធនាការអន្ទាក់សូន្យរយៈពេល៦ខែក្នុងខេត្តចំនួន៦ ភាគខាងកើតទន្លេមេគង្គរួមមាន៖ ខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងកំពង់ធំ សំដៅកែប្រែ ឥរិយាបថពលរដ្ឋមួយចំនួនដែល និយមហូបសាច់សត្វ និងចូលរួមរកដំណោះស្រាយបញ្ចប់វិបត្តិអន្ទាក់នៅក្នុងតំបន់ការពារ ធម្មជាតិកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ប្រសិនបើគ្មានវិធានការបន្ទាន់ទេនោះ កម្ពុជានឹងប្រឈមនឹងការបាត់បង់ធនធានសត្វព្រៃរបស់ខ្លួនដែលមានតម្លៃមិនអាចកាត់ថ្លៃបានជាសកលក្នុងពេលអនាគតខាងមុខ។ ឯកឧត្តម បានបញ្ជាក់ថា ដើម្បីដោះស្រាយវិបត្តិនេះ ស្ថាប័ននៃរាជរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តរជាតិជាដៃគូក្នុងវិស័យបរិស្ថាន បានមករួមគ្នាលុបបំបាត់ការប្រើអន្ទាក់គ្រប់ប្រភេទ ក្នុងតំបន់ការពារធម្មជាតិ របស់កម្ពុជា។ ឯកឧត្តម នេត្រ ភក្ត្រា អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបញ្ឈប់ការទទួលទានសាច់សត្វព្រៃ និងទិញផលិតផលពីសត្វព្រៃដទៃទៀត សំដៅចូលរួមក្នុងសកម្មភាពអភិរក្សធនធានធម្មជាតិរបស់កម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្ស។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២១ ក្រសួង បរិស្ថាន និងស្ថាប័នអង្គការដៃគូ បានដកអន្ទាក់សរុបជាង៦ម៉ឺនអន្ទាក់ ចេញពីតំបន់ ការពារធម្មជាតិចំនួន៧២ និងច្រករបៀងជីវៈចម្រុះផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ ជាមធ្យម ក្នុងមួយឆ្នាំ មានអន្ទាក់ប្រមាណជាង៤ម៉ឺន ត្រូវបានដកចេញពីតំបន់ ការពារធម្មជាតិទាំងនេះ។
លោក សេង ទៀក ប្រធានអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWF បានថ្លែងថា បច្ចុប្បន្នអន្ទាក់ដែលត្រូវបានគេដោះនៅតាមតំបន់ការពារ ធម្មជាតិបានត្រឹមតែ២០ភាគរយប៉ុណ្ណោះ ហើយចំនួន៨០ភាគរយទៀតដែលជនល្មើសបានដាក់នៅតាមតំបន់ធនធានធម្មជាតិ នានានៅមិនទាន់បានដោះនោះទេ៕