ក្រសួងការពារជាតិចិនបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនបានបញ្ចេញប្រតិកម្មដ៏ធ្ងន់ធ្ងរមួយទៅកាន់សហរដ្ឋអាមេរិក ជុំវិញការព្រមព្រៀងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការប្រគល់សព្វាវុធទៅឱ្យកោះតៃវ៉ាន់ដែលស្មើនឹងទឹកប្រាក់ចំនួន ៩៥លានដុល្លារអាម៉េរិក និងសម្រាប់ការជួយដល់ទីក្រុងតៃប៉ិនូវប្រព័ន្ធគ្រាប់មីស៊ីលបាញ់ពីដីទៅអាកាស Patriot (SAMs)។
សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារយោធាបាននិយាយថា «ភាគីសហរដ្ឋអាមេរិកបានព្រមព្រៀងទៅលើការលក់បច្ចេកវិជ្ជាយោធា និងសព្វាវុធទៅឱ្យកោះតៃវ៉ាន់ក្នុងតម្លៃ ៩៥លានដុល្លារអាម៉េរិក ហើយនឹងផ្តល់ឱ្យជាមួយនឹងអ្នកឯកទេសដើម្បីបម្រើសេវាកម្ម Patriot SAMs របស់ខ្លួន»។ យោងតាមសារនោះបានឱ្យដឹងថា «ប្រទេសចិនសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះបញ្ហានេះ ហើយពាក់ព័ន្ធនឹងបញ្ហានេះយើងបានធ្វើការប្រឆាំងយ៉ាងធ្ងន់ធ្ងរទៅកាន់សហរដ្ឋអាមេរិក»។
សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា សកម្មភាពបែបនេះរបស់ទីក្រុងវ៉ាស៊ីនតោន គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើកិច្ចព្រមព្រៀង ក៏ដូចជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ កងទ័ពរំដោះប្រជាជនចិននឹងចាត់វិធានការយ៉ាងសកម្មដើម្បីប្រឆាំងនឹងការប៉ុនប៉ងណាមួយរបស់កងកម្លាំងខាងក្រៅដើម្បីផ្តល់ការគាំទ្រដល់ក្រុមផ្តាច់ខ្លួនតៃវ៉ាន់ក្រោមលេសណាមួយ។ យើងនឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីនៃប្រទេសរបស់យើង»។
ទីក្រុងប៉េកាំងមានការព្រួយបារម្ភចំពោះកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិ។ អាជ្ញាធរចិនបានបញ្ជាក់ជារឿយៗទៅកាន់សេតវិមានអំពីតម្រូវការក្នុងការគោរពគោលនយោបាយ «ចិនតែមួយ»។ កោះតៃវ៉ាន់ត្រូវបានគ្រប់គ្រងដោយរដ្ឋបាលមូលដ្ឋានរបស់ខ្លួនតាំងពីឆ្នាំ១៩៤៩ មក ប៉ុន្តែទីក្រុងប៉េកាំងបានចាត់ទុកកោះនេះជាខេត្តមួយក្នុងចំណោមខេត្តរបស់ខ្លួន។ គោលជំហរនេះត្រូវបានគាំទ្រដោយប្រទេសភាគច្រើន រួមទាំងរុស្ស៊ីផងដែរ៕