ភ្នំពេញ៖ កម្ពុជាបានបើកជើងហោះហើរត្រង់ថ្មីពីទីក្រុងចឹងចូវ ប្រទេសចិន មកកាន់រាជធានីភ្នំពេញ ដោយបានចាប់ផ្តើមកាលពីថ្ងៃទី ៥ ខែមេសា តាមរយៈជើងហោះហើររបស់ក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នេះជាសញ្ញាវិជ្ជមានមួយក្នុងការបើកការហោះហើរត្រង់ឡើងវិញ រវាងកម្ពុជា និងចិន បន្ទាប់ពីផ្អាកអស់រយៈពេលជាង ២ ឆ្នាំដោយការរីករាលដាលជំងឺកូវីដ ១៩។
លោកបន្ថែមថា នៅមុនពេលការរីករាលដាលជំងឺកូវីដ ១៩ ប្រទេសទាំង ២ បានបើកជើងហោះត្រង់ជាមួយគ្នាពីទីក្រុងជាង ៣០ របស់ចិនមកប្រទេសកម្ពុជា ប៉ុន្តែក្រោយមកក៏បានកាត់បន្ថយជាបន្តបន្ទាប់ ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ក្នុងប្រទេសទាំង ២ និងសកលលោក។
លោកបញ្ជាក់ថា៖ «កាលពីអំឡុងឆ្នាំ ២០១៩ យើងមានជើងហោះច្រើនពីប្រទេសចិន តែចាប់តាំងពីផ្ទុះជំងឺកូវីដ ១៩ មកនៅសល់ត្រឹម ១-២ ទីក្រុងប៉ុណ្ណោះ។ ប៉ុន្តែនៅពេលនេះការបើកជើងហោះហើរពីទីក្រុងនានារបស់ចិនមកកម្ពុជាចាប់ផ្តើមមានឡើងវិញជាបន្តបន្ទាប់ ដែលនេះបង្ហាញពីសញ្ញាវិជ្ជមានថ្មីពីវិស័យអាកាសចរណ៍របស់ប្រទេសកម្ពុជា។
បើតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលរូបនេះ អ្នកដំណើរដែលមកតាមជើងហោះរបស់ក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរ ភាគច្រើនជាវិនិយោគិនចិន ឬជាអ្នកបម្រើការនៅក្រុមហ៊ុនចិននៅកម្ពុជា។ ទោះយ៉ាងណា លោកបន្តថា ចំនួនជើងហោះហើរ និងក្រុមហ៊ុនហោះហើរពីទីក្រុងចឹងចូវ គឺនៅមានកំណត់។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី យល់ឃើញថា ការបើកជើងហោះត្រង់ថ្មីពីទីក្រុងចឹងចូវនេះ អាចផ្តល់ក្តីសង្ឃឹមថ្មីមួយទៀតសម្រាប់វិស័យទេសចរណ៍កម្ពុជា ទោះបីកន្លងទៅទេសចរមកទីក្រុងមួយនេះនៅមានកម្រិតក៏ដោយ។
លោកបន្ថែមថា ភ្ញៀវទេសចរមកពីប្រទេសចិនដែលចូលមកកម្សាន្តនៅកម្ពុជាមុនពេលមានវិបត្តិកូវីដ ១៩ ភាគច្រើនមកពីទីក្រុងក្វាងចូវ, គុនមីង, សៀងហៃជាដើម ប៉ុន្តែភ្ញៀវទេសចរមកពីខាងទីក្រុងចឹងចូវនៅមានកម្រិត។ ដូចនេះការបើកជើងហោះហើរត្រង់ពីទីក្រុងនេះអាចនឹងជំរុញចលនាទេសចរណ៍ថ្មីៗមកកម្សាន្តនៅកម្ពុជា ស្របពេលកម្ពុជាបានចាប់ផ្តើមបើកទទួលទេសចរអន្តរជាតិចាក់វ៉ាក់សាំងរួច។
បែបនេះនេះក្តី លោកនិយាយថា លំហូរទេសចរនឹងមានច្រើន លុះណាតែប្រទេសទាំង ២ មានការបើករនាំងទេសចរណ៍ គឺការកាត់បន្ថយការរឹតបន្តឹងលើការចេញចូលដូចគ្នាទើបចលនាទេសចរណ៍មានភាពប្រសើរ។
លោកថ្លែងថា៖ «យើងបានសំណូមពរយ៉ាងទទូចទាក់ទងនឹងរបត់ថ្មីមានន័យថា គោលនយោបាយបើកចំហរនេះទាល់តែមានការដករនាំងចេញទើបភ្ញៀវបានស្រួលចិត្តព្រោះថារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសដករនាំងកូវីដនេះតាំងពីថ្ងៃទី ១៧ ខែមីនា។ ដូចនេះទីក្រុងផ្សេង ឬប្រទេសផ្សេងក៏យើងសំណូមពរឱ្យអនុវត្តដូចកម្ពុជាដើម្បីឱ្យមានភាពរលូនចំពោះការធ្វើដំណើរ»។
លោកក៏បានលើកសំណូមពរដល់រដ្ឋបាលទេសចរណ៍ចិនពាក់ព័ន្ធទៅនឹងការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍ចូលមកកម្ពុជាជាប្រភេទកញ្ចប់ទេសចរណ៍ Zero Package និងមកទេសចរណ៍ក្នុងគោលដៅលេងល្បែងស៊ីសង ថែមទាំងមានការជំរិតទារលុយពីភ្ញៀវជាដើម ដែលអាចធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជា៕