តៃវ៉ាន់៖ មនុស្សប្រហែល ៥០០ នាក់ រួមទាំងប៉ូលិស អ្នកពន្លត់អគ្គីភ័យ បុគ្គលិកក្រុមហ៊ុនថាមពល និងអ្នកស្ម័គ្រចិត្តឯកជនបានចូលរួមក្នុងសមយុទ្ធដែលបានធ្វើឡើងនៅក្នុងទីក្រុង Pingtung ភាគខាងត្បូងតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍ ។
ទន្ទឹមនោះ សមយុទ្ធនេះគឺផ្អែកលើសេណារីយ៉ូទីតាំងយោធា និងអគារស៊ីវិលនៅក្នុងស្រុកដែលអាចរងការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់យោធាចិន ។
អ្នកចូលរួមក្នុងសមយុទ្ធនេះត្រូវបានគេមើលឃើញព្យាយាមពន្លត់ភ្លើង និងដឹកអ្នករបួស នៅពេលដែលសំឡេងស៊ីរ៉ែនរោទិ៍ឡើង ហើយសមយុទ្ធនេះក៏រួមមានការឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលដែលអាចកើតមានលើរោងចក្រ កម្មករត្រួតពិនិត្យនីតិវិធីដើម្បីមើលថាតើការវាយប្រហារនេះបណ្តាលឲ្យលេចធ្លាយសារធាតុវិទ្យុសកម្មចេញពីរោងចក្រដែរឬទេ ។
ស្របពេលជាមួយគ្នានេះ វាក៏កើតឡើង បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានវាយប្រហារទីតាំងថាមពលនុយក្លេអ៊ែរក្នុងប្រទេសអ៊ុយក្រែន ហើយក្រសួងការពារជាតិរបស់តៃវ៉ាន់បានណែនាំដល់អាជ្ញាធរក្នុងតំបន់ឲ្យរួមបញ្ចូលការឆ្លើយតបចំពោះការវាយប្រហារពីយោធាចិនដែលអាចកើតមាននៅក្នុងសមយុទ្ធគ្រោះមហន្តរាយរបស់ពួកគេនៅឆ្នាំនេះ ។
គួរបញ្ជាក់ថា ទីក្រុង Pingtung បានរៀបចំរោងចក្រថាមពលនុយក្លេអ៊ែរមួយក្នុងចំណោមរោងចក្រថាមពលនុយក្លេអ៊ែរចំនួន ២ នៅតៃវ៉ាន់ ខណៈទីក្រុង និងស្រុកផ្សេងទៀតក៏កំពុងរៀបចំធ្វើសមយុទ្ធនេះផងដែរ ដើម្បីជួយបង្កើនសមត្ថភាពរបស់ពួកគេក្នុងការឆ្លើយតបទៅនឹងភាពអាសន្នណាមួយដែលអាចកើតមានជាយថាហេតុ ៕