ភ្នំពេញៈ កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ និងសមត្ថកិច្ចចម្រុះបានចុះអនុវត្តដីកាបង្កកទ្រព្យសម្បត្តិចេញដោយចៅក្រមស៊ើបសួរនៃតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ មេសា នៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយពីឈ្មួញកែច្នៃសំណាកសត្វព្រៃម្នាក់ និងកូន ៤ នាក់ ត្រូវបានចាប់ឃុំបណ្តោះអាសន្នក្នុងពន្ធនាគារព្រៃស។
ដីកាចុះថ្ងៃទី ១៩ មីនា ឆ្នាំ ២០២២ ដែលភ្នំពេញប៉ុស្តិ៍ទទួលបាន នៅថ្ងៃទី ៧ មេសា ដែលមានលោក ស៊ិន សុវណ្ណរ័ត្ន ជា ចៅក្រមស៊ើបសួរបានបង្ហាញថា ជនទី ១ ដែលត្រូវចោទក្នុងសំណុំរឿងនេះ ឈ្មោះ ឡា សេងងួន ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះលេខ ៣៨ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនត្រូវចោទបានលែងលះប្រពន្ធ និងមានកូនចំនួន ៤ នាក់ ជានីតិជន (ឃាត់ខ្លួន)។
ដីកាបន្តថា ជនទី ២ ពាក់ព័ន្ធក្នុងរឿងនេះជាម្ចាស់គណនីឈ្មោះ SOK THEARA ស្នាក់នៅផ្ទះ ក្នុងដីឡូត៍ធ្វើសិប្បកម្មឈើនៅម្តុំហ្គ្រេនភ្នំពេញ (គេចខ្លួន)។ ជនទី ៣ ឈ្មោះ លីហេង ហួរ ស្នាក់នៅម្តុំក្រោយវត្តនិរោធ និងមានតូបលក់អីវ៉ាន់ឈ្មោះ អាម៉ីគ្រឿងខ្មែរ តូបលេខ ២ ក្នុងផ្សារទួលទំពូង ដែលមានភ្លុក ទុកលក់ឱ្យម៉ូយ (គេចខ្លួន) និងជនទី ៤ ជាម្ចាស់គណនីឈ្មោះ សី ហួរ (គេចខ្លួន)។
ដីកាដដែលបង្ហាញថា ត្រូវដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទយកធ្វើជាកម្មសិទ្ធិ សន្និធិ និងកែច្នៃសំណាកសត្វព្រៃក្នុងក្រុមមានដោយកម្រ ធ្វើពាណិជ្ជកម្ម សន្និធិ កែច្នៃ សំណាកសត្វព្រៃក្នុងក្រុម មានដោយបង្គួរ ដោយគ្មានលិខិតអនុញ្ញាត យកធ្វើជាកម្មសិទ្ធិ សន្និធិ កែច្នៃសំណាកសត្វព្រៃក្នុងក្រុមជិតផុតពូជ និងបទសម្អាតប្រាក់។
បើតាមដីកាបទល្មើសនេះប្រព្រឹត្តនៅផ្ទះលេខ ៣៨ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីចុងឆ្នាំ ២០១៩ ដល់ថ្ងៃទី ១៦ មីនា ឆ្នាំ ២០២២ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៩៦ មាត្រា ១៩,៩៨ នៃច្បាប់ស្តីពីព្រៃឈើ និងមាត្រា ២៩ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្ម មាត្រា ៣ មាត្រា ២៩ និងមាត្រា ៣០ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ដីកាបញ្ជាក់ថា៖ «បង្កកទ្រព្យសម្បត្តិរបស់ជនត្រូវចោទឈ្មោះ ឡា សេងងួន ភេទប្រុស អាយុ ៤២ ឆ្នាំ។ មន្ត្រីមានសមត្ថកិច្ចដែលទទួល ភារកិច្ចអនុវត្តដីកានេះត្រូវធ្វើរបាយការណ៍អំពីការចុះអនុវត្តភារកិច្ចនេះជូនចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចំណាត់ការតាមនីតិវិធីច្បាប់»។
នៅថ្ងៃទី ៧ មេសា ភ្នំពេញប៉ុស្តិ៍ បានព្យាយាមទូរស័ព្ទទៅលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញជាច្រើនលើកតែទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។
នៅថ្ងៃទី ៧ មេសា ឆ្នាំ ២០២២ សហគមន៍ រុក្ខវ័ន បានប្រារព្ធយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តស្ទឹងត្រែង។ ព្រះសង្ឃព្រះនាម ថូ ធូរស់ ព្រះចៅអធិការវត្តប្រាសាទរាជាសំរោង សង្កាត់-ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងជាព្រះប្រធានសង្ឃសហគមន៍រុក្ខវ័ន មានថេរដីកា ក្នុងយុទ្ធនាការនោះថា មនុស្សគ្រប់រូបមានតួនាទីក្នុងការការពារ និងស្តារឡើងវិញនូវសត្វព្រៃ និងធនធានធម្មជាតិ រួមទាំងព្រះសង្ឃពុទ្ធសាសនាផងដែរ។
ព្រះអង្គបញ្ជាក់ថា៖ «យើងទទួលស្គាល់ថា តួនាទី និងសកម្មភាពរបស់យើងមានការជះឥទ្ធិពលលើឥរិយាបថ និងជំនឿអំពីការទទួលទានសាច់ [សត្វ] ព្រៃ និងផលិតផលសត្វព្រៃ»។
បើតាមយុទ្ធនាការអន្ទាក់សូន្យនេះ ក្នុងឆ្នាំ ២០២០ មានសត្វទន្សោងស្លាប់ ៦ ក្បាល សត្វប្រើសស្លាប់ ១២ ក្បាល។ ក្នុងឆ្នាំ ២០២១ មានសត្វទន្សោងស្លាប់ ៣ ក្បាល និងសត្វប្រើសស្លាប់ ៦ ក្បាល។ ក្នុងឆ្នាំ ២០២២ មានសត្វទន្សោងស្លាប់ ១ ក្បាល និងត្រូវបានប្រទះឃើញគ្រោងឆ្អឹងសត្វទន្សោង ១ ក្បាល គ្រោងឆ្អឹងសត្វប្រើស ១ ក្បាល និងគ្រោងឆ្អឹងសត្វឈ្លូស ១ ក្បាល៕