កាសែត៖ The Guardian បានរាយការណ៍ថា ប្រទេសរុស្ស៊ីកំពុងទទួលសព្វាវុធ និងសម្ភារៈផ្នែករឹង (Hardware) យោធាដែលមានប្រភពមកពីប្រទេសអ៊ីរ៉ាក់សម្រាប់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ដោយមានជំនួយពីបណ្តាញរត់ពន្ធអាវុធរបស់អ៊ីរ៉ង់ ។
ចំណែកសារព័ត៌មាន Al Jazeera ក៏បានរាយការណ៍ដែរថា ប្រភពនៃព័ត៌មាននេះបានមកពីកងជីវពលអ៊ីរ៉ាក់ដែលគាំទ្រដោយអ៊ីរ៉ង់ និងសេវាកម្មស៊ើបការណ៍ក្នុងតំបន់ដែលដឹងច្បាស់អំពីដំណើរការនេះ ។
សារព័ត៌មានទាំងពីរបានចុះផ្សាយដូចគ្នាថា សព្វាវុធ និងផ្នែករឹងយោធាទាំងនោះរួមមាន មីស៊ីលបាញ់ពីលើស្មា និងកាំជ្រួចមីស៊ីលប្រឆាំងរថក្រោះ ព្រមទាំងប្រព័ន្ធបាញ់រ៉ុក្កែតដែលរចនាដោយប្រេស៊ីលផងដែរ ។
ទន្ទឹមនោះកាសែត The Guardian រាយការណ៍ទៀតថា ប្រព័ន្ធមីស៊ីល Bavar 373 ដែលផលិតដោយអ៊ីរ៉ង់ ពោលស្រដៀងទៅនឹងប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាសរយៈចម្ងាយឆ្ងាយ S-300 របស់រុស្ស៊ី ក៏ត្រូវបានផ្តល់ទៅឲ្យទីក្រុងមូស្គូដោយអាជ្ញាធរនៅទីក្រុងតេហេរ៉ង់ផងដែរ ៕