Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ អ្វីៗដែលយើងមានបានមកដល់ពេលបច្ចុប្បន្ននេះ គឺដោយសារសុខសន្តិភាព

Admin Alynana | Apr 12, 2022
លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ អ្វីៗដែលយើងមានបានមកដល់ពេលបច្ចុប្បន្ននេះ គឺដោយសារសុខសន្តិភាព
Clinic narith

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ បានថ្លែងថា អ្វីៗដែលយើងមានបានមកដល់ពេលបច្ចុប្បន្ននេះ គឺដោយសារសុខសន្តិភាពដែលធ្វើឱ្យយើងមានឱកាសបម្រើប្រជាពលរដ្ឋ។

ការថ្លែងបែបនេះ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពពិធីចុះអនុស្សរណៈនៃការយោគយល់ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងធនាគារវីង (ខេមបូឌា) ម.ក ក្នុងគោលបំណងផ្តល់ការគាំទ្របន្ថែមដល់បុព្វហេតុដ៏ថ្លៃថ្លារបស់សមាគម ក្នុងការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ។

អនុស្សរណៈនេះត្រូវចុះហត្ថលេខាដោយបណ្ឌិត ហ៊ុន ម៉ាណែត និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង ដោយមានវត្តមានរបស់លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ។

តាមរយៈអនុស្សរណៈនេះ អ្នកឧកញ៉ា គិត ម៉េង លោកស្រី ម៉ៅ ចំណាន និងក្រុមគ្រួសារ នឹងបរិច្ចាគថវិកា ចំនួន ១០០,០០០ដុល្លារ ក្នុងរយៈពេល៥ឆ្នាំ តាមរយៈធនាគារ វីង ដើម្បីគាំទ្រដល់ការងារមនុស្សធម៌របស់សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបក៏ដូចជាធនាគារវីង បានជួយលើការងារមនុស្សធម៌ជាច្រើនជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសម្ដេចតេ ជោ ហ៊ុន សែន នៅក្នុងវិស័យសុខាភិបាល និងវិស័យផ្សេងៗជាច្រើនទៀត។ សម្រាប់ទិសដៅទៅមុខទៀតក្រុមហ៊ុន នឹងជំរុញការងារមនុស្សធម៌ជាមួយនឹងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតតាមរយៈការភ្នាក់ងារ wing ទូទាំងប្រទេសដែលមានសាខាចំនួនជាង១ម៉ឺនសាខាបានចូលរួមចំណែកនៅក្នុងសកម្មភាពមនុស្សធម៌នេះផងដែរ»។

អ្នកឧកញ៉ា បានបន្ដថា យើងពិតជាមានសំណាងណាស់ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើនដើម្បីអភិវឌ្ឍន៍គ្រប់វិស័យ រួមទាំងវិស័យទាំងវិស័យសុខាភិបាលពាណិជ្ជកម្មជាដើម។ អ្នកឧកញ៉ាបានបង្ហាញមោទនភាព និងកោតសរសើរចំពោះសកម្មភាពរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដែលក្នុងរយៈពេលកន្លងមកនេះ ជាពិសេសរយ:ពេល២ឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំ ក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តទាំងអស់នៃសមាគម TYDA បានលះបង់គ្រប់បែបយ៉ាងខិតខំបម្រើប្រជាពលរដ្ឋដោយមិនគិតពីការនឿយហត់នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈការរៀបចំមជ្ឈមណ្ឌលធ្វើចត្តាឡីស័ក ការយកសំណាក ការព្យាបាលអ្នកជំងឺ១៩ ការចាក់វ៉ាក់សាំង និងការងារជាច្រើនទៀតផងដែរ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា នេះគឺជាលើកទីមួយនៃការចុះអនុស្សរណៈអនុស្សរណៈយោគយល់ (MOU) គឺជាពេលវេលាដែលល្អដែលយើងបានធូរស្រាលពីជំងឺកូវីដ១៩ អាចធ្វើឱ្យយើងមានឱកាសពេលវេលារីករាយ ដើម្បីធ្វើការងារមនុស្សធម៌ និងការជួបជុំគ្នាដោយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចជោគ (TYDA) គឺមានគោលការណ៍០៣ នៅក្នុងការអនុវត្តកិច្ចការមនុស្សធម៌ដើម្បីបុព្វហេតុជួយដល់ប្រជាពលរដ្ឋ ទី១៖ គឺការផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋតាមរយៈការព្យាបាលឥតគិតថ្លៃ និងបញ្ជូនមកវះកាត់ និងព្យាបាលបន្តនៅរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងក្តីសុខរបស់ប្រជាពលរដ្ឋ។ ទី២៖ ដើម្បីប្រមូលផ្ដុំ និងផ្តល់ឱកាសដល់កម្លាំងស្ម័គ្រចិត្ត ដែលមានជំនាញ ទឹកចិត្ត ឆន្ទៈដើម្បីចូលរួមធ្វើសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុសង្គមតាមរយៈការចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋដែលគិតថ្លៃនៅទូទាំងប្រទេស ទី៣៖ ផ្ដល់លទ្ធភាព ការបណ្ដុះបណ្ដាលសមត្ថភាពដល់សមាជិក និងក្រុមការងារ ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែរីកចម្រើនក្នុងការយកជំនាញបច្ចេកទេសព្យាបាលជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «អ្វីៗដែលយើងមានបានមកដល់ពេលបច្ចុប្បន្ននេះ គឺដោយសារសុខសន្តិភាពដែលធ្វើឱ្យយើងមានឱកាសបម្រើប្រជាពលរដ្ឋ។ ជាលទ្ធផល គិតដល់ថ្ងៃនេះសមាគមបានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេសបានចំនួន ៣៣៦,៣៥៣នាក់ អ្នកជំងឺធ្ងន់ចំនួន ៦,១៥៣នាក់ ត្រូវបញ្ជួនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងជាមួយដៃគូរសហការនានានៅក្នុងនោះផងដែរ និងមានអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន ៥៦នាក់ ត្រូវបានព្យាបាលដោយឥតគិតថ្លៃ។ សូមថ្លែងអរគុណចំពោះក្រុមហ៊ុន Royal Group និងធនាគារវីង (ខេមបូឌា) ម.ក ដែលបានផ្ដល់ថវិកាចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិច ដើម្បីដើមចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ ដើម្បីបុព្វហេតុប្រជាពលរដ្ឋតាមរយៈការចុះពិនិត្យនិងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស»។

អ្នកឧកញ៉ា គិត ម៉េង និងលោកស្រី ម៉ៅ ចំណាន គឺជាអ្នកគាំទ្រដ៏សកម្មនៃសមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ សម្រាប់ការងារសប្បុរសធម៌ដោះស្រាយបញ្ហាប្រឈមដែលសហគមន៍កំពង់ប្រឈម។ កាលពីខែមីនា ឆ្នាំ២០២១ អ្នកឧកញ៉ា បានបរិច្ចាគថវិកាចំនួន ៥០,០០០ដុល្លារ ដល់សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ សម្រាប់ការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់សមាគមក្នុងការទប់ស្កាត់ការ ឆ្លងនៃមេរោគកូវីដ១៩ នៅក្នុងសហគមន៍ ។

ដើម្បីជាការថ្លែងអំណរគុណ កាលពីឆ្នាំមុន អ្នកឧកញ៉ា គិត ម៉េង ក៏បានរៀបចំឱ្យវីងម៉លយកអាហារពី ហាង KFC ចំនួនពីរដងទៅជូនក្រុមការងារដ៏ក្លាហាននៃសមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ ។

អ្នកឧកញ៉ា គិត ម៉េង ព្រមទាំងក្រុមហ៊ុនដៃទៀតនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប តែងតែគាំទ្រយ៉ាងសកម្ម និងប្រកបដោយទឹកចិត្តសប្បុរសធម៌ ដើម្បីជួយដល់សហគមន៍ដែលខ្វះខាតតាមរយៈសកម្មភាពសង្គមផ្សេងៗ ជាច្រើននាពេលកន្លងម៕
For Web LNN-54fn-2022-04-12-15-49-29-1fn-2022-04-12-15-49-29-2fn-2022-04-12-15-49-30-6fn-2022-04-12-15-49-30-7fn-2022-04-12-15-49-29-4fn-2022-04-12-15-49-30-5fn-2022-04-12-15-49-29-3fn-2022-04-12-15-49-29-0fn-2022-04-12-15-49-30-8fn-2022-04-12-15-49-30-10fn-2022-04-12-15-49-30-9fn-2022-04-12-15-49-30-11fn-2022-04-12-15-49-30-13fn-2022-04-12-15-49-30-12