Alynana Media Cambodia
Icon Collap
clinic narit

ប្រមុខដឹកនាំកម្ពុជា-វៀតណាម សម្តែងនូវក្តីរីករាយចំពោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលមានចំនួន៩កោដ្ឋដុល្លារ អាមេរិក

Admin Alynana | Apr 13, 2022
ប្រមុខដឹកនាំកម្ពុជា-វៀតណាម សម្តែងនូវក្តីរីករាយចំពោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលមានចំនួន៩កោដ្ឋដុល្លារ អាមេរិក
Clinic narith

កម្ពុជា-វៀតណាម៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម ម៉ិញជីង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្តែងនូវក្តី សោមនស្សរីករាយ អំពីដំណើរវិវត្ដន៍ជាវិជ្ជមានក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងរយៈពេលកន្លងមក។

ជាពិសេសទោះបីមានផលប៉ះពាល់ពីជំងឺរាតត្បាតសកលកូវីដ-១៩ ក្ដី ក៏ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរក្នុងឆ្នាំ២០២១ មានទំហំជាង៩កោដ្ឋ ដុល្លារ អាម៉េរិក កើនឡើងប្រមាណ ៨០ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០២០ និងបន្តរក្សាបាននូវសន្ទុះកំណើនជាវិជ្ជមានក្នុងត្រីមាសទី១ ឆ្នាំ ២០២២ ហើយសាធារណរដ្ឋសង្គមនិយមវៀតណាម បន្តឈរលំដាប់ទី១ ក្នុងចំណោមប្រទេសអាស៊ាន ចំពោះការវិនិយោគដោយផ្ទាល់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចេញ ផ្សាយថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២២។

 

ក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា នៅរសៀលថ្ងៃអង្គារ ១១ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ផាម ម៉ិញជីង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានទូរស័ព្ទជូនពរបវរមហាប្រសើរជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦។ ឯកឧត្ដម ផាម មីញជីង ក៏បានពាំនាំនូវសារជូនពរបស់ ឯកឧត្តមអគ្គលេខាធិការបក្ស ថ្នាក់ដឹកនាំរដ្ឋ រដ្ឋសភា និងប្រជាជនវៀតណាម ទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងបានផ្តាំផ្ញើជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងប្រជាជនកម្ពុជាជាបងប្អូន។ ឯកឧត្តម មីញជីង បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យដែលកម្ពុជា សម្រេចបានក្នុងរយៈពេលកន្លងមក និងបានសម្តែងនូវការជឿជាក់ថា ក្រោមការដឹកនាំដ៏ភ្លឺស្វាង របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោមម្លប់របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាកាន់តែអភិវឌ្ឍ ចម្រុងចម្រើនថែមទៀត និងសម្រេចបានដោយជោគជ័យ ក្នុងការដឹកនាំប្រទេស ការដឹកនាំប្រជុំអន្តរជាតិ សំខាន់ៗក្នុងឆ្នាំ ២០២២ ក្នុងនោះរួមមាន ការត្រៀមរៀបចំការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងការទទួលដឹកនាំបានល្អក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២។

 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណ ឯកឧត្តម ផាម មីញជីង ដែលបានជំនួសមុខថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា និងប្រជាជនវៀតណាម ជូនពរឆ្នាំថ្មីដ៏មានអត្ថន័យ ដល់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា និងបានអបអសាទរនូវរាល់លទ្ធផលជាវិជ្ជមាន ដែលសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រេចបានក្នុងការគ្រប់គ្រងជំងឺរាតត្បាតសកលកវីដ-១៩ ការស្ដារសេដ្ឋកិច្ចសង្គម និងការបើកប្រទេសឡើងវិញគ្រប់ជ្រុងជ្រោយ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជឿជាក់ថា រដ្ឋាភិបាល និងប្រជាជនវៀតណាម នឹងបន្តដណ្ដើមបានសមិទ្ធផលធំៗថ្មីៗថែមទៀត តាមគន្លងនៃប្រក្រតីភាពថ្មី និងសមាហរណកម្មប្រទេសជាតិទៅក្នុងតំបន់ និងពិភពលោក។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម ផាម មិញជីង បានសង្កត់ធ្ងន់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រ ការថែរក្សា និងការពង្រឹងដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តជិតខាងល្អជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ កម្ពុជា-វៀតណាម ចំពោះសន្តិសុខ និងការអភិវឌ្ឍ របស់ប្រទេសនីមួយៗ។ ក្នុងសភាពការណ៍បច្ចុប្បន្ន ពិសេសក្នុងឱកាសរម្លឹកខួបអនុស្សាវរីយ៍លើកទី ៥៥ឆ្នាំ នៃការតភ្ជាប់ទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ក៏ដូចជាខួបអនុស្សារីយ៍លើកទី៤៥ឆ្នាំ នៃដំណើរស្វែងរកមាគ៌ាសង្រ្គោះជាតិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរហូតដល់ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ដើម្បីផ្ដួលរំលំរបបប៉ុលពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម ផាម មីញជីង បានឯកភាពគ្នានូវភាពចាំបាច់ត្រូវបន្តពង្រឹងនូវជំនឿទុកចិត្តខាងនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការ ទប់ស្កាត់នូវជំងឺរាតត្បាតសកលកូវីដ-១៩ តាមគន្លងនៃប្រក្រតីភាពថ្មី ដើម្បីជំរុញការស្ដារសេដ្ឋកិច្ច សង្គម បន្តសហការកសាងខ្សែព្រំដែនសន្តិភាព និងមិត្តភាពល្អរវាងប្រទេសទាំងពីរ។

 

ជាថ្មីម្តងទៀត ឯកឧត្តម ជាម មីញជើង បានអះអាងថា វៀតណាមគាំទ្រកម្ពុជាយ៉ាងពេញ លេញចំពោះការបំពេញតួនាទីរបស់កម្ពុជាជាប្រធានអាស៊ានប្រកបដោយជោគជ័យក្នុងឆ្នាំ២០២២៕