(ឌូរប៊ិន)៖ អាជ្ញាធរអាហ្វ្រិកខាងត្បូង នៅថ្ងៃអង្គារសប្ដាហ៍នេះ បានរាយការណ៍ឱ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី បង្កឡើងដោយព្យុះភ្លៀងដែលបានវាយប្រហារទីក្រុងកំពង់ផែឌូរប៊ិន (Durban) នៃប្រទេស និងតំបន់ជុំវិញខេត្ត ក្វាហហ្សូលូ-ណាតាល់ (KwaZulu-Natal) បានកើនឡើងដល់ ៥៩នាក់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។
អាជ្ញាធរឧតុនិយមអាហ្វ្រិកខាងត្បូង ក៏បានព្យាករណ៍ដែរថានឹងមានភ្លៀងធ្លាក់ «ខ្លាំង» បន្ថែមទៀតនៅយប់ថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោង នៅក្នុងតំបន់)។ ប៉ុន្តែបានរំពឹងថា «ប្រព័ន្ធទឹកភ្លៀង» នឹងចុះខ្សោយ «គួរឱ្យកត់សម្គាល់» នៅថ្ងៃពុធនេះ។
អាជ្ញាធរខេត្ត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មនុស្សជាច្រើនបានបាត់បង់ជីវិត ខណៈតំបន់ Ethekwini ដែលជាតំបន់ជុំវិញទីក្រុង Durban បានរាយការណ៍ថា «មនុស្សចំនួន ៤៥នាក់បានបាត់បង់ជីវិត» ខណៈស្រុក iLembe បានរាយការណ៍បន្ថែមថា មនុស្សច្រើនជាង ១៤នាក់បានបាត់បង់ជីវិតនៅក្នុងសោកនាដកម្មដ៏អាក្រក់បំផុត។
អាជ្ញាធរខេត្ត ក្វាហហ្សូលូ-ណាតាល់ បានបញ្ជាក់ថា គ្រោះមហន្តរាយនេះបានបង្កការបំផ្លិចបំផ្លាញដែលមិនអាចទាយទុកមុន និង បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលនេះប៉ះពាល់ដល់គ្រប់ពូជសាសន៍ និងគ្រប់វណ្ណៈ ពីតំបន់ជនបទ និងទីប្រជុំជន រហូតដល់តំបន់អចលនទ្រព្យប្រណីតៗ។
ជុំវិញបញ្ហានេះ នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្នុងខេត្ត ក្វាហហ្សូលូ-ណាតាល់ បានជំរុញឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ និងបានបញ្ជាឱ្យអ្នកដែលរស់នៅក្នុងតំបន់ទំនាបឱ្យផ្លាស់ទៅទីទួលខ្ពស់។
គួរបញ្ជាក់ថា ភ្លៀងធ្លាក់ជាច្រើនថ្ងៃ បានបង្កឱ្យមានគ្រោះទឹកជំនន់ដោយបានជន់លិចតំបន់ជាច្រើន។ ក្រៅពីមនុស្សស្លាប់ ផ្ទះសម្បែងជាង ២,០០០ខ្នង និងសំណង់អាណាធិបតេយ្យ ៤,០០០ខ្នង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតក៏រងការបំផ្លិញបំផ្លាញ យ៉ាងដំណំផងដែរ ខណៈគ្រោះរអិលបាក់ដី បានបង្ខំឱ្យសេវាកម្មរថភ្លើងត្រូវផ្អាកដំណើរការ៕