Alynana Media Cambodia
Icon Collap
clinic narit

សង្គ្រាម​អ៊ុយ​ក្រែ​ន​បង្ហាញ​ពី​ភាព​ឯកោ​របស់​រុស្ស៊ី និង​ការរួម​គ្នា​របស់​បស្ចិម​លោក​ដែល​ពោរពេញ​ដោយ​ការ​លាក់ពុត​

Admin Alynana | Apr 18, 2022
សង្គ្រាម​អ៊ុយ​ក្រែ​ន​បង្ហាញ​ពី​ភាព​ឯកោ​របស់​រុស្ស៊ី និង​ការរួម​គ្នា​របស់​បស្ចិម​លោក​ដែល​ពោរពេញ​ដោយ​ការ​លាក់ពុត​
Clinic narith

សង្គ្រាមអ៊ុយក្រែ​&រុស្ស៊ី៖ ពេល​ការ​លុកលុយ​របស់​រុស្ស៊ី ធ្វើឱ្យ​ភ្លើងសង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ឆាបឆេះ និង​បង្កឱ្យមាន​ការ​ព្រួយ​បារម្ភ​លើ​ផ្នែក​សន្តិសុខ​ផ្សេងៗ​នៃ​ប្រទេស​អឺរ៉ុប​ទំនាក់ទំនង​រវាង​សហ​​រដ្ឋ​អាមេរិក និង​ដៃគូ​សម្ព័ន្ធមិត្ត​ត្រូវបាន​គេ​មើលឃើញថា ចាប់ផ្ដើម​រស់​រវើក​ឡើងវិញ ប៉ុន្តែ​ភាព​រកាំរកូស​ផ្ទៃក្នុង និង​ការ​ពុតត្បុត​នៃ​ប្រទេស​ប៉ែក​នេះ​ក៏ត្រូវ​លាតត្រដាង​ឱ្យ​ច្បាស់​ផងដែរ​តាមរយៈ​នេះ​។

​ភ័ស្តុតាង​នៃ​ល្បឿន​កម្លាំង និង​ការ​ឯកភាពគ្នា​ក្នុងការ​ឆ្លើយតប​របស់​លោកខាងលិច ចំពោះ​ការ​​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ធ្វើឱ្យ​វិមាន​ក្រឹម​ឡាំង​ភ្ញាក់ផ្អើល ដោយ​រុស្ស៊ី​ត្រូវ​ធ្លាក់​ចូលក្នុង​ទណ្ឌ​​កម្ម​របស់លោក​ខាងលិច​ជុំ​ទិស ដែលជា​ការបង្ហាញ​ការគាំទ្រ​ទៅ​ចំពោះ​អ៊ុយ​ក្រែ​ន​។

​តាំងពី​សង្គ្រាម​ចាប់ផ្ដើម លោក​​ខាងលិច​បាន​បង្កក​ទុនបម្រុង​បរ​​ទេស​របស់​ធនាគារកណ្ដាល​រុស្ស៊ី​ជាង​ពាក់កណ្ដាល ដាក់ទណ្ឌកម្ម​ស្ថាប័នហិរញ្ញវត្ថុ និង​មហាសេដ្ឋី​​រុស្ស៊ី​ជាច្រើន បិទ​យន្តហោះ​រុស្ស៊ី​មិនឱ្យ​ឆ្លងដែន​អាកាស​អឺរ៉ុប ដាក់​កម្រិត​ការនាំចេញ​បច្ចេកវិទ្យា​ទៅ​រុស្ស៊ី​បណ្តេញ​រុស្ស៊ី​ចេញពី​ការប្រកួត​បាល់ទាត់​ពិភពលោក ការដកខ្លួន​ក្រុមហ៊ុន​ឯកជន​អាមេរិក​ពី​ទឹក​​ដី​រុស្ស៊ី និង​ផ្អាក​គម្រោង​បំពង់​​បង្ហូរ​ឧស្ម័ន​រុស្ស៊ី Nord Stream2 ទៅ​អាល្លឺម៉ង់​ជាដើម​។ លើសពីនេះ ក្រុម​ប្រទេស​បស្ចិម​លោក​ថែមទាំង​បាន​ផ្គត់ផ្គង់​អ៊ុយ​ក្រែ​ន​ផ្នែក​យោធា​នូវ​សព្វាវុធ​ធុន​ធ្ងន់ និង​ស្រាល គិត​ជា​ថវិកា​រាប់លាន​ដុល្លារ​។

​ការ​លុកលុយ​របស់​រុស្ស៊ី​មិនបាន​គំរាមកំហែង​ដល់​ការ​វាតទី​របស់​ណា​តូ​ទេ តែ​បែរជា​បើកឱកាស​ឱ្យ​ប្រទេស​ដទៃទៀត ពិចារណា​លើ​ការ​ស្វែងរក​សមាជិកភាព​នៃ​សម្ព័ន្ធភាព​យោធា​នេះ​វិញ​រួមមាន​ទាំង​ហ្វាំ​ង​ឡង់ និង​ប្រហែលជា​ស៊ុយអែត​ផង ដោយ​មើលឃើញ​ពី​ហានិភ័យ​ផ្សេងៗ​។​

​អ្នកស្រី Margaret Macmillan ប្រវត្តិវិទូ​ដ៏​ល្បីឈ្មោះ​ ១​ រូប​ និ​​យាយ​ប្រាប់​កាសែត Financial Times ថា ខុសពី​វិបត្តិ​អន្តរជាតិ​មុនៗ ដូចជា​សង្គ្រាម​នៅអ៊ីរ៉ា​ក់​ការ​​ដកទ័ព​របស់​អាមេរិក​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន ឬ​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​ហ្ស៊​ក​ហ្ស៊ី​ក្នុង​ឆ្នាំ ​២០០៨ ដែល​បែងចែក​សម្ព័ន្ធភាព​លោកខាងលិច​ ឬ​បង្ក​ការភ្ញាក់ផ្អើល សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បង្ហាញថា «​លោក​​ខាងលិច​ហាក់ដូចជា​បាន​ត្រៀមខ្លួន ហើយ​ពិតជា​បាន​គិតពី​របៀប​ដែល​ខ្លួន​នឹង​ឆ្លើយតប​»​។

 

​លោក Norbert Rottgen សមាជិកសភា​អាល្លឺម៉ង់និយាយថា​៖ «​ស្នូល​នៃ​សារៈសំខាន់​របស់​អាមេរិក​ចំពោះ​សន្តិសុខ​អឺរ៉ុប ត្រូវបាន​បញ្ជាក់​ឡើងវិញ​។ អឺរ៉ុប​យល់​​ដឹង​កាន់តែច្រើន​អំពី​សារៈសំខាន់​នៃ​សម្ព័ន្ធភាព​ជាមួយ​អាមេរិក ហើយ​អាមេរិក​ក៏ត្រូវ​រំឭក​ឡើង​​វិញ​ពី​សារៈសំខាន់​នៃ​អឺរ៉ុប​»​។

​ជាមួយគ្នា​នោះ​សម្ព័ន្ធមិត្ត​អា​​មេ​រិ​កនៅ​អាស៊ីរួមមាន ជប៉ុន កូរ៉េខាងត្បូង សិង្ហ​បុរី និង​អូស្ត្រាលី បាន​ចូលរួម​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​រុស្ស៊ី​ជាមួយគ្នា​។ ស្វ៊ី​សដែលជា​ប្រទេស​អព្យាក្រឹត និង​ជាម​ជ្ឈ​​មណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​ដ៏​សំខាន់ក៏​ធ្វើ​ដូចគ្នា​។ តាមរយៈ​នេះ​អាមេរិក​មាន​អារម្មណ៍​ធូរស្រាល​ជាង​មុន​អំពី​ការដាក់ទណ្ឌកម្ម​លើ​ធនាគារកណ្តាល​រុស្ស៊ី​ដោយ​ដឹងថា​ ម​ជ្ឈ​មណ្ឌល​ហិរញ្ញវត្ថុ​ធំៗ​ផ្សេងទៀត​របស់​ពិភពលោក កំពុង​ធ្វើ​សកម្ម​​ភាព​ជាមួយ​ខ្លួន​។

​យ៉ាងណាមិញ​ខណៈដែល​ទំ​​នាក់​ទំនង​រវាង​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត ជាពិសេស​សហភាព​​អឺរ៉ុប មានការ​ស្រុះស្រួល​គ្នា​ក៏មាន​គំនិត​មួយ​ដែល​ផុស​ជាមួយនឹង​សុទិដ្ឋិនិយម​នេះ​ថា ការរួបរួម​របស់លោក​ខាងលិច​អាចមាន​ភាព​ផុយ​​ស្រួយ និង​មិន​បានយូរ​ទេ​។

​នៅក្នុង​សហភាព​អឺរ៉ុប​ការ​ព្រួយ​បារម្ភ​កើតឡើង​ចំពោះ​ប្រទេស​បារាំង ដោយ​ថា ប្រសិនបើ​លោក​​ស្រី ម៉ា​រី​ន ឡឺ​ប៉ែន ដែលមាន​ទំនោរ​ទៅ​រុស្ស៊ី ហើយ​មាន​អតីតកាល​រកាំរកូស​ជាមួយ​ប្លុក និង​អង្គការ​​ណា​តូ ជាប់ឆ្នោត​ជា​ប្រធានាធិបតី​នោះ ទំនាក់ទំនង​រវាង​លោកខាងលិច​ក្នុង​តំបន់​អឺរ៉ុប​នឹង​កើតមាន​អរិភាព​។ លើសពីនេះ ភាព​ភ័យ​​ខ្លាច​សម្រាប់​មន្ត្រី​សហភាព​អឺរ៉ុប និង​ណា​តូ ក៏​កើតមាន​ផងដែរ ជុំ​​វិញ​លទ្ធភាព​នៃ​ការវិលត្រឡប់​មកកាន់​អំណាច​វិញ​របស់លោក ដូ​ណា​ល់ ត្រាំ តាម​ការបោះឆ្នោត​ឆ្នាំ​ ២០២៤​។

​ប៉ុន្តែ​បើទោះបីជា​លោក​ ត្រាំ ឬ​លោកស្រី ឡឺ​ប៉ែន មិន​កាន់អំណាច​ក៏ដោយ ក៏​បញ្ហា​មិន​ចុះសម្រុង​នៅក្នុង​ប្លុក​អឺរ៉ុប​មាន​រួចស្រេច​ទៅហើយ​ដូចជា​ការរិះគន់​របស់​លោក ​ម៉ា​ក្រុង ​លើ​រដ្ឋាភិបាល​ប៉ូឡូញ​ ជុំ​វិញ​ការបិទ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ក្រោយ​នាយករដ្ឋមន្ត្រី​ប៉ូឡូញ​រិះគន់​កិច្ចសន្ទនា​តាម​ទូរស័ព្ទ របស់​មេដឹកនាំ​បារាំង​នឹង​លោក ពូ​ទីន ​ច្រើនដង បញ្ហា​មិន​ចុះសម្រុង​គ្នា​លើ​ទណ្ឌ​កម្មបិទ​ការ​នាំចូល​ថាមពល​ពី​រុស្ស៊ី និង​ការកើនឡើង​នៃ​អតិផរណា​ក្នុងប្រទេស​នីមួយៗ​ជាដើម​។

​វា​ក៏មាន​ចំណុច​មួយ​ដែល​លើកឡើងថា ការអះអាង​របស់លោក​ខាងលិច​ថា​ពិភពលោក​រួមដៃគ្នា​ថ្កោលទោស​រុស្ស៊ី គឺជា​រឿង​មិន​ពិត ដូច​បង្ហាញឱ្យឃើញ​តាមរយៈ​ការបោះឆ្នោត​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដែល​ប្រ​ទេស​សំខាន់ៗ​ដូចជា​ចិន ប្រេ​ស៊ី​ល អាហ្វ្រិ​ក​ខាងត្បូង និង​ឥណ្ឌា ​ដែលមាន​ប្រជាជន​ច្រើនជាង​ពាក់កណ្ដាល​ពិភពលោក​បោះឆ្នោត​ប្រឆាំង និង​អនុបវាទ​ក្នុង​សន្និបាត​។

​ឥណ្ឌា​ដែលជា​សមាជិក​នៃ​ចតុ​​ប្រទេស Quad និង​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​សព្វាវុធ​រុស្ស៊ី មិនបាន​ចូល​​រួមជាមួយ​សមាជិក​អាមេរិក អូស្ត្រាលី និង​ជប៉ុន ដាក់ទណ្ឌកម្ម​លើ​ក្រុង​ម៉ូស្គូ​នោះទេ​។ ចំណែក ប្រទេស​ផ្ដាច់ការ​នៅ​ឈូង​សមុទ្រ​ពែ​រ៍ក្ស ដូចជា​អារ៉ាប់​រួម និង​អា​រ៉ា​ប៊ី ​សា​អ៊ូ​ឌី​ត ដែលជា​សំណព្វចិត្ត​របស់លោក​ខាងលិច​ខាង​ផ្គត់ផ្គង់​ប្រេង ក៏​បោះឆ្នោត​អនុបវាទ​នៅ​អង្គការសហប្រជាជាតិ ដោយ​មិន​ប្រកាន់​ជំហរ​ជាមួយ​លោក​​ខាងលិច​។

​កំណត់ត្រា​មិន​ចុះសម្រុង​ទាំង​​អស់នេះ គូសបញ្ជាក់ថា ការ​អះ​អាង​ដំបូង​របស់លោក​ខាងលិច​ថា ពិភពលោក​រួបរួមគ្នា​ប្រឆាំង​រុស្ស៊ី គឺជា​ការ​បំភាន់​។ លើសពីនេះ​ទៀត អ្នកវិភាគ​មួយចំនួន​ក៏​គាស់កកាយ​អំពី​ការ​លាក់ពុត​របស់លោក​ខាងលិច ដូចជា​ការ​ផ្ដល់​ការយកចិត្តទុកដាក់​តិច​​តួច​ក្នុងប្រទេស​មាន​អាសន្ន​ផ្សេងទៀត​ដូចជា​យេ​ម៉ែន អា​ហ្វ​ហ្គា​នី​ស្ថាន និង​អេ​ត្យូ​ពី ឬ​ការយក​ខ្លួន​ត្រូវ​ចំពោះ​ការអន្តរាគមន៍​ដែល​សម្លាប់​មនុស្ស​ស្លូតត្រង់​ជាច្រើន​នៅ​មជ្ឈិមបូព៌ា​ជាដើម​៕