អភិបាលក្រុង Lviv៖ លោក Andriy Sadovy បាននិយាយនៅថ្ងៃចន្ទនេះថា កាំជ្រួចមីស៊ីលដ៏មានឥទ្ធិពលរបស់រុស្ស៊ីចំនួន ៥ គ្រាប់បានវាយប្រហារលើទីក្រុង Lviv ជាទីក្រុងមួយនៅភាគខាងលិចនៃប្រទេសអ៊ុយក្រែន ។
ការវាយប្រហារនៅទីក្រុង Lviv ដែលមានព្រំប្រទល់ជាប់ប្រទេសប៉ូឡូញបានកើតឡើង នៅពេលដែលប្រទេសរុស្ស៊ីបានបង្កើនការវាយប្រហារបន្ថែមទៀតទាំងនៅក្នុង និងជុំវិញរដ្ឋធានីកៀវភាគខាងកើត ដោយផ្តោតលើទីតាំងជាច្រើនដែលផលិតផ្នែករឹង (Hardware) យោធាក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមកនេះ ។
ទន្ទឹមនោះជំនួយការប្រធានាធិបតីអ៊ុយក្រែនលោក Mykhaylo Podolyak បានសរសេរនៅលើបណ្ដាញ Twitter ថា “ការបាញ់កាំជ្រួចមីស៊ីលដ៏មានអានុភាពចំនួន ៥ គ្រាប់ក្នុងពេលតែមួយទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៃទីក្រុង Lviv ដែលជាទីក្រុងដ៏ចំណាស់របស់អឺរ៉ុបបណ្ដាលឲ្យមនុស្ស ៦ នាក់ស្លាប់ និង ៨ នាក់រងរបួស” ។
លោកបាននិយាយថា មីស៊ីល ៣ គ្រាប់បានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធា ខណៈ ២ គ្រាប់ទៀតបានវាយប្រហារកន្លែងផ្លាស់ប្តូរសំបកកង់រថយន្ត ។
ចំណែកប្រធានផ្លូវដែកជាតិរបស់ប្រទេសអ៊ុយក្រែនលោក Alexander Kamyshin បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ហេដ្ឋារចនាសម្ព័ន្ធការងារមួយចំនួនត្រូវបានខូចខាត ហើយទំនងជាមានការពន្យារពេលក្នុងការជួសជុល ហើយនៅទីតាំងរបស់លោកមិនមានអ្នកដំណើរ ឬបុគ្គលិកណាម្នាក់ស្លាប់ ឬរងរបួសនោះទេ ៕