Alynana Media Cambodia
Icon Collap
clinic narit

ដាក់ទណ្ឌកម្ម​ខាង​វិន័យ​លើ​ប្រធាន​ និង​គ្រូពេទ្យ ​៦ ​នាក់ ​ករណី​ខកខាន​​ផ្តល់​សេវា​សម្រាលកូន

Admin Alynana | Apr 20, 2022
ដាក់ទណ្ឌកម្ម​ខាង​វិន័យ​លើ​ប្រធាន​ និង​គ្រូពេទ្យ ​៦ ​នាក់ ​ករណី​ខកខាន​​ផ្តល់​សេវា​សម្រាលកូន
Clinic narith

ខេត្តព្រះសីហនុ ៖ ប្រធាន​មណ្ឌល​សុខភាព និង​ក្រុមគ្រូពេទ្យ​ចំនួន​ ៦​ នាក់ បម្រើការ​នៅ​មណ្ឌល​សុខភាព ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ត្រូវបាន​រដ្ឋមន្ដ្រី​-​ក្រសួងសុខាភិបាល​ឯកភាព​ឱ្យ​រដ្ឋបាល​ខេត្ដ​សម្រេច​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ​ថ្នាក់​ទី ​១​ ពី​ការប្រព្រឹត្ត កំហុស និង​ភាពឆ្គាំឆ្គង​ក្នុង​វិជ្ជាជីវៈ ករណី​ពលរដ្ឋ​ទៅរក​សេវា​សម្រាលកូន ប៉ុន្ដែ​គ្មាន​គ្រូពេទ្យ​ប្រចាំការ​បណ្ដាលឱ្យ​សម្រាលកូន​នៅមុខ​មណ្ឌល​សុខភាព​។

ទាក់ទង​នឹង​បញ្ហា​នេះ លោក​ គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​នា​រសៀល​ថ្ងៃទី ​១៨ ខែមេសា បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តាប់​របាយការណ៍ ករណី​ប្រជាពលរដ្ឋ​សម្រាលកូន​នៅមុខ​មណ្ឌល​សុខភាព​ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​នេះ​។ កិច្ចប្រជុំ​មានការ​ចូលរួម​ពី​លោក​អភិបាលស្រុក​ស្ទឹងហាវ ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ លោក​មេឃុំ​កែវផុស ក្រុមគ្រួសារ​ស្ត្រី​ដែល​សម្រាលកូន​នៅមុខ​មណ្ឌល​សុខភាព ប្រធាន​មណ្ឌល​សុខភាព និង​ក្រុមគ្រូពេទ្យ​ដែល​បម្រើការ​នៅ​មណ្ឌល​សុខភាព​ឃុំ​កែវផុស​។

របាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​កិច្ចប្រជុំ​បានឱ្យដឹងថា កាលពី​វេលា​ម៉ោង​ ៦ និង​ ៣០ ​នាទី​ព្រឹក ថ្ងៃទី​ ១៧ ខែមេសា ឆ្នាំ​ ២០២២ មាន​ប្រជាពលរដ្ឋ​ឈឺពោះ​សម្រាលកូន​មក​ទទួល​សេវា​សម្រាល​នៅ​មណ្ឌល​សុខភាព​ឃុំ​កែវផុស​។ ប៉ុន្តែ​មិនឃើញ​មាន​គ្រូពេទ្យ​ប្រចាំការ​រហូតដល់​ម៉ោងជាង​ ៨​ ព្រឹក​ថ្ងៃ​ដដែល​បាន​ឈឺពោះ​សម្រាល​នៅមុខ​មណ្ឌល​សុខភាព ដោយ​ឆ្មប​បុរាណ ទាំង​ម្តាយ និង​កូន គឺមាន​សុខភាព​ល្អ ក្រោម​ការជួយ​សម្របសម្រួល​ពី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​កែវផុស​។

ប៉ុន្តែ​តាម​ការរាយការណ៍​របស់​ក្រុមគ្រូពេទ្យ​ប្រចាំការ​នៅ​មណ្ឌល​សុខភាព​ឃុំ​កែវផុស​ថា ករណី​ប្រជាពលរដ្ឋ​ឈឺពោះ​សម្រាល​នៅមុខ​មណ្ឌល​សុខភាព​ឃុំ​កែវផុស គឺ​នៅ​ចំពេល​ម៉ោង​ប្តូរ​វេន​ប្រចាំការ ដោយសារ​គ្រូពេទ្យ​ប្រចាំ​ការចេញ​មុន​ម៉ោង និង​គ្រូពេទ្យ​ប្តូរ​វេន​មក​យឺត​ពេល ដែល​បណ្តាល​ឱ្យមាន​ភាព​ខ្វះចន្លោះ​ក្នុង​ការផ្តល់សេវា​។

លោក​ ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ឱ្យដឹង នា​ថ្ងៃទី​ ១៩ ​មេសា​ថា ចំពោះ​ការប្រព្រឹត្ត​កំហុស​នេះ​ក្រុមគ្រូពេទ្យ​ក៏បាន​ទៅសុំ​ទោស​ក្រុមគ្រួសារ​ស្ត្រី ដែល​សម្រាល​កូន​នៅមុខ​មណ្ឌល​សុខភាព​ដល់​គេហដ្ឋាន​ផងដែរ​។

 

លោក​ថ្លែងថា​៖ «​បន្ទាប់ពី​ស្តាប់​របាយការណ៍ ឯកឧត្តម​អភិបាលខេត្ត​បានធ្វើការ​សន្និដ្ឋានថា ក្រុម​គ្រូពេទ្យ​ប្រចាំការ​នៅ​មណ្ឌល​សុខភាព​ឃុំ​កែវផុស​អនុវត្ត​ពុំទាន់​ត្រឹមត្រូវ​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល​នោះទេ​។ ចំពោះមុខ​ទាក់ទង​នឹង​បញ្ហា​នេះ កំហុស​លើ​ការទទួល​ខុសត្រូវ​លើ​ម៉ោង​ពេល​គឺ​នៅតែ​ជា​កំហុស ដែល​ត្រូវ​ទទួល​ទណ្ឌកម្ម​ខាង​វិន័យ​»​។

លោក​បន្តថា​៖ «​ឯកឧត្ដម​អភិបាល​ខេត្ដ​ក៏បាន​ដាក់​ការណែនាំ​ដល់​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត សូម​យក​បទពិសោធ​នៃ​បញ្ហា​នេះ​ធ្វើការ​ដឹកនាំ​ប្រជុំ​ផ្សព្វផ្សាយ​ទៅដល់​មណ្ឌល​សុខភាព​ផ្សេងៗ​ទៀត​ឱ្យមាន​ការទទួល​ខុសត្រូវ​។ ព្រោះ​យើង​មិន​អាចឱ្យ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​របស់​យើង​មួយ​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការយកចិត្ត​ទុកដាក់​លើ​ការផ្តល់សេវា​សុខភាព​សាធារណៈ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​របស់​យើង ដែល​គិតគូរ​ល្អិតល្អន់ និង​ត្រឹមត្រូវ​»​។

លោក​ប្រាប់​ឱ្យ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្រូវ​ណែនាំ​ពី​របៀបរបប​នៃ​ការបែងចែក​វេនយាម និង​ការប្តូរ​វេន​យាម​ចាប់ពី​ថ្ងៃនេះ​តទៅ​គឺ​មិន​អនុញ្ញាត​ឱ្យ​អ្នក​ដែល​មិនទាន់​ដល់ពេល​ចេញទៅ​ផ្ទះ ចេញ​នោះទេ​។ អ្នកថ្មី​មិនទាន់​មកដល់​អ្នក​ចាស់​មិនទាន់​ចេញ ត្រូវ​មាន​ចុះហត្ថលេខា​ប្តូរ​វេន​គ្នា​ឱ្យបាន​ត្រឹមត្រូវ​ពី​វេន​ ១ ទៅ​វេន ​១​។

បើតាម​លោក ​ឃាង ភារម្យ ដោយ​ទទួលបាន​ការឯកភាព​ពី​លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​-​ក្រសួង​សុខាភិបាល​រួចមក លោក គួច ចំរើន ដែលជា​ប្រធាន​អង្គប្រជុំ​បាន​សម្រេច​ដាក់ទណ្ឌកម្ម​ខាង​វិន័យ​ថ្នាក់​ទី​ ១​។ (​ក-​ស្តីបន្ទោស ខ-​ស្តីបន្ទោស​ដោយមាន​ចំណារ​ក្នុង​សំណុំលិខិត​ផ្ទាល់ខ្លួន គ-​ផ្លាស់​ដោយ​បង្ខំ​តាម​វិធានការ​ខាង​វិន័យ ឃ-​លុបឈ្មោះ​ចេញពី​តារាង​ឡើង​ឋានន្តរស័ក្តិ​ ឬ​ថ្នាក់​) ចំពោះ​ប្រធាន​មណ្ឌល​សុខភាព និង​ក្រុមគ្រូពេទ្យ​ចំនួន​ ៦​ នាក់​ទៀត ដែល​បម្រើការ​នៅ​មណ្ឌល​សុខភាព​ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ​ពី​ការប្រព្រឹត្ត​កំហុស និង​ការ​ឆ្គាំឆ្គង​ក្នុង​វិជ្ជាជីវៈ​។

លោក​បានឱ្យដឹងថា លោក​អភិបាលខេត្ដ​ក៏បាន​ណែនាំ​ដល់​ប្រធាន​មណ្ឌល​សុខភាព និង​ក្រុមគ្រូពេទ្យ ដែល​បម្រើការ​នៅ​មណ្ឌល​សុខភាព​ឃុំ​កែវផុស​ត្រូវធ្វើ​ការកែលម្អ ដើម្បី​ជាការ​ប៉ះប៉ូវ​នូវ​កំហុសឆ្គង​កន្លងមក​។ ករណី​មិនមាន​ការកែប្រែ​នោះ រដ្ឋបាលខេត្ត​នឹង​អនុវត្ត​វិធាន​ការបន្ត​។

លោក​ថ្លែងថា​៖ «​ចំពោះ​ក្រុមគ្រួសារ​ស្ត្រី​ដែល​សម្រាលកូន​នៅមុខ​មណ្ឌល​សុខភាព​ឃុំ​កែវផុស ដែល​បាន​ចូលរួម​ស្តាប់​កិច្ចប្រជុំ​បាន​ឯកភាព​ទទួល​យកតាម​ការសម្រេច​របស់​អង្គប្រជុំ និង​បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​តេជោ​ [​ហ៊ុន សែន​] និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ [​ប៊ុន រ៉ានី ហ៊ុន សែន​] ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត ស្រុក និង​មន្ទីរ​អង្គភាព ដែល​បាន​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​។ ជាពិសេស លោក​មេឃុំ និង​ក្រុមប្រឹក្សាឃុំ​កែវផុស​ដែល​បាន​ជួយ​សម្រប​សម្រួលការ​សម្រាល និង​ផ្គត់​ផ្គង់ស្បៀង​អាហារ​ដល់​កូនចៅ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក្នុងពេល​មានទុក្ខ​លំបាក​»​។

លោក​បាន​បន្ថែមថា ជាមួយ​គ្នា​នេះ ក្រុមគ្រួសារ​របស់គាត់​បាន​សុំ​យកឈ្មោះ​របស់លោក​មេឃុំ​កែវផុស ធ្វើជា​ត្រកូល​ឱ្យ​កូនប្រុស​របស់គាត់​ដែល​ទើបតែ​សម្រាល​នេះ ដើម្បី​ទុកជា​ការដឹងគុណ​។

លោក​ ភារម្យ បញ្ជាក់ថា​៖ «​បច្ចុប្បន្ន ស្ដ្រី​ដែល​បាន​សម្រាល​កូន​នៅមុខ​មណ្ឌល​សុខភាព​កែវផុស កាលពី​ព្រឹក​ថ្ងៃទី ​១៧ ខែមេសា ឆ្នាំ​ ២០២២ គឺ​ទាំង​ម្ដាយ ទាំង​កូន មាន​សុខ​ភាពល្អ ហើយ​ពួកគាត់​បាន​ស្នើសុំ​ទៅ​សម្រាក​ថែទាំ​សុខភាព​បន្ត​នៅផ្ទះ​របស់ខ្លួន​»៕