Alynana Media Cambodia
Icon Collap
clinic narit

កត្ដាធំៗចំនួន៥ ជួយឲ្យពន្ធដារប្រមូលចំណូលបាន ១ ២៦៣លានដុល្លារ ស្មើនឹង ៤៤.៨០% នៃច្បាប់ថវិកាជាតិ ត្រឹមតែរយៈពេល ៣ខែដើមឆ្នាំ

Admin Alynana | Apr 20, 2022
កត្ដាធំៗចំនួន៥ ជួយឲ្យពន្ធដារប្រមូលចំណូលបាន ១ ២៦៣លានដុល្លារ ស្មើនឹង ៤៤.៨០% នៃច្បាប់ថវិកាជាតិ ត្រឹមតែរយៈពេល ៣ខែដើមឆ្នាំ
Clinic narith
(ភ្នំពេញ)៖ មានកត្ដាចំនួន៥ ដែលធ្វើឲ្យការប្រមូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធ នៅត្រីមាសទី១ ឆ្នាំ២០២២នេះ សម្រេចបានរហូតដល់ជាង ១ ២៦៣លានដុល្លារ ស្មើនឹង៤៤.៨០% នៃផែនការកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២។

កត្ដាសំខាន់ៗ ទាំង៥ ដែលធ្វើឲ្យការប្រមូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធ សម្រេចបានរហូតដល់ជាង ១ ២៦៣លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២២នេះ រួមមាន៖

ទី១៖ ការបន្តពង្រឹងអភិបាលកិច្ចល្អ (Good Governance) និងរដ្ឋបាលកិច្ចល្អ (Good Administration) ព្រមទាំងការប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ជាពិសេសការរៀបចំអភិវឌ្ឍ និងដាក់ឲ្យប្រើប្រាស់ នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន តាំងពីមុនការរីករាលដាលនៃជំងឺកូវីដ-១៩។

ទី២៖ ការគ្រប់គ្រងប្រមូលចំណូលពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលបានដាក់ឲ្យអនុវត្តជាបន្តបន្ទាប់ ជាពិសេស ToI E-Filing, E-Filing, E-Payment, GDT Tax Pre-filling App, និងប្រព័ន្ធទទួលលិខិតប្រកាសពន្ធ ពាក្យស្នើសុំ លិខិតរដ្ឋបាល និង/ឬឯកសារនានា តាមរយៈប្រព័ន្ធបញ្ជូនឯកសារ អេឡិចត្រូនិក (E-Document Submission System) ព្រមទាំងការស្នើសុំវិញ្ញាបនបត្រ/ លិខិតអនុញ្ញាតនានាតាមប្រព័ន្ធអនឡាញ។

ទី៣៖ កម្មវិធីលើទូរស័ព្ទដៃ របស់អគ្គនាយកដ្ឋានពន្ធដារ ផ្តល់លទ្ធភាពជូនអ្នកជាប់ពន្ធទទួលបាន ភាពងាយស្រួល និងចំណេញពេលវេលា ក្នុងការបង់ពន្ធ បានពីគ្រប់ទីកន្លែង ទទួលបាននូវបច្ចុប្បន្នភាពនិងព័ត៌មានថ្មីៗអំពីពន្ធដារ តាមដានឯកសារ ព្រមទាំងទទួលសេវា អ្នកជាប់ពន្ធពីអគ្គនាយកដ្ឋានពន្ធដារ។

ទី៤៖ ជម្រើសបង់ពន្ធតាមតាមរយៈធនាគារពាណិជ្ជជាដៃគូរ ដែលគិតមកដល់បច្ចុប្បន្ននេះ មាន៨ ក្នុងនោះមាន ធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា ធនាគារកម្ពុជាសាធារណៈ ធនាគារស្ថាបនា ធនាគារ ABA ធនាគារវឌ្ឍនៈ ធនាគារប្រៃណនីយកម្ពុជា និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។

ទី៥៖ ការផ្តល់សេវាជូនអ្នកជាប់ពន្ធតាមរយៈសេវាពិគ្រោះយោបល់ ជូនអ្នកជាប់ពន្ធសរុបក្នុងរយៈពេល៣ខែ ឆ្នាំ២០២២ មាន ២៦ ៤២៧ ករណី ថយចុះ ៥១% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ ដែលការថយចុះនេះពុំមែនជាសញ្ញាញអវិជ្ជមានឡើយ ផ្ទុយទៅវិញ ចំណុចនេះ គឺបានឆ្លុះបញ្ជាំងអំពីកើនឡើង នូវការយល់ដឹងរបស់អ្នកជាប់ពន្ធនូវច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ព្រមទាំងប្រព័ន្ធបច្ចេកវិទ្យាគាំទ្រនានា របស់អគ្គនាយកដ្ឋានពន្ធដារ ដែលស្តែងនូវភាពជោគជ័យ នៃផ្សព្វផ្សាយនិងបណ្តុះបណ្តាល តាមរយៈសិក្ខាសាលា វគ្គបណ្តុះបណ្តាល សេវាពិគ្រោះយោបល់ និងប្រព័ន្ធផ្សព្វផ្សាយនានារបស់អគ្គនាយកដ្ឋានពន្ធដារ។

សូមបញ្ជាក់ថា រយៈពេល៣ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានចំនួន ៥ ១១៥.៤២ ប៊ីលានរៀល ស្មើនឹងប្រមាណជា ១ ២៦៣.០៧លានដុល្លារ កើនឡើង២២.២៥% បើធៀននឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

សូមជម្រាបថា សម្រាប់ឆ្នាំ២០២២នេះ ក្នុងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង តម្រូវឲ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលឲ្យបានចំនួន ១១ ៤១៩.១៣ ប៊ីលានរៀល ស្មើនឹងប្រមាណ ២ ៨១៩.៥៤លានដុល្លារ៕