Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្តេចតេជោ ហ៊ុន សែន ចែករំលែកទស្សនទានចំនួន៤ ទៅកាន់កិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹក

Admin Alynana | Apr 23, 2022
សម្តេចតេជោ ហ៊ុន សែន ចែករំលែកទស្សនទានចំនួន៤ ទៅកាន់កិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹក
Clinic narith

(ជប៉ុន)៖ ក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលធ្វើឡើងនៅទីក្រុងខឹម៉ាមុតុ ប្រទេសជប៉ុន នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ទឹក គឺជាធនធានដ៏មានសារសំខាន់សម្រាប់ការអភិវឌ្ឍ និងការរស់នៅប្រកបដោយគុណភាព។

នៅចំពោះមុខលោក គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីជប៉ុន, មេដឹកនាំរាជ/រដ្ឋាភិបាល និងអង្គការដៃគូពាក់ព័ន្ធច្រើនទៀតនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសបង្ហាញនូវភាពប្រឈមមួយចំនួន ដែលបង្កវិនាសកម្មដល់ធនធានទឹក។ សម្តេចតេជោ បានលើកឡើងថា ធនធាននេះពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែកម្រទៅៗ ដោយសារសកម្មភាពរបស់មនុស្សធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់ប្រភព និងគុណភាពទឹក, ការប្រែប្រួលអាកាសធាតុ, គ្រោះទឹកជំនន់ និងភាពរាំងស្ងួត, ការកើនឡើងចំនួនប្រជាជន និងការបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ដែលបាននិងកំពុងបន្តដាក់សម្ពាធដល់ធនធានទឹក និងប្រព័ន្ធអេកូឡូស៊ីដែលទ្រទ្រង់ប្រភពទឹក។

សម្តេចតេជោ ហ៊ុន សែន បានចែករំលែកទស្សនទានចំនួន៤ ដើម្បីដោះស្រាយបញ្ហាប្រឈមនាំដល់វិនាសសកម្មធនធានទឹក និងដើម្បីគ្រប់គ្រងឱ្យបានប្រកបដោយចីរភាពសម្រាប់បច្ចុប្បន្ន និងទៅអនាគត។ ទស្សនទានទាំង៤នោះរួមមាន៖

១៖ បន្តជំរុញការអភិវឌ្ឍនិងសមាហរណកម្ម បណ្ដាញហេដ្ឋារចនាសម្ព័ន្ធ សំដៅគាំទ្រដល់ការគ្រប់គ្រងធនធានទឹក ទាំងក្នុងប្រទេស តំបន់ និងសកលលោក។
២៖ បន្តជំរុញការអភិវឌ្ឍសកម្មភាពសង្គម-សេដ្ឋកិច្ច ប្រកបដោយការទទួលខុសត្រូវ និងការគាំទ្រដល់ការអភិវឌ្ឍបៃតង,ជាពិសេស សម្រាប់វិស័យកសិកម្មដែលជាវិស័យប្រើប្រាស់ទឹកច្រើន។
៣៖ ជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកឌីជីថលរបស់យើង ដើម្បីចាប់យកវឌ្ឍន-ភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក ប្រកបដោយប្រសិទ្ធ-ភាព និងប្រសិទ្ធផល។
៤៖ ការបន្តគាំទ្រដល់កម្មវិធី គំនិតផ្ដួចផ្តើម និងសកម្មភាពនានា គាំទ្រដល់ការលើកកម្ពស់ចីរភាពសង្គមក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក សំដៅធានាឱ្យបានថា ប្រជាជនសកលលោកគ្រប់រូបទទួលបានទឹកមកប្រើប្រាស់ តាមតម្រូវការ។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព គឺចាំបាច់ណាស់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។ ជាក់ស្តែងនៅក្នុងរបៀបវារៈឆ្នាំ២០៣០ របស់សហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ធនធានទឹកត្រូវបានកំណត់នៅគោលដៅទី៦ ស្តីពី «ការធានាឱ្យមាននិងការគ្រប់គ្រងទឹកនិងអនាម័យប្រកបដោយចីរភាព សម្រាប់ប្រជាជនគ្រប់រូប»។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសរំលេចដែរថា កម្ពុជា ចាត់ទុកទឹកជា «មាស-ស» ដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជា តែងទទួលស្គាល់អំពីសារសំខាន់ជាយុទ្ធសាស្ត្រ និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក សំដៅជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរធានាបាននូវសន្តិសុខទឹកក្នុងក្របខណ្ឌទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបង្ហាញនូវជំហររបស់កម្ពុជាក្នុងកិច្ចប្រជុំនោះដែរថា កម្ពុជា នឹងបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្រោមយន្តការតំបន់ និងសកល ដើម្បីពង្រឹង និងលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹកនិងអាងទន្លេឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការឈានទៅសម្រេចគោលដៅ «ទឹកដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព»។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ ធ្វើឡើងក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ»។

កិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ ធ្វើឡើងក្នុងគោលបំណងចែករំលែកទស្សនទាន ការប្រមើមើលទៅមុខនៃដំណោះស្រាយ និងការអនុវត្ត ជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលគាំទ្រដល់ការសម្រេចចិត្តជាគោលនយោបាយ ក្នុងការពន្លឿនសកម្មភាពឱ្យសម្រេចបាននូវការលូតលាស់ប្រកបដោយគុណភាព ឆ្ពោះទៅកាន់សង្គមមួយដែលមានភាពធន់ ប្រកបដោយបរិយាប័ន្ន និងដោយចីរភាព ដោយដោះស្រាយនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងទឹក ក្រោយពេលដែលស្ថានភាពជម្ងឺកូវីដ-១៩ បានប្រសើរឡើងវិញ ក្នុងតំបន់អាស៊ី-បាស៊ីហ្វិក។

កិច្ចប្រជុំក៏មានគោលបំណងជំរុញកិច្ចសហការ និងភាពជាដៃគូបន្ថែមទៀត ដើម្បីប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ដើម្បីគាំទ្រការលូតលាស់ប្រកបដោយគុណភាព។

កិច្ចប្រជុំកំពូលលើកទី៤នេះ ត្រូវបានគេរំពឹងថា នឹងរួមវិភាគទានយ៉ាងសំខាន់ ឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
Edit for Web-27fn-2022-04-23-12-03-54-0fn-2022-04-23-12-03-54-1fn-2022-04-23-12-03-55-2