Alynana Media Cambodia
Icon Collap
clinic narit

បែកធ្លាយរឿងភាពមិនប្រក្រតី របស់ប្រធានពន្ធដារខេត្តកណ្ដាល

Admin Alynana | Apr 25, 2022
បែកធ្លាយរឿងភាពមិនប្រក្រតី របស់ប្រធានពន្ធដារខេត្តកណ្ដាល
Clinic narith

ខេត្តកណ្ដាល៖ ភាពមិនប្រក្រតីរបស់លោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្ដាល ត្រូវបានបែកធ្លាយជាបន្តបន្ទាប់ ពីសំណាក់ប្រជាពលរដ្ឋ អ្នកលក់ដី អ្នករកស៊ីផ្នែកអចលនទ្រព្យ ជាពិសេស អ្នកកាន់ឯកសារ រត់ការផ្ទេរកម្មសិទ្ធដីធ្លីតែម្ដង។

មានការលើកឡើងថាបន្ទាប់ពីបែកធ្លាយរឿងមិនប្រក្រតី អគ្គនាយកដ្ឋានពន្ធដា​ និងក្រសួងសេដ្ឋកិច្ច​ ននិងហិរញ្ញវត្ថុលោកគង់​ វិបុល​ បានដឹកនាំកិច្ចប្រជុំបន្ទាន់កាលពីថ្ងៃទី៦​ ខែមេសា​ ឆ្នាំ២០២២​ ពាក់ព័ន្ធរឿងលោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្ដាល។

ប្រភពបានអោយដឹងថា​  ប្រជាពលរដ្ឋ លក់ដីធ្លីក្នុងមួយប្លង់ៗ ត្រូវបង់លុយអស់ច្រើនទ្វេដង ១គុណជា២ និងគុណជា៣ ឯណោះ បើប្រៀបធៀប និងចំនួនប្រាក់ដែលបង់ចូលរដ្ឋជាក់ស្ដែង!។

ក្នុងនោះលិខិតផ្ទេរកម្មសិទ្ធបង់ពន្ធប្រថាប់ត្រា នៅស្រុកស្អាង ចំនួន៥សន្លឹក ដែល ចុះហត្ថលេខាកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

សរុបប្រាក់ដែលត្រូវបង់ចូលរដ្ឋ នៅលើលិខិតទាំង៥ច្បាប់នោះ តែជាង៤.០០០$ (បួនពាន់ដុល្លារ)ទេ។ ប៉ុន្តែលោក នុត វុត្ថា ទារយកពីម្ចាស់ដីបានសម្រេច ចំនួន ១.០៥០០$(មួយម៉ឺនប្រាំរយដុល្លារ)។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីលិខិតបង់ពន្ធផ្ទេរកម្មសិទ្ធ នៅស្រុកស្អាង ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២។ ទឹកប្រាក់បង់ចូលរដ្ឋ នៅក្នុងលិខិតចំនួន១.៩៣៤.៤០០រៀល ពោលគឺមិនដល់៥០០$(ប្រាំរយដុល្លារ)ផង។ ប៉ុន្តែម្ចាស់ដីបង់អស់ចំនួន១.០០០$(មួយពាន់ដុល្លារ) គឺមន្ត្រីពន្ធដារ ខេត្តកណ្ដាល ស៊ីជាងពាក់កណ្ដាល លើសតម្លៃបង់ចូលរដ្ឋ។

ចំពោះដីស្រែតូចៗ ដែលត្រូវផ្ទេរកម្មសិទ្ធ ទំហំចាប់ពី៥០០ម៉ែត្រការ៉េ ទៅ៤.០០០ម៉ែត្រការ៉េ ក្នុងមួយប្លង់ៗ ត្រូវបង់លុយក្រោមតុ.ជូនមន្ត្រីពន្ធដារ ខេត្តកណ្ដាល ចាប់ពី ២៥០$ ទៅ៥០០$ ក្នុង១ប្លង់ៗ ខណៈប្រាក់បង់ចូលរដ្ឋ គិតបន្ថែមទៀតទៅតាមតម្លៃនិងទីតាំងជាក់ស្ដែង។
ទន្ទឹមនិងនោះ ឯកសារភាគច្រើន មន្ត្រីពន្ធដារខេត្តកណ្ដាល គេម៉ៅការយកសរុបតែម្ដង។
ដោយ១គុណជា៣ នៃចំនួនបង់ពន្ធចូលរដ្ឋ ឧទាហរណ៍បើបង់ពន្ធអស់១.០០០$ គេម៉ៅយកពីម្ចាស់ដីឬអ្នករត់ឯកសារចំនួន ៣.០០០$។ ការម៉ៅការសរុបបែបនេះ គឺមន្ត្រីបានសន្យាធ្វើឯកសារបង់ពន្ធ អោយរួចរាល់ក្នុងរយៈពេលចាប់ពី០៧ថ្ងៃ ទៅ១៥ថ្ងៃ។

ប៉ុន្តែបើយើងដាក់ឯកសារត្រង់ៗ ចូលពន្ធដារ ដោយមិនមានអ្នករត់ការ ឬមិនបានបង់លុយក្រោមតុ តាមកំណត់ទេ មិនដឹង ថ្ងៃណា ខែណា ឯកសារបង់ពន្ធរួចរាល់នោះទេ..?។

អ្នកកាន់ឯកសារម្នាក់ទៀតនៅស្រុកខ្សាច់កណ្ដាល បានលើកឡើងថា៖ សម្រាប់ដីស្រែ ដែលត្រូវផ្ទេរកម្មសិទ្ធក្នុង១ហិកតា បង់លុយក្រោមតុ ជូនមន្ត្រីពន្ធដារ ចាប់ពី ៧០០$ទៅ១.០០០$ ដោយប្រាក់បង់ចូលរដ្ឋ គិតបន្ថែមទៀតទៅតាមតម្លៃនិងទីតាំងតំបន់..!។

ចំណែកដីលំនៅដ្ឋាន ដែលត្រូវផ្ទេរកម្មសិទ្ធ មន្ត្រីពន្ធដារខេត្តកណ្ដាល កំណត់យកលុយក្រៅផ្លូវការច្រើនជាងដីស្រែ។

ឧទាហរណ៍ បើដីនោះទំហំ ១.០០០ម៉ែត្រការ៉េ ប្រាក់ត្រូវបង់ចូលរដ្ឋចំនួន១.០០០$(មួយពាន់ដុល្លារ) គឺមន្ត្រីនឹងកំណត់យក សរុបចំនួន៣.០០០$(បីពាន់ដុល្លារ) ពោលគឺយកច្រើន១គុណជា៣។

កត្តាទាំងនេះហើយ បណ្ដាលឱ្យពលរដ្ឋ អ្នកលក់ដី អ្នករកស៊ីផ្នែកអចលនទ្រព្យ ជាពិសេស អ្នកកាន់ឯកសារ រត់ការផ្ទេរកម្មសិទ្ធដីធ្លីរអ៊ូរទាំនិងរិៈគន់ជាខ្លាំង រឿងរត់ការផ្ទេរកម្មសិទ្ធ អស់លុយច្រើនសន្ធឹកសន្ធាប់។​ បើទោះបីជាត្រូវបង់លុយក្រោមតុ ច្រើន បែបនោះក្ដី ប៉ុន្តែគ្មានជម្រើសឡើយ  គឺម្នាក់ៗត្រូវបង់លុយគ្រប់ៗគ្នា ព្រោះថា៖ បើពួកខ្លួនមិនបង់លុយក្រោមតុជូនមន្ត្រីទេ មិនដឹងខែណា ឆ្នាំណា.ផ្ទេរកម្មសិទ្ធរួចនោះឡើយ??។

ស្របពេលតម្រូវការ នៃការផ្ទេរកម្មសិទ្ធ អចលនទ្រព្យដីធ្លី នៅខេត្តកណ្ដាល ច្រើនកុះក ទើបមន្ត្រីពន្ធដារ ខេត្តកណ្ដាល មានឱកាស ផ្អឹបរាល់ឯកសារ អត់លុយក្រោមតុ ទុកចោលរយៈពេលវែង។

 

ជុំវិញការលើកឡើងបែបនេះ អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីលោក នុត វុត្ថា ប្រធានសាខាពន្ធដារ ខេត្តកណ្ដាល នៅឡើយទេ៕
PhotoCollage_1650849145521-srpostnews-800x450FB_IMG_1650848146465-srpostnews-800x389