ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចង់ឱ្យមានការ ដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីធ្លាសាធារណៈ ក៏ប៉ុន្តែតម្រូវឱ្យពាក់ម៉ាស់នៅតាមទីកន្លែងដែលបិទជិត។
ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ AstraZeneca ចំនួន ១,០៥៦,០០០ដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នាវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឥឡូវនេះ អ្វីដែលរាជរដ្ឋាភិបាលចង់បាននោះគឺចង់ឱ្យបងប្អូនជនរួមជាតិរំដោះខ្លួនឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ជាមួយនឹង កាតព្វកិច្ចមួយចំនួនក្នុងវិស័យសុខាភិបាល ដូចជាកន្លងទៅយើងបានដកចេញនូវកាតព្ធកិច្ចពាក់ម៉ាស់ចេញពីខេត្ត ៤ ដោយទុកឱ្យ ខេត្តទាំងនោះ ប្រជាពលរដ្ឋសម្រេចចិត្តដោយខ្លួនឯង។
សម្តេចតេជោ បន្តថា កាលពីពេលចូលឆ្នាំកន្លងទៅ ប្រជាពលរដ្ឋតិចណាស់ដែលបានពាក់ម៉ាស់នៅពេលលេងកម្សាន្ត ខណៈដែល កាលពីយប់មិញមានពីរកន្លែង គឺនៅទីរួមខេត្តតាកែវ និងកំពង់ចាម ក្នុងការប្រគុំតន្រ្តី ដោយក្នុងចំណោម១ពាន់នាក់ មានតែ១ឬ ២នាក់ប៉ុណ្ណោះ ដែលបានពាក់ម៉ាស់និងពុំមានការរក្សាគម្លាតនោះទេ។
សម្តេចតេជោ បានបញ្ជាក់ថា យើងមិនត្រូវមើលតែបញ្ហាសុខាភាពតែមួយមុខនោះទេ ត្រូវមើលឱ្យឃើញផងដែរ នូវបញ្ហាសេដ្ឋកិច្ច និងសង្គម ដែលការពាក់ម៉ាស់វាតម្រូវឱ្យប្រជាពលរដ្ឋចំណាយយ៉ាងធំ ដែលពេលខ្លះមិនហ៊ានទិញខោអាវឱ្យថ្មីឱ្យកូននោះទេ ប៉ុន្តែត្រូវទិញម៉ាស់យកមករក្សាទុក ដើម្បីពាក់ម៉ាស់ជាកាតព្វកិច្ច។ សម្តេចតេជោ បានបន្ថែមថា ក្នុងមួយថ្ងៃនៅទូទាំងប្រទេស ការចំណាយទិញម៉ាស់ប្រហែល១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដូច្នេះក្នុងមួយខែត្រូវចំណាយ៣លានដុល្លារ ដែលនេះជាការ ចំណាយយ៉ាងធំសម្រាប់ប្រជាពលរដ្ឋ។
« ខ្ញុំសូមអំពាវនាវអ្នកបច្ចេកទេសខាងវិស័យសុខាភិបាល កុំមើលឃើញតែមួយជ្រុងបញ្ហាទាក់ទិននិងបញ្ហាសុខភាព ត្រូវមើលឃើញផងដែរអំពីបញ្ហាសេដ្ឋកិច្ច សង្គម ក៏ដូចជាបញ្ហាចិត្តសាស្រ្ត។ ការពាក់ម៉ាស់មិនមែនជាបញ្ហាងាយស្រួលនោះទេ ហើយជាពិសេសជាងនេះទៅទៀត នៅពេលដែលតម្រូវការនៅពេលធ្វើការ ហត់នឿយ ហើយត្រូវខ្ទប់ច្រមុះ ដែលវាមិនមែនជារឿង ស្រួលនោះទេ។ ប្រទេសមួយចំនួនបានដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់រួចទៅហើយ យើងក៏អាចធ្វើ ប៉ុន្តែខ្ញុំត្រូវរង់ចាំការប្រជុំនៅ ល្ងាចនេះ ដែលដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធ មុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថាគួរត្រូវធ្វើយ៉ាងម៉េច បន្ថែមភូមិសាស្ត្រ ហើយការបន្ថែមភូមិសាស្ត្រនេះជាគំនិតរបស់ខ្ញុំ តែខ្ញុំត្រូវតែទទួលយកនូវគំនិតដែលចេញពីការប្រជុំដ៏សំខាន់នាពេលល្ងាចនេះ អ្វីដែលជាគំនិតរបស់ខ្ញុំចង់បានថា គ្រប់ភូមិសាស្ត្រ ទាំងអស់ទុកឱ្យប្រជាជនជាអ្នកសម្រេចពាក់ម៉ាស់ឬមិនពាក់ម៉ាស់នៅពេលនៅក្រៅអគារ កន្លែងទីធ្លាសាធារណៈ ដូចជាការធ្វើដំណើរ តាមផ្លូវសាធារណៈឬនៅទីកន្លែងសាធារណៈនៅខាងក្រៅ ប៉ុន្តែពេលដែលចូលកន្លែងបិទជិត ដូចជានៅអគាររដ្ឋាភិបាល នៅទីកន្លែង ធ្វើការ នៅតាមក្រុមហ៊ុនធ្វើការដែលមានម៉ាស៊ីនត្រជាក់ យើងគួរគប្បីតម្រូវឱ្យមានការពាក់ម៉ាស់ »៕