
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចលើកលែងការពាក់ម៉ាស់នៅតាមទីសាធារណៈ និងទីកន្លែងចំហនានា ទូទាំងប្រទេស លើកលែងតែកន្លែងដែលបិទជិត ដោយលោកបានទុកឱ្យប្រជាជនទាំងអស់ ធ្វើការសម្រេចចិត្តដោយខ្លួនឯងថាតើពាក់ឬមិនពាក់ម៉ាស់។
យោងតាមរយៈសារសំឡេងពិសេសរបស់លោក ហ៊ុន សែន នាព្រឹកថ្ងៃទី២៦ ខែមេសា នេះ ដោយលោកបានបញ្ជាក់យ៉ាងច្បាស់ថា ការអនុវត្តនៃការលើកលែងការពាក់ម៉ាស់នេះ គឺត្រូវអនុវត្តចាប់ពីប្រជាពលរដ្ឋទាំងអស់បានឮសារសំឡេងរបស់លោកនេះ។
លោក មានប្រសាសន៍ថា ៖ «ទីកន្លែងបិទជិត ដែលខ្ញុំសំដៅលើគឺបន្ទប់ប្រជុំ ដែលមានការបិទជិតដោយប្រើម៉ាស៊ីនត្រជាក់ ឬក្នុងរោងភាពយន្តជាដើម ប៉ុន្តែនៅទីលម្ហអាចដោះម៉ាស់ចេញបាន ហើយនៅតាមទីកន្លែងកម្សាន្តផ្សេងៗដែលមិនមានការបិទជិតទេ គឺបងប្អូនអាចសម្រេចចិត្តដោយខ្លួនឯងបានថា ពាក់ឬមិនពាក់ម៉ាស់បានដែរ»។
ជាមួយគ្នានេះដែរ សម្រាប់ទីតាំងមួយចំនួនទៀត រាជរដ្ឋាភិបាល នៅតែបន្តលើកទឹកចិត្តឱ្យមានការពាក់ម៉ាស់ដដែល ប៉ុន្តែមិនមែនជាកាតព្វកិច្ចដែលត្រូវតែពាក់នោះទេ គឺកន្លែងដែលមានមនុស្សច្រើនកកកុញ និងកន្លែងដែលសង្ស័យថា មានកូវីដនោះទេ។
លោក ហ៊ុន សែន បានបន្តថា ៖ «នេះគឺជាជម្រើសមួយដ៏ល្អសម្រាប់ចូលរួមចំណែកជាមួយនឹងបងប្អូនជនរួមជាតិ បន្ទាប់ពីយើងបានចាក់វ៉ាក់សាំងបានពេញលេញរួចមកហើយ ហើយជាមួយនេះ ខ្ញុំក៏សូមបញ្ជាក់ថា ចំណុចកន្លែងដែលត្រូវធ្លាប់បានអនុវត្តតាមស្តង់ដារបស់ក្រសួង ក៏ត្រូវបន្តអនុវត្តតាមកន្លែងដូចជាភោជនីយដ្ឋានឬកន្លែងបិទជិតណាមួយជាដើម»៕