Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រសួង ស្ថាប័ន ​ត្រូវបាន​ណែនាំ​ឱ្យ​ប្រារព្ធ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ

Admin Alynana | Apr 26, 2022
ក្រសួង ស្ថាប័ន ​ត្រូវបាន​ណែនាំ​ឱ្យ​ប្រារព្ធ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ
Clinic narith

ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ បានចេញ​សេចក្តីណែនាំ​ដល់​គ្រប់​ក្រសួង​រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និង​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំងអស់ ឱ្យ​រៀបចំ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គម្រប់​ព្រះជន្ម ៦៩ យាង​ចូល ៧០ ព្រះវស្សា​នៅ​ថ្ងៃទី​ ១៤ ​ខែឧសភា​ឆ្នាំ​ ២០២២ ឱ្យ​ស្របតាម​ព្រះរាជប្បវេណី​ពី​បុរាណ​។

តាម​សេចក្តី​ណែនាំ​របស់ លោក គង់ សំអុល ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ-​អន្តរជាតិ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី ២៥ ខែមេសា ឱ្យដឹងថា​ជា​រៀងរាល់​ឆ្នាំ រាជរដ្ឋាភិបាល រួម​ជាមួយ​ព្រះរាជវង្សានុវង្ស ថ្នាក់​ដឹកនាំ មន្ត្រីរាជការ គ្រប់​ក្រសួង ​រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និង​រដ្ឋបាល​រាជធានី ខេត្ត ព្រមទាំង​ប្រជារាស្ត្រ​ទូទាំង​ប្រទេស តែង​រៀបចំ​ប្រារព្ធ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ថ្វាយ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី​។

សេចក្តី​ណែនាំ​នេះ​បន្តថា ការរៀបចំ​ប្រារព្ធ​ព្រះ​រាជពិធី​បុណ្យ​ចម្រើនព្រះជន្ម​នេះ ធ្វើឡើង​ស្របតាម​ព្រះរាជ​ប្បវេណី​ពី​បុរាណ ដោយ​ចាត់ទុក​ព្រះរាជពិធី​បុណ្យ​ចម្រើន​ព្រះជន្ម គឺជា​អាយុវឌ្ឍន​មង្គល​មួយ​ដ៏​ប្រសើរ​ថ្លៃថ្លា ដែល​ប្រារព្ធ​ឡើង​ដើម្បី​សម្តែង​នូវ​កតញ្ញុតាធម៌ ចំពោះ​ព្រះមហា​ករុណាទិគុណ​របស់​ព្រះមហាក្សត្រ ដើម្បី​ថ្វាយព្រះពរ​សព្ទសាធុការ និង​ថ្វាយ​ព្រះរាជ​កុសល​ ចំពោះ​ព្រះមហាក្សត្រ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដើម្បី​បាន​គង់ប្រថាប់​នៅក្នុង​ព្រះបរមសិរី​រាជសម្បត្តិ និង​ជា​ម្លប់​ដ៏​ត្រជាក់ត្រជំ​របស់​ប្រជារាស្ត្រ​យូរអង្វែង​តរៀង​ទៅ​។

លោក​ គង់ សំអុល បាន​ណែនាំ​ថា គ្រប់​ក្រសួង រដ្ឋលេខាធិការដ្ឋាន និង​ស្ថាប័ន​ត្រូវ​រៀបចំ​តាំង​ព្រះបរម​ឆាយាល័ក្ខណ៍ ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដោយមាន​តុបតែង​លម្អ​ដោយ​ភ្លើងពណ៌ ពាក្យស្លោក​ថ្វាយព្រះពរ សារ​លិខិត​ថ្វាយព្រះពរ និង​លើក​ទង់ជាតិ ទង់សាសនា ទង់​ព្រះមហាក្សត្រ បដា​ពាក្យស្លោក អបអរសាទរ ជាដើម​។

លោក ឈិន កេតនា អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៥ ខែមេសា​ថា លោក​មិនមាន​អ្វី​បន្ថែម​ពី​សេចក្តី​ណែនាំ​នេះ​ទេ ពោលគឺ​សូមឱ្យ​គ្រប់​ក្រសួង​ស្ថាប័ន​របស់​រដ្ឋ​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ចូលរួម​អនុវត្ត​រៀបចំ​បុណ្យ​ចម្រើន​ព្រះជន្ម ព្រះមហាក្សត្រ នរោត្តម សីហមុនី តាម​សេចក្តីណែនាំ​នេះ​ឱ្យ​ស្របតាម​ប្រវេណី​ជាតិ​។

 

លោក ផុស សុវណ្ណ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​២៥ ខែមេសា​ថា ទាក់ទង​ទៅនឹង​ការរៀបចំ បុណ្យ​ចម្រើន​ព្រះជន្ម ព្រះមហាក្សត្រ​ជា​រៀងរាល់ឆ្នាំ ក្រសួង​ព័ត៌មាន​តែងតែ​ទាក់ទង​ទៅ​ស្ថាប័ន​ព័ត៌មាន​របស់​រដ្ឋ​មាន​វិទ្យុជាតិ សារព័ត៌មាន AKP និង​ទូរទស្សន៍​ជាតិ ធ្វើការ​ផ្សព្វផ្សាយ​នូវ​ជីវប្រវត្តិ និង​សកម្មភាព​នានា​របស់​ព្រះករុណា នរោត្តម សីហមុនី ដើម្បី​រំឭក​ស្នា​ព្រះហស្ត រួម​ជាមួយនឹង​សមិទ្ធផល​ដែល​ព្រះអង្គ​បាន​ចូលរួម​បំពេញ​ជាច្រើន​នាពេល​កន្លងមក​។

លោក​ថ្លែងថា​៖ «​យើង​រំឭក​នូវ​អ្វី​ដែលជា​បូជនីយកិច្ច​របស់​ព្រះអង្គ ចំពោះ​ប្រទេសជាតិ​មាតុភូមិ​។ ជាមួយគ្នានេះ យើង​ក៏បាន​ណែនាំ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន​ទាំងអស់​ឱ្យ​ចូលរួម​ផ្សព្វផ្សាយ​នូវ​គ្រប់​សកម្មភាព​របស់​ព្រះអង្គ​។ ក្រៅពីនេះ យើង​ក៏មាន​ការផ្សព្វផ្សាយ សារ​ថ្វាយព្រះពរ​ពី​ឥស្សរជន​ជាន់ខ្ពស់​កម្ពុជា​មួយចំនួន​ថែមទៀត​»​។

បើតាម លោក ផុស សុវណ្ណ ក្រសួង​ព័ត៌មាន​នឹង​ណែនាំ​ឱ្យមាន​ការផ្សព្វផ្សាយ​នូវ​ឯកសារ​ពាក់ព័ន្ធ​ផ្សេងទៀត ដែល​ក្រសួង​ព្រះបរមរាជវាំង​បានផ្តល់​មកឱ្យ​ក្រសួង ព្រោះ​ជា​រៀងរាល់ឆ្នាំ​ក្រសួង​តែងតែ​ទទួល​បា​នូវ​ឯកសារ​មួយចំនួន សម្រាប់​ផ្តល់​ជូនទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ និង​ឯកជន ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​បន្ត​ឱ្យបាន​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស​៕
For Web LNN-68