(ក្រសួងព័ត៌មាន)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងនាមក្រសួងព័ត៌មាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធ បានបង្ហាញពីការគាំទ្រនិងបន្តខិតខំយ៉ាងមោះមុតក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា ប៉ុន្តែលោកបានសម្តែងនូវការខកចិត្តចំពោះប្រទេសមួយចំនួនដែលអនុវត្តគោលការណ៍ស្តង់ដាពីរចំពោះសេរីភាពសារព័ត៌មាន។
លោក ខៀវ កាញារីទ្ធ បានលើកឡើងតាមរយៈមន្ទីរព័ត៌មានរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមេសា ថា ក្រសួងព័ត៌មាន បាននិងកំពុងបន្តគាំទ្រសេរីភាពនៃការបញ្ចេញមតិ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជាអាចអនុវត្តសិទ្ធិនេះដោយស្មើភាព និងមិនមានការភ័យខ្លាច ប៉ុន្តែក្រោមគោលការណ៍នៃច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។
លោកមានប្រសាសន៍ថា ៖ «ការលើកកម្ពស់សេរីភាពនេះ ក៏ដើម្បីឱ្យប្រជាជនកម្ពុជាទាំងអស់ដែលនៅពាសពេញពិភពលោក អាចជ្រើសរើសមាគ៌ា ឬថ្នាក់ដឹកនាំ ឬអ្នកដឹកនាំរបស់ខ្លួន ដោយការយល់ដឹងច្បាស់។ ហេតុដូច្នេះហើយ ខ្ញុំសង្ឃឹមថាជនរួមជាតិទាំងអស់មិនថានៅក្នុងប្រទេស ឬក្រៅប្រទេស នឹងបន្តខិតខំគាំទ្រគោលការណ៍សេរីភាពនៃការបញ្ចេញមតិ រួមទាំងគោលការណ៍នៃសេរីភាពសារព័ត៌មាននេះ ឱ្យបានល្អជាទូទៅទាំងអស់គ្នា»។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក្នុងនាមក្រសួងព័ត៌មាន បានសម្តែងនូវការខកចិត្តក្នុងការវិវត្តនៃព្រឹត្តិការណ៍ថ្មីៗនេះ ជាពិសេសសង្គ្រាមរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន ដែលសង្កេតឃើញថាមាននិន្នាការក្នុងការលុបបំបាត់ស្ថានីយផ្សាយនេះ ស្ថានីយផ្សាយនោះ ឬក៏ប្រព័ន្ធផ្សព្វផ្សាយណាមួយ ដែលជាការផ្ទុយទាំងស្រុងទៅនឹងគោលការណ៍សេរីភាពនៃការបញ្ចេញមតិ និងគោលការណ៍នៃសេរីភាពសារព័ត៌មាន។
ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ ក៏បានអំពាវនាវដល់គ្រប់ប្រទេសទាំងអស់ឱ្យខិតខំអនុវត្តសេរីភាពសារព័ត៌មាន ឱ្យមានស្តង់ដាតែមួយ ដើម្បីសុខុមាលភាព សេរីភាព សន្តិភាព និងដើម្បីជាជម្រើសប្រកបដោយសេរីភាព ក្នុងការសម្រេចចិត្តរបស់ប្រជាជនគ្រប់រូប។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី២៩ ក្រោមមូលបទ «សារព័ត៌មានក្រោមសម្ពាធប្រព័ន្ធឌីជីថល» នៅរាជធានីភ្នំពេញ៕