(វ៉ាស៊ីនតោន)៖ មេដឹកនាំបក្សប្រជាធិបតេយ្យ នៅព្រឹទ្ធសភាអាមេរិក លោក ឆាក់ ឈូមើ (Chuck Schumer) បាននិយាយនៅថ្ងៃអាទិត្យ ទី២ ខែឧសភា ថា លោកនឹងរៀបចំចាត់ចែងទៅតាម សំណើរបស់ រដ្ឋបាលលោក បៃដិន ស្តីពីកញ្ចប់ជំនួយ៣៣ពាន់លានដុល្លារដល់អ៊ុយក្រែន ដោយលោកនឹងស្នើឡើងនូវ គោលការណ៍ដែលនឹងអនុញ្ញាតឱ្យ សហរដ្ឋអាមេរិកយកថវិកា បានមកពីការលក់ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ី ដែលត្រូវបានរឹបអូសនៅក្នុងទឹកដីអាមេរិក ផ្តល់ឱ្យទៅអ៊ុយក្រែនផ្ទាល់តែម្តង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាទីក្រុងញូយ៉កស៉ីធី លោក Schumer បានគូសបញ្ជាក់ថា «អ៊ុយក្រែនត្រូវការជំនួយជាចាំបាច់បំផុត ហើយទន្ទឹមនឹងនោះ យើងក៏ត្រូវការទ្រព្យសម្បត្តិ តាមតែយើងអាចប្រមូលបាន ដើម្បីផ្តល់ឱ្យអ៊ុយក្រែន នូវជំនួយដែលពួកគេត្រូវការផងដែរ»។ លោកបន្ថែមថា ចំណាត់ការដែលត្រូវស្នើឡើង នឹងជួយសម្រួលដល់ដំណើរការរឹបអូស ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៉ី នៅសហរដ្ឋអាមេរិក ហើយអនុញ្ញាតឱ្យមានការត្រួតពិនិត្យយ៉ាងរហ័ស ក្នុងតុលាការសហព័ន្ធ តាមការស្នើសុំពីសេតវិមាន។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានស្នើឱ្យសភាអនុម័តជំនួយចំនួន៣៣ពាន់លានដុល្លារ សម្រាប់ទីក្រុងកៀវ ដែលនឹងបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន ក្នុងរយៈពេលជាង២ខែ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី។ ជាមួយគ្នា សភាតំណាងរាស្រ្តអាមេរិក ក៏បានបង្ហាញពីការគាំទ្ររបស់ខ្លួន ដើម្បីផ្តល់អំណាចបន្ថែមដល់រដ្ឋាភិបាលអាមេរិក ក្នុងការកំណត់គោលដៅទណ្ឌកម្មលើផលចំណេញនៃក្រុមមហាសេដ្ឋីរុស្ស៉ី ដែលមានទំនាក់ទំនង ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ផងដែរ៕