ភ្នំពេញៈ មុននេះបន្តិច យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តម្លៃប្រេងសាំងដែលត្រូវលក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នឹងត្រូវលក់ ៥.២៥០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92 និង ៥,៦០០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
ចំណែកឯតម្លៃមធ្យមប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិវិញ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី០១ ដល់ទី១០ ខែឧសភា ឆ្នាំ២០២២ នឹងត្រូវលក់ ៥,៤១០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង ៥,៧៦០ រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។ តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារក្នុងមួយលីត្រ។
សូមរំលឹកថា តាំងពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះតម្លៃប្រេងសាំងដែលត្រូវលក់នៅកម្ពុជា គឺមានតម្លៃ ៥,១៥០ រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង ៥,៥០០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត៕