ចំណេះដឹងទូទៅ៖ ពាក្យពីរម៉ាត់ដែលធ្វើឲ្យមេទ័ព សមរភូមិដេកមិនលក់ បក់មិនល្ហើយគឺចលនាមហាជន និងបដិវត្តន៍ពណ៌។ វាមិនមែនជារឿងថ្មី ឬ ចម្លែកសម្រាប់ពិភពលោកទេប៉ុន្តែអាចជារឿងក្តៅសម្រាប់បរិបទនយោបាយរបស់ប្រទេសនីមួយៗ។
អ្វីទៅជាបដិវត្តន៍ពណ៌? វាជាពាក្យដែលត្រូវបានប្រើប្រាស់ដោយសារព័ត៌មានក្នុងពិភពលោកដើម្បីពិពណ៌នាអំពីចលនាមហាជនផ្សេងៗដែលកើតឡើងក្នុងសង្គមមួយចំនួនដូចជានៅក្នុងអតីតសហភាពសូវៀតនិងបាល់កង់នៅដើមទសវត្សរ៍ឆ្នាំ ២០០០។
តាមការស្រាវជ្រាវបដិវត្តន៍ពណ៌បានកើតឡើងបីចរន្ត (Three Waves)។
ចរន្តទី ១. គឺកើតឡើងនៅក្នុងចុងទសវត្សរ៍ទី ៨០ និងដើមទសវត្សរ៍ទី ៩០ ជាក់ស្តែងគឺបដិវត្តន៍ពណ៌លឿង (Yellow Revolution) ឬបដិវត្តន៍ហ្វីលីពីននៅប្រទេសហ្វីលីពីននៅឆ្នាំ ១៩៨៦។ វាជាចរន្តបដិវត្តន៍ពណ៌ទី ១ ក្នុងអាស៊ីអំឡុងពេលដំណាក់កាលចុងក្រោយនៃការរលត់ទៅនៃសង្គ្រាមត្រជាក់ និងការដួលរលំសហភាពសូវៀត។ ដោយប្រជាជនហ្វីលីពីនបាននាំគ្នាធ្វើបាតុកម្មឥតស្រាកស្រាន្តប្រឆាំងនឹងការកាន់អំណាចយូរឆ្នាំរបស់ហ្វេឌីណង់ម៉ាកូសអស់រយៈពេលជាង ២០ ឆ្នាំ។ បន្ទាប់មកគឺនៅភូមាគឺបដិវត្តន៍ពណ៌ដោយក្រុមនិស្សិតជំនាន់ឆ្នាំ ៨៨ ប្រឆាំងរដ្ឋាភិបាលយោធាដោយត្រូវបានគេដាក់ឈ្មោះថាការបះបោរ ៨៨៨៨ (8888 Uprising) ដោយសារតែវាកើតឡើងនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៨៨ ជាការងើបឡើងនៃកម្លាំងប្រជាជនគាំទ្រប្រជាធិបតេយ្យនៅប្រទេសភូមា។ មួយទៀតគឺបាតុកម្មគាំទ្រប្រជាធិបតេយ្យនៅទីធ្លាច្រកទ្វារទៅកាន់សន្តិភាពឋានសួគ៌ (Tiananmen Square) នៅទីក្រុងប៉េកាំងប្រទេសចិនបញ្ចប់ទៅនៅថ្ងៃទី ៤ ខែមិថុនាឆ្នាំ ១៩៨៩ ជាចរន្តបដិវត្តន៍ប្រឆាំងនឹងលទ្ធិកុម្មុយនីស្ត។ ចរន្តទី ១ កើតនៅអាស៊ីអាគ្នេយ៍។
ចរន្តទី ២. គឺចាប់ផ្តើមក្នុងទសវត្សរ៍ឆ្នាំ ២០០០ ដូចជាបដិវត្តន៍ ប៊ុលដូស័រ (Bulldozer Revolution) ក្នុងអតីតយូហ្គោស្លាវីឆ្នាំ ២០០០, បដិវត្តន៍ផ្កាកុលាបនៅចចជៀ (Rose Revolution) ឆ្នាំ ២០០៣,បដិវត្តន៍ពណ៌ទឹកក្រូច (Orange Revolution) នៅអ៊ុយក្រែនឆ្នាំ ២០០៤, បដិវត្តន៍ឯករាជ្យ (Cedar Revolution) នៅឡេបាណន់ក្នុងឆ្នាំ ២០០៥, បដិវត្តន៍ពណ៌ខៀវ (Blue Revolution) នៅកូវ៉ែតឆ្នាំ ២០០៥។ ចរន្តទី ២ នេះគឺជាបាតុកម្មមហាជនប្រឆាំងនឹងលទ្ធផលបោះឆ្នោតបន្ទាប់ពីជម្លោះនៃការបោះឆ្នោតដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញឬទម្លាក់មេដឹកនាំចេញពីអំណាចជាដើម។ ចរន្តទី ២ កើតឡើងក្នុងតំបន់អឺរ៉ុប។
ចរន្តទី ៣ គឺបដិវត្តន៍ពណ៌ដែលគេឲ្យឈ្មោះថាអារ៉ាប់ស្ព្រីង (Arab Spring) ដែលជាចរន្តបដិវត្តន៍ដើម្បីសេរីភាពរបៀបជាបាតុកម្មកុបកម្មហើយនឹងសង្គ្រាមស៊ីវិលនៅក្នុងពិភពអារ៉ាប់ដោយចាប់ផ្តើមថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ នៅទុយនីស៊ី (Tunesia Revoltion) រីករាលដាលទៅក្នុងសម្ព័ន្ធអារ៉ាប់ក្នុងតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើងដែលភាគច្រើនកើតឡើងដោយក្រុមសិស្ស និស្សិតយុវជនប្រើប្រាស់បណ្តាញព័ត៌មានសង្គម (Social Media) ធ្វើជាឧបករណ៍ប្រមូលផ្តុំគ្នាដើម្បីធ្វើបដិវត្តន៍។ ចរន្តទី ៣ កើតឡើងនៅមជ្ឈិមបូព៌ា។
ចរន្តបដិវត្តន៍ពណ៌ទី ៣ នេះបានកើតឡើងក្នុងរដ្ឋមួយចំនួនដូចជាទុយនីស៊ី អេហ្ស៊ីប លីប៊ី យេម៉ែន បារ៉ែន ស៊ីរី អាល់ហ្សេរី អ៊ីរ៉ាក់ ហ្ស៊កដង់ កូវ៉ែត ម៉ារ៉ុក ស៊ូដង់ ម៉ូរីស អូម៉ង់ អារ៉ាប៊ីសាអ៊ូឌីត ជីប៊ូទី សាហារ៉ាខាងលិច ប៉ាឡេស្ទីន និងម៉ាលីជាដើម។ ចរន្តទី ៣ នេះក៏ជះឥទ្ធិពលមកដល់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរដូចជាចលនានិស្សិតផ្កាព្រះអាទិត្យ (Sunflower Student Movement) ពីថ្ងៃទី ១៨ ខែកុម្ភៈដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៤ ដោយក្រុមនិស្សិតចូលទៅគ្រប់គ្រងសភាតៃវ៉ាន់ និងចលនាឆត្រឬបដិវត្តន៍ឆត្រ (Umbrella Movement/ Revolution) នៅហុងកុងនៅខែកញ្ញាឆ្នាំ ២០១៤ ប្រើប្រាស់គោលការណ៍មិនសហការរបស់មហាជនស៊ីវិលជាមួយរដ្ឋាភិបាលហុងកុង។
ជាការសង្កេតទូទៅភាគច្រើនបដិវត្តន៍ពណ៌នៅក្នុងសម្ព័ន្ធអារ៉ាប់នៃតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងលិចបានជោគជ័យដោយអាចទាមទារឲ្យមានការបោះឆ្នោតឡើងវិញការផ្លាស់ប្តូរមេដឹកនាំឬការទម្លាក់មេដឹកនាំចេញពីអំណាចតែម្តងក៏ប៉ុន្តែបន្ទាប់ពីការជោគជ័យមួយភ្លែតនេះទៅប្រទេសភាគច្រើនដែលឆ្លងកាត់បដិវត្តន៍ពណ៌នេះបែរជាធ្លាក់ចូលទៅក្នុងអន្ទាក់នៃចលាចលសង្គមសង្គ្រាមស៊ីវិលនិងការងើបឡើងនៃក្រុមភេរវកម្មជាដើមដោយសារទី ១.មេដឹកនាំចាស់មិនព្រមចាញ់ហើយប្រើក្រុមឧត្តមសេនីយ៍ឲ្យតស៊ូប្រដាប់អាវុធខ្លះទៀតគឺបដិសេធមិនចូលរួមការបោះឆ្នោតនាំឲ្យអំណាចរដ្ឋាភិបាលធ្លាក់ចុះក៏ផ្ទុះក្រុមភេរវកម្មឡើង។
ឧទាហរណ៍ថាថ្វីដ្បិតតែសាដាមហ៊ូសេននៃអ៊ីរ៉ាក់ជាមេដឹកនាំផ្តាច់ការតែអាចគ្រប់គ្រងស្ថានការណ៍រដ្ឋទាំងមូលបានប៉ុន្តែនៅពេលសាដាមស្លាប់បាត់បែរជាក្បាលម៉ាស៊ីនរដ្ឋខ្វះអ្នកដឹកនាំដែលអាចក្តោបក្តាប់ទឹកដីបាន។ គ្រប់អ្នកស្រឡាញ់សេរីភាពត្រូវថ្លឹងរវាងឃ្លាពីរគឺយកប្រទេសមួយដែលគ្មានមេដឹកនាំផ្តាច់ការម្នាក់? ឬយកប្រទេសមួយដែលគ្មានប្រជាពលរដ្ឋម្នាក់រស់នៅ? ដូរច្បាស់ជាដូរតែសន្សឹមៗកុំបំបោលក្រែងមិនដល់ដូចប្រាថ្នា។
ចំណែកបដិវត្តន៍នៅអាស៊ី-ប៉ាស៊ីហ្វិកវិញជាទូទៅមិនបានជោគជ័យទេ។ នៅកម្ពុជាវិញរដ្ឋាភិបាលក៏ភ័យព្រួយនឹងបដិវត្តន៍ពណ៌ដែរ។ រដ្ឋចាត់ទុកថាបាតុកម្មរបស់មហាជនក្រោយការបោះឆ្នោតឆ្នាំ ២០១៣ ហើយនិងរឿងថ្មីៗនេះទាក់ទងនឹងការចុះទៅមើលព្រំដែនថាជាចេតនាអាក្រក់ដើម្បីចង់បំផុសឲ្យមានបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលភ្នំពេញ។ ថ្វីដ្បិតតែគ្រប់បដិវត្តន៍ពណ៌សុទ្ធតែកើតឡើងពីបាតុកម្មមហាជនប៉ុន្តែមិនមែនបានន័យថាគ្រប់បាតុកម្មមហាជនគឺសុទ្ធតែនាំទៅដល់បដិវត្តន៍ពណ៌នោះទេ។ ម្យ៉ាងទៀតបើទោះជាបដិវត្តន៍ពណ៌កើតមាននៅកម្ពុជាក៏មិនជោគជ័យដែរ។ ដោយសារហេតុផលចំនួនប្រាំ៖
ទី ១. បដិវត្តន៍ពណ៌នៅតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងលិចបានជោគជ័យគឺព្រោះតែក្នុងតំបន់នោះមិនមានប្រទេសណាមួយជាមហាអំណាចដែលមានទាំងអំណាចយោធានិងសេដ្ឋកិច្ចគ្របដណ្តប់ទៅលើប្រទេសដទៃឡើយដូចនេះទើបធ្វើឲ្យប្រទេសលោកខាងលិចមានអាមេរិកាំងជាដើមអាចលូកដៃចូលជួយក្រុមប្រឆាំងនឹងរដ្ឋាភិបាលឲ្យទទួលបានជោគជ័យដោយការជួយនេះរាប់ចាប់តាំងពីការហ៊ុមព័ទ្ធសេដ្ឋកិច្ចគំនាបការទូតនិងការជួយអាវុធច្បាំងជាដើមជាក់ស្តែងនៅប្រទេសស៊ីរី។ ប៉ុន្តែនៅអាស៊ីគឺមានចិន មានជប៉ុនមានឥណ្ឌានឹងមានប្រយោជន៍របស់រុស្ស៊ីដ៏ច្រើនក្នុងតំបន់ជាពិសេសចិនតែម្តង។
ហេតុនេះបើគ្មានការជួយជ្រោមជ្រែងពីមហាអំណាចខាងលិចបដិវត្តន៍ពណ៌ណាក៏ដោយមិនងាយនឹងទទួលបានជោគជ័យឡើយព្រោះគ្មានការគាំទ្រផ្នែកការទូត សេដ្ឋកិច្ច និងអាវុធ។ ប្រទេសលោកខាងលិចណាមួយចង់លូកដៃចូលកិច្ចការផ្ទៃក្នុងបណ្តារដ្ឋក្នុងអាស៊ី-ប៉ាស៊ីហ្វិកត្រូវមើលទឹកមុខចិនសិន។
ទី ២. នៅអាស៊ីប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍ប្រទេសជាច្រើនរួមទាំងកម្ពុជាផងទើបតែឆ្លងកាត់សង្គ្រាមមនោគមន៍វិជ្ជាសង្គ្រាមត្រជាក់ សង្គ្រាមស៊ីវិលដូចនេះជាការស្រាវជ្រាវគឺបណ្តាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាមថ្មីៗក្នុងរង្វង់ពី ១០ ទៅ ២០ ឆ្នាំគឺបណ្តាប្រទេសទាំងនោះមិនងាយកើតមានសង្គ្រាមទេព្រោះប្រជាពលរដ្ឋក្នុងប្រទេសនោះស្អប់សង្គ្រាម។
ថ្វីដ្បិតតែកម្ពុជាមានមនុស្សវ័យក្មេងអាយុក្រោម ៣០ ឆ្នាំរហូតដល់ ៧០ភាគរយនៃប្រជាពលរដ្ឋសរុបក៏ពិតមែនតែយុវជនមានគំនិតបែកបាក់មានក្រុមផ្សេងៗគ្នាមាននិន្នាការនយោបាយផ្សេងៗគ្នាមិនមែនការរួបរួមគ្នាឯកភាពគ្នាក្នុងចំណោមក្រុមយុវជនឡើយ។
ចំណែកការសិក្សាគឺបើកទូលាយមិនមានមនោគមន៍វិជ្ជាជ្រុលនិយមដូច្នេះមិនអាចទៅប្រមូលផ្តុំគ្នាជាកម្លាំងធំដើម្បីធ្វើបដិវត្តន៍ពណ៌បានឡើយបើទោះជាមានការជួយពីគណបក្សណាក៏ដោយ។
ទី ៣. ប្រទេសក្នុងអាស៊ីអាគ្នេយ៍ភាគច្រើនកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍លឿនកំណើតសេដ្ឋកិច្ចខ្លាំងឧទាហរណ៍ដូចជាកម្ពុជាកំណើត ៧-៨ ភាគរយក្នុងមួយឆ្នាំៗគឺពលរដ្ឋភាគច្រើនកំពុងគិតពីការប្រឹងរកមានរកបានមិនសូវខ្វាយខ្វល់ពីរឿងនយោបាយទេ។ ស៊ីឆ្អែតលែងឃ្លាន។ ដេកលក់លែងខ្លាច។ ថ្វីដ្បិតមានអំពើពុករលួយអយុត្តិធម៌សង្គមនៅមានច្រើនតែផលវិជ្ជមាននៃការរីកចម្រើនផ្នែកសេដ្ឋកិច្ចនៅតែសំខាន់ជាងនយោបាយ។
ចំណែកនៅមជ្ឈិមបូព៌ានិងអាហ្វ្រិកខាងលិចគឺនៅក្រីក្រជាងអាស៊ីប៉ាស៊ីហ្វិកដោយសារតែសង្គ្រាមស៊ីវិលសង្គ្រាមសាសនានិងការឈ្លានពានពីលោកខាងលិចធ្វើឲ្យតំបន់ទាំងមូលបាត់ស្ថិរភាពនយោបាយទាំងស្រុងវិនិយោគទុនខ្លាចមិនហ៊ានចូលទៅដាក់ទុនរកស៊ីសូម្បីតែក្រុមហ៊ុនប្រេង។ ពេលដែលភាពក្រីក្រចូលតាមមាត់ទ្វារសីលធម៌មនុស្សក៏លោតចេញតាមបង្អួច។ អសន្តិសុខនាំឲ្យប្រទេសក្រ។ ប្រទេសក្រនាំឲ្យពលរដ្ឋឃ្លានហើយល្ងង់។ ល្ងង់និងឃ្លានងាយធ្វើឲ្យមនុស្សកើតគំនិតដាច់ខាតយកជីវិតធ្វើដើមទុនប្រឆាំងដាច់ខាតការជួញសង្គ្រាម។
ទី ៤. នៅមជ្ឈិមបូព៌ានិងអាហ្វ្រិកខាងលិចភាគច្រើនបំផុតគឺគោរពសាសនាអ៊ិស្លាមបែបនិកាយជ្រុលនិយម (Radicalism/ Fundamentalism) កើតជាការឈ្លោះគ្នារវាងសាសនានិងសាសនាឧទាហរណ៍រវាងអ៊ិស្លាម និងគ្រិស្តសាសនា។ ដោយក្រុមជនមូស្លីមស្អប់ការឈ្លានពានស្អប់មនុស្សលោកខាងលិចស្អប់សាសនាគ្រិស្តតែម្តង។ ក្រៅពីនេះគេច្បាំងគ្នារវាងនិកាយសាសនាមួយនិងនិកាយសាសនាមួយទៀតឧទាហរណ៍ថានិកាយសូនី និងនិកាយស៊ីអ៊ីតជាដើម។ ប៉ុន្តែក្នុងអាស៊ីប៉ាស៊ីហ្វិកនិយាយជារួមនិងអាស៊ីអាគ្នេយ៍និយាយដោយឡែកគឺមានសាសនាចម្រុះទាំងគ្រិស្តទាំងអ៊ិស្លាម ទាំងព្រះពុទ្ធ និងសាសនាដទៃទៀតរស់នៅសុខសាន្តជាមួយគ្នាជាទូទៅលើកលែងករណីជម្លោះសាសនានៅភូមារវាងព្រះពុទ្ធនិងអ៊ិស្លាម។ លើសពីនេះហាក់ដូចមិនឃើញមានសាសនាណាមួយឬនិកាយក្នុងសាសនាណាមួយសូម្បីតែក្នុងអ៊ិស្លាមសាសនាដោយបង្រៀននូវមនោគមន៍វិជ្ជាសាសនាបែបជ្រុលនិយមនោះឡើយ។ ដូចនេះមនុស្សនៅអាស៊ីអាគ្នេយ៍មិនមានអត្តចរិតដាច់ខាតទេ។
ទី ៥. អាស៊ីអាគ្នេយ៍គ្របដណ្តប់ដោយតម្លៃអាស៊ី (Asian Way/ Asian Value) បើនៅចិនគឺគំនិតខុងជឺនិយមបានចាក់ឫសយ៉ាងជ្រៅចូលក្នុងផ្នត់គំនិតនិងអត្តចរិតមនុស្សនៅអាស៊ីអាគ្នេយ៍។ គំនិតខុងជឺគឺជាប្រព័ន្ធគំនិតដែលមនុស្សឲ្យតម្លៃលើគ្រួសារលើឪពុកម្តាយលើរៀមច្បងលើរដ្ឋធំជាងបុគ្គលនីមួយៗនៅក្នុងសង្គម។ ហេតុនេះហើយការទទួលបានត្រឹមតែសិទ្ធិបោះឆ្នោតគឺហាក់ដូចជាមានតម្លៃធំធេងពេកទៅហើយសម្រាប់គំនិតស្តីពីប្រជាធិបតេយ្យរបស់ជនជាតិតំបន់អាស៊ីអាគ្នេយ៍នេះ៕