Alynana Media Cambodia
Icon Collap
clinic narit

ការបើក​ព្រំដែន​កម្ពុជា​-​ថៃ​ឡើងវិញ ​នឹង​ជួយ​កម្ពុជា​ទទួលបាន​ផល​វិជ្ជមាន​ជាច្រើន

Admin Alynana | May 03, 2022
ការបើក​ព្រំដែន​កម្ពុជា​-​ថៃ​ឡើងវិញ ​នឹង​ជួយ​កម្ពុជា​ទទួលបាន​ផល​វិជ្ជមាន​ជាច្រើន
Clinic narith

ភ្នំពេញៈ កម្ពុជា​រំពឹងថា លំហូរ​ភ្ញៀវបរទេស ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​កម្ពុជា​-​ថៃ​នឹង​កើនឡើង​ថែមទៀត​ បន្ទាប់ពី​ប្រទេស​ថៃ​បាន​បើក​ដំណើរការ​ច្រកព្រំដែន​ឡើងវិញ​កាលពី​ថ្ងៃ​ទី ​១ ខែឧសភា ឆ្នាំ​ ២០២២​។

ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក លោក អ៊ូក សោភ័ណ្ឌ បាន​សាទរ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ថៃ​ក្នុង​ការបើក​ច្រកព្រំដែន​ជាប់​កម្ពុជា​ជា​បណ្តើរៗ​ឡើងវិញ ដែល​វា​ជា​សញ្ញា​វិជ្ជមាន​មួយ​ក្នុងការ​លើកស្ទួយ​លំហូរ​ទេសចរ​រវាង​ប្រទេស​ទាំង​ ២ ក៏ដូចជា​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ផងដែរ​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​នៃ​ប្រទេស​ទាំង​ ២​ បាននិងកំពុង​សហការ​គ្នា​ ដើម្បី​នាំ​អ្នក​វិនិយោគិន​ពី​ថៃ​ទៅ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​កម្ពុជា និង​ការរៀបចំ​កិច្ចប្រជុំ​ធុរកិច្ច​ជាមួយ​គ្នា​ឡើងវិញ​។ ខ្ញុំ​យល់ឃើញថា​ការបើក​ច្រកទ្វារ​ព្រំដែន​ឡើងវិញ​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នៃ​ការទំនាក់ទំនង ការតភ្ជាប់ និង​ការវិនិយោគ ការធ្វើ​ពាណិជ្ជកម្ម និង​ទេសចរណ៍​ស្រប​ទៅនឹង​ការដែល​យើង​ជំរុញ​ការទូត​សេដ្ឋកិច្ច និង​ស្រប​ទៅនឹង​ការដាក់ចេញ​ច្បាប់​វិនិយោគ​ថ្មី​។ ការណ៍​នេះ​គឺជា​ការឆ្លើយតប​ទាន់ពេលវេលា​ក្នុង​ការជំរុញ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ ២»​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការបើក​ច្រកព្រំដែន​កម្ពុជា​-​ថៃ​នៅពេលនេះ​វា​ជាស​ញ្ញា​ល្អ​ដែល​នឹង​ជួយ​ជំរុញ​ឱ្យ​ភ្ញៀវទេសចរ​អាចធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ប្រទេស​ថៃ​មក​កម្ពុជា​កាន់តែច្រើន​។ លោកស្រី​បន្តថា បើ​ទោះ​កម្ពុជា​បាន​បើក​ដំណើរការ​ឱ្យមាន​ការធ្វើ​ដំណើរ​មុន​ប្រទេស​ថៃ ប៉ុន្តែ​លំហូរ​ភ្ញៀវ​ទេសចរ​ក៏​នៅមាន​កម្រិត​នៅឡើយ ព្រោះ​កម្ពុជា​មិនមាន​ជើង​ហើរហោះ​ត្រង់​មកពី​តំបន់​ឆ្ងាយៗ​នោះទេ ដោយ​កម្ពុជា​ត្រូវ​ពឹងពាក់​លើ​ប្រទេស​ជិតខាង​ដូចជា​ប្រទេស​ថៃ​ជាដើម​។ ដូច្នេះ​ការបើក​ច្រកព្រំដែន និង​ការបើក​ឱ្យមាន​ការធ្វើដំណើរ​ចេញចូល​របស់​ប្រទេស​ថៃ គឺជា​ចំណុច​ដ៏​ល្អ​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​។

លោកស្រី​ថ្លែងថា​៖ «​យើង​មិនមាន​ការហោះហើរ​ត្រង់​សម្បូរបែប​ឡើយ ដោយ​ត្រូវ​ឆ្លងកាត់​ប្រទេស​ជិតខាង ដូច្នេះ​យើង​ពឹង​លើ​ការបង្ក​លក្ខណៈ​ងាយស្រួល​ប្រទេសជិតខាង​ដែរ អ៊ីចឹង​បើ​គាត់​បើក​ឱ្យ​ដំណើរការ គឺ​ល្អ​ហើយ ដែល​វា​ជា​ផ្នែក​មួយ​ជំរុញ​ទេសចរ​ទាំង​ទៅ​ទាំង​មក​កាន់តែច្រើន​»​។

បើតាម លោកស្រី ស៊ីវលីន មួយ​វិញទៀត​វា​ក៏​ជាការ​ផ្តល់នូវ​ទំនុកចិត្ត និង​ការទាក់ទាញ​ទេសចរ​មកពី​តំបន់​អឺរ៉ុប ឥណ្ឌា និង​ប្រទេស​ផ្សេងៗ​ឱ្យ​ធ្វើ​ដំណើរ​មក​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ដែលមាន​ការបើក​ព្រំដែន​ជាប់​គ្នា​ដូចជា កម្ពុជា​-​ថៃ និង​ប្រទេស​មួយចំនួន​ទៀត​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក លោក ធួន ស៊ីណាន បាន​ស្វាគមន៍​ចំពោះ​ការបើក​ច្រកព្រំដែន​កម្ពុជា​-​ថៃ​នៅពេលនេះ​ដែល​នឹង​ជួយ​ជំរុញ​ឱ្យមាន​ភ្ញៀវទេសចរ​កើនឡើង​មួយកម្រិត ព្រោះ​កាលពី​ខែមីនា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បើកចំហ និង​ដក​របាំង គឺ​ឃើញថា​មាន​អ្នកធ្វើដំណើរ​ចេញចូល​មានការ​កើនឡើង​វិញ​គួរឱ្យ​កត់សម្គាល់​។
10-khmer-thai

លោក​បញ្ជាក់ថា​៖«​ការបើក​ព្រំដែន​របស់​ប្រទេស​ជាប់​ព្រំដែន​យើង​នឹង​ធ្វើឱ្យ​ចំនួន​ភ្ញៀវ​អន្តរជាតិ​ឆ្លង​ចូល​តាម​ព្រំដែន​កាន់តែច្រើន និង​មាន​ចរាចរណ៍​ចេញចូល​មមាញឹក ដែល​នឹង​ផ្តល់​ភាព​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ចជាតិ​។ នេះ​ជា​ក្តីសង្ឃឹម​ថ្មី​នៃ​វិស័យ​ទេសចរណ៍​»​។

លោក ស៊ីណាន សង្ឃឹមថា ចរាចរណ៍​ភ្ញៀវទេសចរ​នឹងមាន​ការកើនឡើង​នៅ​តំបន់​ភូមិសាស្ត្រ​ខេត្តសៀមរាប និង​តំបន់​ខេត្ត​ជាប់​សមុទ្រ​។

បើតាម​លោក ស៊ីណាន ក្នុង​កាលៈទេសៈ​នេះ​មានតែ​ប្រទេស​ក្នុង​តំបន់ ជាពិសេស​ប្រទេស​ដែលមាន​ព្រំដែន​ជាប់​គ្នា​បើក​ច្រក​ឱ្យមាន​ការចេញចូល ទើប​ជំរុញ​ឱ្យ​ចរាចរណ៍​ភ្ញៀវទេសចរ​ក្នុង​អាស៊ាន​រស់​ឡើងវិញ​។

ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​បាងកក​បាន​ឱ្យដឹងថា ច្រកព្រំដែន​កម្ពុជា​-​ថៃ​ចាប់ផ្ដើម​បើក​ដំណើរការ​ឡើងវិញ​ចាប់ពី​ថ្ងៃទី​ ១ ខែឧសភា ឆ្នាំ​ ២០២២ ប៉ុន្តែ​វិធានការ​សុខាភិបាល​ត្រូវបាន​អនុវត្ត​យ៉ាង​តឹងរ៉ឹង​។

ស្ថានទូត​កម្ពុជា​បន្តថា ចំពោះ​អ្នកដំណើរ​ចូល​ប្រទេស​ថៃ​ត្រូវ​បែងចែក​ជា ៣ ប្រភេទ គឺ​ (១)​ អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ (២) ​អ្នកដំណើរ​មិន​ចាក់​វ៉ាក់សាំង ឬ​ចាក់​វ៉ាក់សាំង​មិន​ពេញលេញ និង (៣) ​អ្នកដំណើរ​ដែលជា​ប្រជាជន​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ដែល​កាន់​បណ្ណ​ព្រំដែន​។

បើតាម​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក អ្នកធ្វើ​ដំណើរ​ចូលទៅ​ប្រទេស​ថៃ​ត្រូវ​បង្ហាញ Thailand Pass, បណ្ណ​ចាក់​វ៉ាក់សាំង​, បណ្ណ​ធានារ៉ាប់រង​ក្នុង​រង្វង់​ទឹកប្រាក់ ១០ ០០០ ​ដុល្លារ​, លទ្ធផល​ការធ្វើ​តេស្ត​ដោយ RT-PCR, និង​ការធ្វើ​ចត្តាឡីស័ក​ត្រូវបាន​អនុវត្ត​តាម​ប្រភេទ​អ្នកដំណើរ​។

ទិន្នន័យ​ក្រសួង​ទេសចរណ៍​កាលពី​ចុង​សប្តាហ៍​មុន​បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​ ២០២២ ភ្ញៀវទេសចរ​បរទេស​ចូលមក​កម្ពុជា​មាន​ចំនួន ១៥៩ ៥៤៦ ​នាក់ កើន​ពី​ចំនួន ៧០ ៩០១ ​នាក់​នា​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ឬ​ស្មើនឹង ១២៥ ​ភាគរយ​។

ភ្ញៀវទេសចរ​វៀតណាម​ចូលមក​កម្ពុជា​ច្រើនជាង​គេ​ក្នុង​ត្រីមាស​ទី ​១ នេះ ដោយមាន​ចំនួន ៤៦ ៣០៣ ​នាក់ កើនឡើង ១ ១៩៩,៩ ​ភាគរយ​, ថៃ ៣៩ ៦១៥ ​នាក់ កើន ១២,២​ ភាគរយ​, ចិន ៩ ៧៥៣ ​នាក់ ធ្លាក់ចុះ ៥៩,១ ​ភាគរយ​, អាមេរិក ៨ ៨២០ ​នាក់ កើន ៨៧៦,៧​ ភាគរយ ព្រមទាំង​ប្រទេស​មួយចំនួន​ទៀត​ដូចជា បារាំង​, កូរ៉េខាងត្បូង​, ម៉ាឡេស៊ី​, និង​ចក្រភព​អង់គ្លេស ជាដើម​៕