Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ស្ត្រី​អ្នកជំនួញ​ផ្នែក​អចលនទ្រព្យ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ​ពាក់ព័ន្ធ​ទឹកប្រាក់​ជាង​ ៧៧ ​ម៉ឺនដុល្លារ

Admin Alynana | May 06, 2022
ស្ត្រី​អ្នកជំនួញ​ផ្នែក​អចលនទ្រព្យ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ​ពាក់ព័ន្ធ​ទឹកប្រាក់​ជាង​ ៧៧ ​ម៉ឺនដុល្លារ
Clinic narith

ភ្នំពេញៈ ស្ត្រី​អ្នកជំនួញ​ម្នាក់​ឈ្មោះ​ ពេជ្រ ស្រីមុំ ដែលជា​អគ្គនាយក​ក្រុមហ៊ុន Pich Sunshine Realty ផ្នែក​លក់​អចលនទ្រព្យ​ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​តាម​ដីកា​ពាក់ព័ន្ធ​នឹង​ទឹកប្រាក់​ជាង​ ៧៧ ​ម៉ឺន​ដុល្លារ​អាមេរិក​។

លោក​វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឱ្យដឹង​នៅ​ថ្ងៃទី​ ៥ ឧសភា ថា ស្ត្រី​ឈ្មោះ​ ពេជ្រ ស្រីមុំ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​-​ភ្នំពេញ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ៤ ឧសភា និង​បាន​បញ្ជូន​បន្តទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត ព្រោះ​ជាការ​ឃាត់ខ្លួន​តាម​ដីកា​របស់​តុលាការ​។

លោក​បាន​ថ្លែង​យ៉ាងខ្លី​ថា​៖ «​ករណីនេះ ដោយសារតែ​យើង​អនុវត្តតាម​ដីកា អ៊ីចឹង​នៅពេលដែល​យើង​ឃាត់ខ្លួន​បាន​ភ្លាម គឺ​យើង​បញ្ជូនទៅ​តុលាការ​ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​»​។

ពាក់ព័ន្ធ​ការឃាត់ខ្លួន​នេះដែរ លោក​ សាន សុខសីហា មិនបាន​បញ្ជាក់​លម្អិត​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ទេ ប៉ុន្តែ​បើតាម​មន្ត្រីនគរបាល​ ១ រូប​ស្នើ​មិនឱ្យ​បញ្ចេញ​ឈ្មោះ​ហើយ​ដែល​បាន​ចុះ​ប្រតិបត្តិការ​ក្នុង​បទល្មើស ប្រាប់​នៅ​ថ្ងៃទី​ ៥ ឧសភា ថា ការឃាត់ខ្លួន​ស្ត្រី​ឈ្មោះ​ ពេជ្រ ស្រីមុំ គឺ​សមត្ថកិច្ច​អនុវត្តតាម​ដីកា​របស់​តុលាការ​។ ស្ត្រី​សង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅក្បែរ​សណ្ឋាគារ Rise Commercial Building ស្ថិតក្នុង​ភូមិសាស្ត្រ​សង្កាត់​បឹងកេងកង​១ ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​ព្រះរាជអាជ្ញា​ច្រឹង ខ្មៅ​។

មន្ត្រី​រូបនោះ​បន្តថា បើតាម​ដីកា គឺ​ការចាប់ខ្លួន​នេះ​ធ្វើ​ទៅតាម​ពាក្យបណ្តឹង​របស់​ពាណិជ្ជករ ​១ ​រូប ដែល​អះអាងថា ស្ត្រី​សង្ស័យ​បាន​ជំពាក់​ប្រាក់​ដើមបណ្តឹង​ចំនួន​ ៧៧៦ ០០០ ​ដុល្លារ​អាមេរិក​។

 

ពាក់ព័ន្ធ​ការឃុំខ្លួន​យ៉ាងណា​នោះ នៅ​ថ្ងៃទី​ ៥ ខែឧសភា ភ្នំពេញ​ប៉ុស្តិ៍​បាន​ទាក់ទង​តាម​តេឡេក្រាម​ទៅ​លោក​ អ៊ី រិន្ទ អ្នកនាំពាក្យ​តុលាការ​រាជធានី​-​ភ្នំពេញ​ដើម្បី​សុំ​ការបញ្ជាក់​បន្ថែម ប៉ុន្តែ​មិនត្រូវ​បាន​លោក​ឆ្លើយតប​ទេ​។

ទោះយ៉ាងណា លោក​មេធាវី​ យុង ផានិត បាន​ពន្យល់​តាម​ផ្លូវច្បាប់​ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​តាម​ដីកា​ថា ការចាប់ខ្លួន​តាម​បញ្ជា​របស់​ព្រះរាជអាជ្ញា ដែល​នៅពេល​នគរបាល​យុត្តិធម៌​នាំខ្លួន​បុគ្គល​នោះ​ទៅ​ប្រគល់ឱ្យ​ព្រះរាជអាជ្ញា គឺ​ព្រះរាជអាជ្ញា​ធ្វើការ​ស៊ើបសួរ ហើយ​បើ​បុគ្គល​នោះ​មិន​ពាក់ព័ន្ធ​បទល្មើស​ទេ គឺ​ព្រះរាជអាជ្ញា​អនុញ្ញាត​ឱ្យ​បុគ្គល​នោះ​ត្រឡប់​ទៅផ្ទះ​វិញ​។ តែបើ​ព្រះរាជអាជ្ញា​សាកសួរ​ហើយ បុគ្គល​នោះ​មិនមាន​ភ័ស្តុតាង​ដោះ​បន្ទុក​ទេនោះ នឹងត្រូវ​បញ្ជូនទៅ​ចៅក្រម​ស៊ើប ហើយ​ចៅក្រម​ចេញ​ដីកាឃុំខ្លួន​តែម្តង​៕
Edit for Web.jpg1212