Alynana Media Cambodia
Icon Collap
clinic narit

លោក​ ប្រាក់ សុខុន ធ្វើជា​សហប្រធាន​​កិច្ចប្រជុំ​ពី​ការផ្ដល់​ជំនួយ​ទៅ​មីយ៉ាន់ម៉ា

Admin Alynana | May 06, 2022
លោក​ ប្រាក់ សុខុន ធ្វើជា​សហប្រធាន​​កិច្ចប្រជុំ​ពី​ការផ្ដល់​ជំនួយ​ទៅ​មីយ៉ាន់ម៉ា
Clinic narith

ភ្នំពេញៈ ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​លោក លឹម ចុក​ហ៊ុយ​ (Lim Jock Hoi) អគ្គលេខាធិការ​អាស៊ាន​នឹង​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​​ស្តីពី​ជំនួយ​មនុស្សធម៌​របស់​អាស៊ាន​សម្រាប់​មីយ៉ាន់ម៉ា​នៅ​ថ្ងៃទី​ ៦ ខែឧសភា នេះ នៅ​រាជធានី​ភ្នំពេញ និង​តាម​ប្រព័ន្ធ​វីដេអូ ដើម្បី​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ក្នុងការ​ជំរុញ​ការចែកចាយ​ជំនួយ​មនុស្សធម៌​ជូន​ប្រជាជន​មីយ៉ាន់ម៉ា​។

លោក​ ប្រាក់ សុខុន គឺជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​សម្រាប់​មីយ៉ាន់ម៉ា ខណៈ​លោក លឹម ចុកហ៊ុយ គឺ​ស្ថិត​ក្នុងឋានៈ​ជា​អ្នកសម្របសម្រួល​ជំនួយ​មនុស្សធម៌​របស់​អាស៊ាន​ក្នុងការ​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​នេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​នៅ​ថ្ងៃទី​ ៥ ខែឧសភា ថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ​នឹង​ត្រូវបាន​អញ្ជើញ​ចូលរួម​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ​ដោយ​តំណាង​ជាន់ខ្ពស់​មកពី​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ ដៃគូ​ខាងក្រៅ​របស់​អាស៊ាន ទីភ្នាក់ងារ​ជំនាញ​អង្គការ​សហប្រជាជាតិ និង​បណ្តា​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ផងដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​​ថា «​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ​នឹង​ផ្តល់​ជា​វេទិកា​កម្រិត​ខ្ពស់​មួយ​សម្រាប់​អាស៊ាន​ធ្វើការ​ពិភាក្សា​ផ្តួចផ្តើម​ឱ្យមាន​កិច្ចសន្ទនា​មួយ​ដែលមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ដើម្បី​ផ្តល់នូវ​មគ្គុទេ្ទសក៍​អំពី​របៀប​ក្នុង​ការជំរុញ​ជំនួយ​មនុស្សធម៌​របស់​អាស៊ាន​ឱ្យទៅដល់​ប្រជាជន​មីយ៉ាន់ម៉ា​​ដែល​កំពុង​ត្រូវការ​បំផុត ដោយ​ឈរលើ​គោលការណ៍​មនុស្សធម៌ និង​គ្មាន​ការរើសអើង​»​។

កិច្ចប្រជុំ​នេះ​ក៏​នឹង​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ដែល​មានការ​ព្រមព្រៀង​គ្នា​ទៅវិញទៅមក​លើ​វិធីសាស្ត្រ​ក្នុង​ការពង្រឹង​បន្ថែម​នូវ​ការផ្តល់​ជំនួយ​មនុស្សធម៌​នៅ​មីយ៉ាន់ម៉ា ដើម្បី​ធានាបាន​ថា​នឹង​ពុំមាន​នរណាម្នាក់​ត្រូវបាន​ទុកចោល​នោះទេ​។

 

ជាមួយ​គ្នានេះ កិច្ចប្រជុំ​ក៏​នឹង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​នានា​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​របស់​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន​សម្រាប់​ជំនួយ​មនុស្សធម៌​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ (AHA-Centre) ​និង​វិធីសាស្ត្រ​នានា​ដែល​ជួយ​គាំទ្រ​ទៅដល់​ការផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ​១៩ ​ទៅដល់​សហគមន៍​នានា​នៅ​​មីយ៉ាន់ម៉ា​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួប​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​នឹង​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​បាន​ស្នើឱ្យ​រដ្ឋាភិបាល​ទីក្រុង​ណៃពិដោ​ធ្វើការ​សម្របសម្រួល​បន្ថែម​​ទៀត​ ដើម្បី​ឱ្យ​ប្រតិបត្តិការ​ផ្តល់ជំនួយ​មនុស្សធម៌​មាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា ជាពិសេស​ក្នុង​តំបន់​មាន​ជម្លោះ​។

លោក ហ៊ុន សែន បញ្ជាក់ថា ការផ្តល់​ជំនួយ​មនុស្សធម៌​នេះ​មិន​ត្រឹមតែ​ជួយ​សម្រាលទុក្ខ​លំបាក​របស់​ប្រជាជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ ដើម្បី​កាត់បន្ថយ​អំពើហិង្សា និង​ការកសាង​ទំនុកចិត្ត​ក្នុង​ការបង្កើត​កិច្ចសន្ទនា​សន្តិភាព​ប្រកបដោយ​បរិយាប័ន្ន​ផងដែរ​។

ក្នុងជំនួប​នេះ លោក មីន អ៊ុងឡាំង បាន​ប្រកាស​ត្រៀមខ្លួន​ជាស្រេច​របស់​ក្រុមប្រឹក្សារដ្ឋបាល​រដ្ឋ​ក្នុង​ការ​សម្រប​សម្រួលការ​ចែកចាយ​ជំនួយ​មនុស្សធម៌ ដែល​អាចអនុវត្ត​នៅ​ដំណាក់កាល​ដំបូង​ក្នុង​តំបន់​សាកល្បង​ចំនួន​ ២ ក៏ដូចជា តំបន់​ និង​រដ្ឋ​ចំនួន​ ៥​ ដទៃទៀត​ដែល​ត្រូវបាន​កំណត់​ជា​តំបន់​អាទិភាព​សម្រាប់​ប្រតិបត្តិការ​មនុស្សធម៌​។

ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ​ពិគ្រោះយោបល់​នៅ​ថ្ងៃទី​ ៦ ខែឧសភា ក្នុង​រាជធានី​ភ្នំពេញ ស្តីពី​ជំនួយ​មនុស្សធម៌​នៅ​ប្រទេស​មីយ៉ាន់ម៉ា​នេះ លោក មីន អ៊ុងឡាំង បានបញ្ជាក់​ប្រាប់​លោក ហ៊ុន សែន ថា ប្រធាន​ក្រុមការងារ​​មីយ៉ាន់ម៉ា សម្រាប់​ការ​សម្របសម្រួល​ជំនួយ​មនុស្សធម៌​នឹង​ដឹកនាំ​គណៈប្រតិភូ​មក​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​នេះ​។

លោក​ ហេង គីមគង់ អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ៥ ខែឧសភា ថា វា​គឺជា​រឿង​សំខាន់​ដែល​កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​សហការ​ជាមួយ​លេខាធិការដ្ឋាន​អាស៊ាន​ ដើម្បី​ដោះស្រាយ​វិបត្តិ​មីយ៉ាន់ម៉ា និង​ជួយ​ដល់​ប្រជាជន​មីយ៉ាន់ម៉ា​ដែល​កំពុង​ត្រូវការ​។

លោក​ថ្លែងថា​៖ «​ការដោះស្រាយ​វិបត្តិ​មីយ៉ាន់ម៉ា​ទាមទារ​ឱ្យមាន​កិច្ចសហការ​ និង​ភាពជា​ដៃគូ​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ ​កម្ពុជា​គួរតែ​យក​ឱកាស​នេះ​បង្ហាញ​ទៅកាន់​ប្រទេស​ក្នុង​តំបន់​ និង​ពិភពលោក​ថា ខ្លួន​អាចធ្វើ​កិច្ចការ​នេះ​បាន​ទោះបី​កម្ពុជា​ជា​ប្រទេស​តូច​ដែលមាន​ធនធាន​ និង​សមត្ថភាព​នៅមានកម្រិត​ក៏ដោយ​»៕