Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមហ៊ុន​អាមេរិក​ក្នុង​វិស័យ​សំខាន់ៗ​ ស្វែងយល់​ពី​សក្តានុពល​ក្នុង​ការបណ្ដាក់ទុន​វិនិយោគ​ថ្មី​នៅ​កម្ពុជា

Admin Alynana | May 06, 2022
ក្រុមហ៊ុន​អាមេរិក​ក្នុង​វិស័យ​សំខាន់ៗ​ ស្វែងយល់​ពី​សក្តានុពល​ក្នុង​ការបណ្ដាក់ទុន​វិនិយោគ​ថ្មី​នៅ​កម្ពុជា
Clinic narith

ភ្នំពេញៈ ​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក​មួយចំនួន​មកពី​វិស័យ​ថាមពល​ និង​ប្រេងកាត រថយន្ត ហិរញ្ញវត្ថុ បច្ចេកវិទ្យា និង​សុខាភិបាល​បានបង្ហាញ​នូវ​ការចាប់​អារម្មណ៍​ក្នុង​ការបណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​ក្នុង​វិស័យ​ទាំងនេះ​ ដើម្បី​ចាប់យក​ឱកាស​រីកចម្រើន ស្រប​ទីផ្សារ​កម្ពុ​ជាមាន​តម្រូវការ​ខ្ពស់​។

គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​អាស៊ាន (US-ABC) ​ដឹកនាំ​ដោយ​ឯកអគ្គរដ្ឋទូត Michael W. Michalak អនុប្រធាន​ជាន់ខ្ពស់ និង​ជា​នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-​សហរដ្ឋអាមេរិក (US-ABC) អមដំណើរ​ពី​លោក Jack Myint នាយក​គ្រប់គ្រង​ជាន់ខ្ពស់​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក-​អាស៊ាន ប្រចាំ​កម្ពុជា មីយ៉ាន់ម៉ា និង​ឡាវ លោក Benjamin V. Wohlauer អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា និង​គណៈប្រតិភូ​របស់​ក្រុមហ៊ុន Amazon ក្រុមហ៊ុន Chevron ក្រុមហ៊ុន Conoco Phillips ក្រុមហ៊ុន ExxonMobil ក្រុមហ៊ុន Ford ក្រុមហ៊ុន Meta ក្រុមហ៊ុន Visa ក្រុមហ៊ុន Pernod Ricard និង​ក្រុមហ៊ុន RMA Group បាន​ជួបប្រជុំ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយមាន​ការ​អម​ជាមួយ​រដ្ឋមន្ត្រី និង​មន្ត្រី​ក្នុង​វិស័យ​ពាក់ព័ន្ធ​ជាច្រើន​នៅ​វិមាន​សន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​ ៥ ខែឧសភា​។

លោក Michael Michalak បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្តេច​តេជោ ដែល​បាន​ជួយ​គាំទ្រ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក-​អាស៊ាន ហើយ​បាន​សម្តែង​នូវ​ការគាំទ្រ និង​អបអរសាទរ​ចំពោះ​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​។

លោក Michael Michalak ថ្លែងថា​៖ «​ភាពដឹកនាំ​របស់​សម្ដេច​តេជោ​បាន​ដើរតួនាទី​បាន​យ៉ាងល្អ​សម្រាប់​តំបន់ ជាពិសេស​សម្រាប់​បញ្ហា​នៅ​មីយ៉ាន់ម៉ា​»​។

លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចាត់​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩​ នៅ​កម្ពុជា​ដែល​ទទួលបាន​ជោគជ័យ​ឈានដល់​ការបើក​ឡើងវិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា និង​អនុញ្ញាត​ឱ្យមាន​ជំនួប​ដោយផ្ទាល់​នាពេលនេះ​។

 

ក្នុងជំនួប​នេះ លោក Michael Michalak បាន​ដឹកនាំ​ក្រុមហ៊ុន​ចំនួន​ ១៣ ហើយ​បាន​បែង​ចែកចេញជា ៣ ​ក្រុម និង​បាន​លើក​មក​ពិភាក្សា​លើ​បញ្ហា​ថាមពល ការបង្កើត​រោងចក្រ​ដំឡើង​រថយន្ត​នៅ​ខេត្តពោធិ៍សាត់ ការជំរុញ​សេដ្ឋកិច្ច​ឌីជីថល និង​វិស័យ​សុខាភិបាល​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អរគុណ​ដល់​សហរដ្ឋ​អាមេរិក​ដែល​បានផ្ដល់​វ៉ាក់សាំង​កូវីដ ​១៩ John son &John son និង Pfizer ដល់​កម្ពុជា​។

លោក​បាន​ថ្លែង​បញ្ជាក់ទៀត​ថា អំពី​ស្ថានភាព​ថាមពល​របស់​កម្ពុជា​ដែល​ក្នុងនោះ​កម្ពុជា​កំពុង​ប្រើប្រាស់​អគ្គិសនី ផលិត​ដោយ​វារីអគ្គិសនី​សរុប​ទាំងអស់​មាន ៦៤,៣៩ ​ភាគរយ ថាមពល​ព្រះអាទិត្យ​ ៤,១% និង​ជីវឧស្ម័ន​ចំនួន ០,២៨ ​ភាគរយ​។

លោក​បាន​ស្វាគមន៍ ចំពោះ​ការដំឡើង​រោងចក្រ​ដំឡើង​រថយន្ត​នៅ​ខេត្តពោធិ៍សាត់ ហើយ​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ទាំងអស់​បន្ត​វិនិយោគ និង​ស្វែងរក​សក្តានុពល​ផ្សេងៗ​ទៀត​ ដើម្បី​វិនិយោគ​នៅ​កម្ពុជា​ក្នុង​អនាគត​។

លោក លឹម ហេង បាន​ថ្លែងថា ជំនួប​នេះ​គឺជា​សញ្ញា​មួយ​ដ៏ល្អ​របស់​កម្ពុជា​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​ពី​អាមេរិក ស្រប​ពេលដែល​ជម្លោះ​ពាណិជ្ជកម្ម​អាមេរិក-​ចិន និង​ការចូល​ជាធរមាន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ដែលជា​កាលានុវត្តភាព​ដ៏ល្អ​សម្រាប់​ក្រុមហ៊ុន​អាមេរិក​ ដើម្បី​ពង្រីក​អាជីវកម្ម និង​វត្តមាន​កាន់តែច្រើន​មកកាន់​កម្ពុជា​។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​ពិតជា​ចង់ឃើញ​វត្តមាន​ក្រុមហ៊ុន​អាមេរិក​កាន់តែច្រើន​មក​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​កសិឧស្សាហកម្ម ព្រោះ​យើង​មាន​វត្ថុធាតុដើម​ជាច្រើន​ និង​ធនធាន​រ៉ែ​ជាច្រើន និង​វិស័យ​ថាមពល និង​អេឡិចត្រូនិក ស្របពេល​ដែល​យើង​ក៏​ទទួលបាន​ការអនុគ្រោះ​ពន្ធ​ទៅ​សហរដ្ឋអាមេរិក (GSP) ​ដែល​ក្រុមហ៊ុន​អាមេរិក​គួរ​ពិចារណា​ក្នុង​ការបណ្តាក់ទុន​»​។

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អាមេរិក​ក្នុង​រយៈពេល​ ២ ខែ​ដំបូង​ឆ្នាំ​ ២០២២ មាន​ទឹកប្រាក់​សរុប​ជាង​ ១,៧ ​ពាន់​លាន​ដុល្លារ កើន​ជិត​ ៥០​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១​។

សម្រាប់​ទឹកប្រាក់​ដែល​កម្ពុជា​នាំចេញ​ទៅ​អាមេរិក​ក្នុង​រយៈពេល​ខាងលើ គឺមាន​ចំនួន ១ ៧១៧ លាន​ដុល្លារ កើនឡើង ៥៣,៣៤ ​ភាគរយ​ពី​ចំនួន​ ១ ១២០ ​លាន​ដុល្លារ និង​ការនាំ​ទំនិញ​ពី​អាមេរិក​មក​កម្ពុជា​មាន​ទឹកប្រាក់ ៦៣,៣ ​លាន​ដុល្លារ ធ្លាក់ចុះ -៥,៨ ភាគរយ​ពី​ចំនួន ៦៧,២ ​លាន​ដុល្លារ​។

ក្នុង​ឆ្នាំ ​២០២១ ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ទឹកប្រាក់​សរុប​ ៩ ១៥៩​ លាន​ដុល្លារ​កើនឡើង ៣២,៦១ ​ភាគរយ​ធៀប​ឆ្នាំ​ ២០២០ ​ដែលមាន​ចំនួន​ ៦៩០៦,៣​ លាន​ដុល្លារ​។ តាម​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​៕